ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កាលពីម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ខណៈពេលកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផង។
លោក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ ឈឿត លី អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈឿន ឈុំ អាយុ២៤ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ។
លោកថា ជនសង្ស័យទាំង២នាក់នេះ ត្រូវកម្លាំងជំនាញ អធិការស្រុកសង្កែ ឃាត់ខ្លួនបាន ខណៈពេលកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្ដែង។ ហើយជាមួយនឹងការឃាត់ខ្លួននេះផងដែរ មន្ត្រីជំនាញក៏បានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន១ថង់ ម៉ូតូ១គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលមន្ត្រីជំនាញតែងតែតាមដានសកម្មភាពពួកគេជាប្រចាំ។ ប៉ុន្តែនៅថ្ងៃចាប់ខ្លួន ពួកគេកំពុងនាំគ្នាប្រព្រឹត្តបទល្មើស ស្របពេលកម្លាំងសមត្ថកិច្ចចេញល្បាតប្រទះឃើញទើបបង្ក្រាបបានទាំងមនុស្ស ទាំងវត្ថុតាងតែម្ដង។
លោកសុខ និមល បានបញ្ជាក់ថា ពេលនេះ មន្ត្រីការិយាល័យជំនាញរបស់លោក កំពុងសួរនាំជនសង្ស័យទាំង២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕
ចែករំលែកព័តមាននេះ