ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ឆាបឆេះ​រថយន្ត​សន្ធោ​សន្ធៅ​​នៅ​ទីតាំង​បញ្ចូល​ហ្គា​ស់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​ចំនួន​3​នាក់ បាន​រង​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​អគ្គិភ័យ​ធ្លាយ​ធុង​ហ្គា​ស់ បាន​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង នៅ​ទីតាំង​បញ្ចូល​ហ្គា​ស់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​ចំនួន​3​នាក់ បាន​រង​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​អគ្គិភ័យ​ធ្លាយ​ធុង​ហ្គា​ស់ បាន​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង នៅ​ទីតាំង​បញ្ចូល​ហ្គា​ស់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​30 ខែតុលា ឆ្នាំ​2020​។

សេចក្តីរាយការណ៍​បន្ត​ថា ទីតាំង​បញ្ចូល​ហ្គា​ស់​ខាងលើ គឺជា​របស់​ឈ្មោះ សា​រ៉ាត់ ក​ន្និ​ថា ភេទ​ស្រី អាយុ​32​ឆ្នាំ មាន​ទីលំនៅ​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​កូនប្រុស​របស់​ម្ចាស់​ទីតាំង​ឈ្មោះ សា​រ៉ាត់ សក្ក​ដា អាយុ​14​ឆ្នាំ រង​ការ​ឆាបឆេះ​រលាកជើង​ខាងឆ្វេង​។ ហើយ​នៅ​ក្នុង​នោះ ក៏​មាន​ក្មួយ​ស្រី​ម្ចាស់​ទីតាំង​ចំនួន​2​នាក់​ទៀត ដោយ​ម្នាក់​អាយុ​6​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​4​ឆ្នាំ​ជាង ក៏​ត្រូវ​រង​របួសធ្ងន់​នៅ​លើ​ផ្ទៃមុខ និង​ដៃជើង​ផង​ដែរ​។ ក្រៅពី​នេះ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ មិន​ស្គាល់​ស៊េរី​របស់​ម្ចាស់ផ្ទះ​ដែល​ផ្ទុក​ទៅ​ដោយ​ទឹកបរិសុទ្ធ​ពេញ ក៏​រង​ការ​ឆាបឆេះ​ស្ទើរ​អស់​មួយ​កំណាត់​ក្រោយ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​កន្លែង​កើតហេតុ​មុន​ដំបូង គេ​ឃើញ​សាច់ញាតិ​ម្ចាស់​ទីតាំង​បាន​ទ្រហោ​រយំ ព្រោះតែ​បាត់​សមាជិកគ្រួសារ ខណៈ​ពេល​ដែល​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​រថយន្ត​យ៉ាង​សន្ធោរ​សន្ធៅ ជាមួយនឹង​ការ​ទុ​ស្សេ​ចរន្ត​ភ្លើង ឮ​តែ​សំឡេង​ផូងផាង​។

ប៉ុន្តែ​ទីបំផុត​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ក៏​បាន​រលត់​ទៅ​វិញ ក្រោយ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ក្រុមហ៊ុន​កាស៊ីណូ និង​ការ​ប្រើ​ឧស្ម័ន​បាញ់​ពន្លត់អគ្គីភ័យ រួម​ទាំង​ការ​ជះ​ទឹក​ពី​កងកម្លាំង និង​អ្នកស្រុក​ផង​ដែរ​។

ចំណែក​ក្មេង​ៗ​រង​គ្រោះ​ទាំង​3​នាក់ ក្រោយ​ពេល​កើតហេតុ ក៏​ត្រូវ​បាន​គេ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ភ្លាម​ៗ​ដែរ​។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ខាងលើ​នេះ ត្រូវ​បាន​សាច់ញាតិ​ម្ចាស់​ទីតាំង ប្រាប់​ថា ដោយសារ​តែ​ធ្លាយ​ធុង​ហ្គា​ស់ ហើយ​គាប់​ជួន នៅ​ក្នុង​ទីតាំង​កើតហេតុ​នោះ មាន​ចង្ក្រាន​ភ្លើង​លក់​ស៊ុប​ផង ក៏​បណ្តាល​ឱ្យ​ឆាបឆេះ​ក្លាយទៅជា​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ