ភាព«មានបាន»អ្នកណាក៏ប្រាថ្នាចង់បានដែរ ប៉ុន្តែសួរថាតើវាមកជាមួយសុភមង្គលដែរទេ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភាព«មានបាន»អ្នកណាក៏ប្រាថ្នាចង់បានដែរ ប៉ុន្តែសួរថាតើវាមកជាមួយសុភមង្គលដែរទេ!

2 ខែ មុន

រាជធានីភ្នំពេញ ៖ មានមនុស្សជាច្រើនពេលមានបានហើយក៏បាត់បង់សេចក្តីសុខ បាត់មនុស្សដែលខ្លួនស្រឡាញ់ ឈ្លក់វង្វង់ទៅនឹងលុយអោយតម្លៃលុយធំជាងមនុស្ស ហ៊ឺហាររហូតភ្លេចពេលក្រ មើលងាយមនុស្សដែលមានគុណលើខ្លួន គ្រួសារចាប់ផ្តើមមានគម្លាត លែងមានសុភមង្គលដូចមុន ។ល។…

រាជធានីភ្នំពេញ ៖ មានមនុស្សជាច្រើនពេលមានបានហើយក៏បាត់បង់សេចក្តីសុខ បាត់មនុស្សដែលខ្លួនស្រឡាញ់ ឈ្លក់វង្វង់ទៅនឹងលុយអោយតម្លៃលុយធំជាងមនុស្ស ហ៊ឺហាររហូតភ្លេចពេលក្រ មើលងាយមនុស្សដែលមានគុណលើខ្លួន គ្រួសារចាប់ផ្តើមមានគម្លាត លែងមានសុភមង្គលដូចមុន ។ល។


លោកស្រី តាំង ហ្គេចលៀង អគ្គនាយិកា ក្រុមហ៊ុន H&L គ្រុប បានបន្តឱ្យដឹងថា «យើងត្រូវដឹងថា លុយជាកាំបិទមុខពីរ អាចអោយអ្នកបាននូវអ្វីដែលអ្នកប៉ងយូរណាស់មកហើយ ហេីយក៏អាចបំផ្លាញនូវអ្វីដែលអ្នកបានសាងយូរណាស់មកហើយផងដែរ» ។
លោកស្រី បានបន្តថា កុំស្រឡាញ់លុយ «ពេក» ស្រឡាញ់រហូតឈ្លក់វង្វេង តម្លើងរឹក ភ្លេចញាតិ ភ្លេចដើមកំណើតអោយសោះ កុំព្រោះតែលុយទំរើងខ្លួនឯង ក្លាយទៅជាព្រះនាង រឺក៏ ស្តេច ដែលអ្នកគ្រប់គ្នាត្រូវតែនៅក្រោមឱវាទអី ។

លោកស្រី តាំង ហ្គេចលៀង បានមានប្រសាសន៍បន្តថា «គួរដាស់តឿនខ្លួនឯង ដោយដាក់លុយ ដាក់ឋានៈយសស័ក្កិ នៅលេខ២ ដោយឡែកត្រូវដាក់ក្តីអាណិត ក្តីស្រឡាញ់ នៅលេខ១ នោះទើបយើង មានលុយហើយនៅតែអាចដាក់ខ្លួនដូចជាយើងពីមុនបាន ។ កុំមើលងាយគេ កុំច្រណែនគេ កុំបៀបដាមគេ ព្រោះតែអ្នកឥឡូវមានលុយជាងមុន កុំសំដីធំជាមួយអ្នកដែលធ្លាប់មានគុណជាមួយយើងពីមុនអោយសោះ ព្រោះ ត្រូវដឹងច្បាស់ថា ទិសដៅរបស់យើងគឺជាអ្វី អោយពិតប្រាកដ ? មានលុយ បាត់ញាតិ រឺក៏មានទាំងលុយ មានទាំងញាតិ?»។

លោកស្រីបានណែនាំ ដល់មនុស្សគ្រប់រូបដូចនេះថា កែរជីវភាពរស់នៅអោយល្អប្រសើរជាងមុនវាមិនអីទេ តែកុំទំលាប់មានមិត្តថ្មីដែលជាអ្នកមាន ភ្លេចមិត្តចាស់ ដែលកំសត់កំរជាមួយយើង ដែលអោបយើងយំពេលយើងជួបវិបិត្តអោយសោះ កុំកែចរឹករម្យទមរបស់អ្នកអី បើគេរាប់អានអ្នកដោយភាពល្អនោះ។

លោកស្រីបន្ថែមថា យើងគួរបន្តធ្វើជាមនុស្ស ដែលមានចិត្តឥតលាក់លៀម អោយតម្លៃមនុស្សលើសដើម ដាក់ខ្លួនអោយកាន់តែខ្លាំង ស្រឡាញ់អោយកាន់តែអស់ពីបេះដូង អាណិត អោយកាន់តែច្រើន ត្រូវមានការចែករំលែកអោយកាន់តែខ្ពស់ នោះទើបជា«អ្នកមាន»ដែលគួរអោយគោរព មានភាពថ្លៃថ្នូរ និងគួរអោយស្រឡាញ់ពិត៕