ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងនាថ្ងៃទី៣០ ខែតុលានេះថា កម្លាំងសមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនបង្កើតបានវាយឪពុក២ដំបងឈើជ្រុង បណ្តាលឱ្យរបួសធ្ងន់ ហើយក៏បានបាត់បង់ជីវិតខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍ឃាត់ខ្លួនកូនអកតញ្ញូរូបនេះធ្វើឡើងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកបន្តថា ដោយមានការសហការគ្នាបានល្អរវាងកម្លាំងនគរបាលស្រុកស្រីស្នំ និង កម្លាំងនគរបាលខេត្ត ទើបចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន ធីន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិល្វាឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ពីបទ ឃាត.កម្មដែលប្រព្រឹត្តនៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកបន្តថា ហេតុការណ៍កូនបង្កើតវាយឪពុកនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែតុលា វេលាម៉ោង៩និង៣០នាទីយប់ម្ល៉េះ ដោយជនរងគ្រោះឈ្មោះ ថូ ធឿ ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ មានមុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ បន្ទាប់មកសាកសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យនៅឯភូមិកំណើតវិញ។
លោកបន្ថែមថា មុនពេលកើតហេតុ ជនសង្ស័យជាកូនបានខឹងនឹងឪពុកស្តីបន្ទោសឱ្យថា «ម្តេចក៏ដេកយូរម្ល៉េះ» ជនសង្ស័យរូបនេះគ្រាន់តែឮឪពុកនិយាយដូច្នេះ ក៏ស្ទុះទៅយកដំបងឈើជ្រុងរួចវាយឪពុកពីក្រោយចំនួន២ដំបង បណ្តាលឱ្យសន្លប់នៅនឹងកន្លែងកើតហេតុ តែម្តង។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពមោងឃុំមោង ស្រុកស្រីស្នំ ប៉ុន្តែដោយឃើញស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ទើបបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាបវិញ រហូតដល់ម៉ោង១០និង៣០នាទី ទើបជនរងគ្រោះដាច់ខ្យល់តែម្តង។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួនបាត់ បន្ទាប់ពីវាយឪពុករួច។
លោកបន្តថា ក្រោយមក សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែតុលា ទើបកម្លាំងប៉ុស្តិ៍រដ្ឋបាលមោង និងសហការជាមួយកងរាជអាវុធហត្ថស្រុក រុករកបានជួបនឹងជនសង្ស័យនៅត្រង់ចំណុចខាងកើតភូមិចម្ងាយ ១០០០ម៉ែត្រ ក៏បានឃាត់ខ្លួនបាននៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ តុលានេះតែម្តង។
លោកបន្ថែមទៀតថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ថា ខ្លួនបានវាយឪពុកបង្កើតឈ្មោះ ថូ ធឿន ឱ្យបាត់បង់ជីវិតពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងតែកសាងសំណុំរឿងនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ