ជំនាន់យើងនេះហើយជាជំនាន់ដែលចាប់ផ្តើមធ្វើឱ្យមានការផ្លាស់ប្តូរ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំនាន់យើងនេះហើយជាជំនាន់ដែលចាប់ផ្តើមធ្វើឱ្យមានការផ្លាស់ប្តូរ!

2 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ សំណេរខ្លះៗដែលបានដកស្រងចេញពីសៀវភៅ បណ្តុំទស្សនៈ ឬ Collection of Philosophy របស់លោកឧកញ៉ា វេជ្ជបណ្ឌិត…

រាជធានីភ្នំពេញ ៖ សំណេរខ្លះៗដែលបានដកស្រងចេញពីសៀវភៅ បណ្តុំទស្សនៈ ឬ Collection of Philosophy របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី MD, MPH #MJQUP #ColleciontionofPhilosophy #LifeAndCompassion ដែលហាក់បីដូចជាកំពុងដាស់តឿន មនុស្សគ្រប់រូបឱ្យចាប់ផ្តើមគិតទៅលើបុច្ចុប្បន្នភាព និងឆាកជីវិតដែលត្រូវបន្តដើរទៅមុខ។


ខាងក្រោមនេះជា សំណេរដែលលោកឧកញ៉ាបានសរសេរនៅក្នុងសៀវភៅរបស់ដែលធ្វើឱ្យអ្នកអានខ្លះជក់ចិត្តដិតអារម្មណ៍ទៅលើសំណេរ ដែលជាពាក្យទូន្មានប្រៀនប្រដៅ ជាច្រើន និងការរំលឹកអ្វីមួយដល់មនុស្សគ្រប់រូបផងដែរ ៖

ឆាកជីវិត គឺអាចពោរពេញទៅដោយ ភាពឃោរឃៅយង់ឃ្នងចំពោះពួកយើងគ្រប់គ្នា។ ហើយភាពយង់ ឃ្នងអាចកើតមានឡើងស្ទើរតែគ្រប់ទម្រង់ ។ ជីវិតនេះក៏អាចពោរពេញទៅដោយភាពអយុត្តិធម៌ ហើយថែមទាំងមិនអាចទស្សន៍ទាយបានទៀតផង ។ សេចក្តីលំបាកវេទនា ដែលកើតមានក្នុងដំណើរជីវិត គឺជាដំបៅដ៏ឈឺផ្សាមួយដែលមិនងាយនឹងនរណាម្នាក់ចាប់អារម្មណ៍ ឬទទួលស្គាល់នោះទេ។

ប៉ុន្តែបើសិនជាមានភាពតស៊ូព្យាយាម ទទូច នៅចុងបញ្ចប់នឹងទទួលបាននូវពរជ័យ និងផ្លែផ្កា ។ ហើយសូមចាំថា ជីវិតយើងខ្លីណាស់ ។ អ្នកមិនគួរចំណាយពេលធ្វើរឿងគ្មានប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែអភិវឌ្ឍខ្លួនឯងឱ្យដើរទាន់សម័យកាល។ «កិត្តិនាម» គឺជាពាក្យពីរម៉ាត់ដែលស្ថិតនៅក្នុងដែនកំណត់មួយតែប៉ុណ្ណោះ។

ដូច្នេះ យើងត្រូវតែឈ្លាសវៃ គឺកុំរស់នៅក្នុងសភាពចង្អៀតបែបនេះឱ្យសោះ ។ សូមរស់នៅឱ្យឆ្ងាយពីរង្វង់ដែនកំណត់ រស់នៅជាមួយគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រអ្នកដោយក្តីសោមនស្ស និងមិនអាត្មានិយម។ ហើយបើទោះបីយើងមានទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះច្រើនក៏ពិតមែន តែសូមកុំមានចិត្តចង្អៀតចង្អល់ ក្រអើតក្រទម ព្រោះវាអាចនឹងនាំយើងឱ្យនៅឆ្ងាយតែឯងក៏ថាបាន ។ មែនទែនទៅ មិនថាស្អុយ ឬក្រអូបនោះទេ វាសុទ្ធតែចេញពីមាត់យើង។ ដូចគ្នានេះដែរ មិនថាល្អ ឬអាក្រក់ សុទ្ធតែឌូតចេញមកពីកែវភ្នែករបស់យើងដូច្នោះដែរ។

ជីវិតរបស់មនុស្សគ្រប់គ្នាអាចនឹងរីករាយទៅបាន គឺអាស្រ័យលើការចាប់ផ្តើមថ្ងៃថ្មីរបស់ខ្លួនដោយភាពរីករាយ និងភាពវិជ្ជមាន ប្រកបដោយសុទិដ្ឋិនិយម ។ ភាពទាំងនោះ វានឹងធ្វើឱ្យជីវិតរបស់យើងមានរស្មីភ្លឺស្វាង ។ ចូរយើងមើលអ្វីៗក្នុងផ្លូវល្អឱ្យបានច្រើន។ មើលមនុស្សក្នុងផ្លូវវិជ្ជមាន កុំឱ្យមានចិត្តសត្រូវ ដើម្បីកុំបិទផ្លូវខ្លួនឯងក្លាយជាមនុស្សអស្ចារ្យ។

ចំពោះអវិជ្ជាជន ភាគច្រើនតែងបង្កើតផ្លូវដើរ សម្រាប់បិទខ្លួនឯងជានិច្ច។ សូមចាំថា «ពេលអ្នកនិយាយល្អអំពីនរណាម្នាក់ អ្នកជាមនុស្សល្អជាងគេទៅទៀត» ។ អ្នកដឹងទេ ការនិយាយអាក្រក់ ឬនិយាយដើមគេ វាហាក់ដូចជាអាវុធមុខពីរអ៊ីចឹង ។ កាលណាអ្នកចាប់ផ្តើមទម្លាប់ និយាយអាក្រក់ពីនរណាម្នាក់ កាន់តែច្រើន វាដូចជាអ្នកកំពុងតែអញ្ជើញចរិតអាក្រក់ៗ ចូលមកក្នុងខ្លួនដូច្នោះដែរ ។ បើកាន់តែនិយាយ វាក៏កាន់តែរីកលូតលាស់ក្នុងសន្តានចិត្តអ្នកទ្វេដង។ ទម្លាប់នេះ នឹងរុញច្រានអ្នក ឱ្យដើរចូលក្នុងភក់ជ្រាំនៃចិត្ត ឬអវិជ្ជាចិត្ត បន្តិចម្តងៗ។

ក្នុងចិត្តអ្នកនឹងចាប់ផ្តើមឱបជាប់តែនឹងភាពអវិជ្ជមាន ។ ហើយអ្នកនឹងនៅពុំសុខក្នុងចិត្តនោះឡើយ បើពុំបាននិយាយអាក្រក់ ឬនាំរឿងនរណាម្នាក់ទៅប្រាប់នរណាម្នាក់ទៀត។ ថ្វីបើយើងបានដឹងមកហើយថា នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន សម្បូរដោយមនុស្សដែលចូលចិត្តនិយាយដើមគ្នា។ តែទោះជាយ៉ាងនោះក្តី ការផ្លាស់ប្តូរនឹងអាចកើតចេញពីយើងម្នាក់ៗ។ ជំនាន់យើងនេះហើយ ជាជំនាន់ដែលចាប់ផ្តើមធ្វើឱ្យមានការផ្លាស់ប្តូរ។ អំណឹះតទៅ យើងចាប់ផ្តើមកែប្រែទម្លាប់នេះ ប្រសិនបើយើងដឹងថា ខ្លួនឯងកំពុងតែមានចរិតបែបនេះ។ ការកែប្រែនេះទៀតសោត ពុំមែនដើម្បីនរណាឡើយ តែដើម្បីសុភមង្គលជីវិត និងសេចក្តីថ្លៃថ្នូរក្នុងអត្ថិភាពជាមនុស្ស។

កាលណាយើងបដិបត្តិល្អ យើងរមែងទទួលបានសេចក្តីសុខក្នុងផ្លូវចិត្ត ហើយអារម្មណ៍យើងជ្រះថ្លា និងជួបតែរឿងល្អៗចូលមកក្នុងជីវិត។ ដូចព្រះពុទ្ធអង្គទ្រង់សម្តែងថា បុគ្គលសាបព្រោះពូជអ្វី រមែងទទួលបានផលនោះ។ […]៕