ចុះមើលស្រែឃើញមែកឈើសង្កត់លើស្រូវ លុះទាញចេញ​ក៏​ផុស​ដៃស្ត្រី​ម្នាក់​ផ្អើល​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចុះមើលស្រែឃើញមែកឈើសង្កត់លើស្រូវ លុះទាញចេញ​ក៏​ផុស​ដៃស្ត្រី​ម្នាក់​ផ្អើល​

2 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ​សព​ស្ត្រី​ម្នាក់​មិនស្គាល់​អត្ត​សញ្ញាណ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ស្រែ​ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ភ្នំ​តុ​ប​(​ស្ពាន​រាគ​អាចម៍​)​ចម្ងាយ​១៥០​ម៉ែត្រ​ខាងកើត​ផ្លូវជាតិ​លេខ​៥៦A ប្រហែល​១០​ម៉ែត្រ ខាងជើង​ផ្លូវលំ​ ស្ថិត​ក្នុងភូមិ​ក្ប​វាល​ស្ពាន ​សង្កាត់​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ​សព​ស្ត្រី​ម្នាក់​មិនស្គាល់​អត្ត​សញ្ញាណ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ស្រែ​ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ភ្នំ​តុ​ប​(​ស្ពាន​រាគ​អាចម៍​)​ចម្ងាយ​១៥០​ម៉ែត្រ​ខាងកើត​ផ្លូវជាតិ​លេខ​៥៦A ប្រហែល​១០​ម៉ែត្រ ខាងជើង​ផ្លូវលំ​ ស្ថិត​ក្នុងភូមិ​ក្ប​វាល​ស្ពាន ​សង្កាត់​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ​ខែវិច្ឆិកា ឆ្នាំ​២០២០​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុនពេលមានការ​ភ្ញាក់​ផ្អើល​ខាងលើ មានបុរស​ម្នាក់​ឈ្មោះ អាង សួ ​អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​បានចុះ​​ទៅ​មើល​ស្រែ​នៅ​ចំណុចកើតហេតុ​ខាងលើ លុះ​ពេល​នោះ​ឃើញ​មែកឈើ​សង្កត់​ដើម​ស្រូវ​ក៏​យកដៃ​ទៅ​ចាប់​ទាញ​ ស្រាប់តែ​ឃើញ​ដៃ​​​ស្ត្រី​រង​គ្រោះ​ផុស​ចេញ​មក ហើយ​ក៏​រត់​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​​អោយចុះមក​​ពិនិត្យ​មើលតែម្តង ​។

តាម​ប្រភព​ខាងលើបាន​បន្ត​ថា ​​បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់ កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។

តាម​ប្រភពខាងលើបាន​បន្តថា ​ស្ត្រីរងគ្រោះ​​មិន​ត្រូវ​បាន​​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ​ជាង ពាក់​អាវយឺត ​ពណ៌​ក្រហម​ដៃ​វែង ស្លៀក​ខោ​​កីឡា​ជើងវែង​ នៅ​លើ​ខ្លួន​សព​មាន​ស្នាម​ចាក់​ដោយ​វត្ថុ​រឹង​ចុង​ស្រួច ត្រូវ​ចុងដង្ហើម​១​កន្លែង​,​ ដើម​ក​ខាងស្តាំ​១​កន្លែង ​និង​ស្នាម​ឆូត​លើ​ផ្ទៃ​ជា​ច្រើន​កន្លែង ។

​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​បន្តទៀត​ថា ​នៅ​កន្លែង​កើតហេតុ​បាន​រក​ឃើញ​វ៉ែនតា​នៅ​ជាប់​នឹង​ខ្លួន​១ នៅ​នឹង​ដី​១​ និង​កូនកាំបិត​ចុង​ស្រួច​១ ។​ បើ​តាម​ការ​សន្និដ្ឋាន​គឺជា​ករណី​ឃាតកម្ម​គិ​ត​ទុកជា​មុន តែ​នៅ​មិន​ទាន់​ដឹង​ថា​ជា​ករណី​គំនុំ, ប្លន់​យក​ទ្រព្យសម្បតិ្ត​ឬ​ជា​ករណី​ស្នេហា​ត្រីកោណ​នោះ​ឡើយ នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ។

ពាក់ព័ន្ធនឹងករណី​ខាងលើ ឃាតក​ពិត​នឹង​ត្រូវ​សមត្ថកិច្ច​វែក​មុខឃើញ​ជា​ពុំខានឡើយ​ ដោយ​មិន​ឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ ។​ ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​បាត់​សមាជិកគ្រួសារ ឬ​បងប្អូន​ដែល​បាន​ស្គាល់​ស្ត្រី​រង​គ្រោះ​សូម​មេត្តា​ជួយ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)