ខេត្តព្រះសីហនុ៖ ពិតជាហ៊ានមែន បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ប្រើកាំបិតបុ័ងតោចូលទៅគំរាមប្លន់កន្លែងវីងវេរលុយ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោងជិត៧យប់ ថ្ងៃ២៩ ខែតុលា ឆ្នាំ២០២០។
ជនសង្ស័យខាងលើមានឈ្មោះ ខន ម៉ៅ ហៅក្រៅ( ម៉ៅ ) ភេទប្រុស អាយុ៣៣ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ អ៊ុ ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរភ្នាក់ងារវីងវេរលុយយីហោ «ហុងរ៉ា» បានរងរបួសត្រូវកំភួនដៃខាងធ្វេង និងភ្លៅខាងឆ្វេង ដោយសារជនសង្ស័យកាប់នឹងកាំបិតបុ័ងតោ ។
បើតាមសមត្ថកិច្ចឱ្យដឹងថា ក្រោយការចង្អុលបង្ហាញពីជនរងគ្រោះ និងសួរនាំតាមនីតិវិធីជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកលុយពីជនរងគ្រោះកន្លែងវីងវេរលុយពិតប្រាកដមែន។
សមត្ថកិច្ចបន្តថា ចំណែកវត្ថុតាងដកហូតរួមមាន ៖ លុយចំនួន៥.០៩៨.៥០០រៀល (ប្រាំលានប្រាំបួនម៉ឺនប្រាំបីពាន់ប្រាំរយរៀល), កាបូបខ្មៅចំនួន២ (កាបូបតូចព៌ណខ្មៅ១, កាបូប ដាក់ខោអាវ១ ) ។ លោហៈធាតុពណ៌លឿង១ខ្សែ, មួកពណ៌ខ្មៅមួយ, កាំបិតបុ័ងតោ១,កៅស៊ូអាវភ្លៀង១ (ពាក់ធ្វើសកម្មភាព), ម៉ាស់១, ខោជើងវែងពណ៌គគី១ (ពាក់ធ្វើសកម្មភាព) និងអាវកីឡាដៃខ្លី ពណ៌ទឹកប៊ិច១ (ពាក់រុំក្បាលដើម្បីធ្វើសកម្មភាព) ៕
ចែករំលែកព័តមាននេះ