ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះឲ្យដឹងថា ក្រោយពីទឹកជំនន់ស្រកទៅវិញអស់ មានការងារជាច្រើនត្រូវធ្លាក់ដល់ដៃមន្ទីរចំនួន៤ ដើម្បីបន្តស្តារផលប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះទឹកជំនន់ រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរអភិវឌ្ឍជនបទ, មន្ទីរធនធានទឹក និងឧត្តុនិយម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
១- មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធផ្លូវទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីជួសជុល សម្រួលដល់ចរាចរណ៍ឡើងវិញ។
២- មន្ទីរអភិវឌ្ឍជនបទ ត្រូវមើលបញ្ហាផ្លូវថ្នល់នៅតាមជនបទ។
៣- មន្ទីរធនធានទឹក និងឧត្តុនិយម ដើម្បីបែងចែកទឹកសំរាប់ស្រោចស្រពដំណាំដល់ប្រជាកសិករ។
៤- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើសកម្មភាពបន្ទាន់ពិនិត្យទៅលើគ្រួសារនីមួយៗ ដែលរងគ្រោះខូចខាត និងប៉ះពាល់ផលដំណាំ ដើម្បីផ្តល់ស្រូវពូជ គ្រាប់ពូជ ត្រូវធ្វើកិច្ចការងារទាំងអស់នេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានគិតរួចជាស្រេចហើយ ក្រោយពេលទឹកជំនន់ចប់ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន២,០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ជូនគ្រួសារកសិកររងផលប៉ះពាល់ស្រូវដោយក្នុងមួយគ្រួសារទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់តែអ្នកដែលខូចខាតស្រូវតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំរួមផ្សំ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវពូជចំនួន៦មុខដំណាំ ដើម្បីទុកបង្កបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្មមកបម្រើជូនប្រជាកសិករផងដែរ។
ក្នុងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យក្រសួងពាក់ព័ន្ធទាំងអស់ត្រូវមានការវាយតម្លៃនៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ ជាពិសេសមន្ទីរកសិកម្មត្រូវដោះស្រាយជូនតែអ្នកដែលខូចខាតស្រូវតែប៉ុណ្ណោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹក និងផលដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ព្រមទាំងការបែងចែកស្រូវពូជ សម្ភារៈកសិកម្មមួយចំនួនជូនដល់ប្រជាកសិកររងផលប៉ះពាល់ស្រូវ និងដំណាំរួមផ្សំ។
ក្នុងនោះ លោកវេង សាខុន ក៏បានចុះពិនិត្យស្ថានភាពទឹកនៅតាមដងផ្លូវដែលកំពុងស្រុងធ្លាក់ពីតំបន់ខាងលើ និងពិនិត្យមើលស្ថានភាពទឹកនៅចំណុចពាមស្រេះនៃស្រុកព្រះនេត្រព្រះ ហើយបានធ្វើការចែកស្រូវពូជដល់កសិករដែលរងការខូចខាតស្រូវចំនួន២៩៨គ្រួសារនៅវត្តចា ឃុំរហាត់ទឹកស្រុកមង្គលបូរី។
លុះចេញពីចែកស្រូវពូជជូនប្រជាកសិកររួចមក លោកក៏បានបន្តដំណើរចេញពីសាលាឃុំចំណោមឆ្ពោះទៅកាន់ប្រឡាយព្រែក តាមត្រាក់ទ័រ ដើម្បីចុះពិនិត្យផ្ទាល់នៅផ្ទៃដីដែលរងផលប៉ះពាល់ខូចខាត និងលទ្ធភាពស្តារឡើងវិញនូវដំណាំស្រូវ ក្នុងនោះលោកក៏បានធ្វើការចែកសម្ភារៈកសិកម្មដល់កសិករនៅបណ្ដុំអាជីវកម្មចំនួន៨បណ្ដុំ មានចំនួន២៨០គ្រួសារនៅទីតាំងភូមិភ្នំប្រសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ៕