ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង រួម​នឹង​បើកទឹក​ចេញពី​ទំនប់ បង្ក​ជា​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម

3 ឆ្នាំ មុន

វៀតណាម ៖ ជំនន់​ទឹកភ្លៀង និង​ការ​បើកទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី បាន​ធ្វើ​ឱ្យ​ទឹកទន្លេ នៅ​ក្នុង​ខេត្ត Quang Nam និង​ខេត្ត Quang…

វៀតណាម ៖ ជំនន់​ទឹកភ្លៀង និង​ការ​បើកទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី បាន​ធ្វើ​ឱ្យ​ទឹកទន្លេ នៅ​ក្នុង​ខេត្ត Quang Nam និង​ខេត្ត Quang Ngai កើនឡើង​ខ្ពស់ និង​គំរាមកំហែង បង្ក​ជា​ទឹកជំនន់​ធ្ងន់ធ្ងរ ។

ព្យុះ Molave អាច​និយាយ​បាន​ថា ជា​ព្យុះ​ខ្លាំង​បំផុត ដែល​បាន​វាយប្រហារ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​មានការ​បាក់​ដី នៅ​ខេត្ត Quang Nam និង​ខេត្ត Quang Ngai កាលពី​ព្រឹក​ថ្ងៃ​ពុធ មុន​ពេល​កម្លាំង​ខ្យល់ព្យុះ​ចុះ​ខ្សោយ​នៅ​ម៉ោង​៤​ល្ងាច ។

បណ្តា​ខេត្ត​នានា ត្រូវ​បាន​រង​គ្រោះ​ដោយ​ទឹកភ្លៀង​ធ្លាក់​រហូត​ដល់ ៥០០​មិល្លីម៉ែត្រ ចន្លោះ​យប់​ថ្ងៃ​អង្គារ ដល់​យប់​ថ្ងៃ​ពុធ ។ ទឹកភ្លៀង​មាន​កម្រិត ១៨០ មិល្លីម៉ែត្រ ក្នុង​មួយ​ថ្ងៃ គេ​ចាត់​ទុក​ថា មាន​កម្រិត​ធ្ងន់​ហើយ ។

នៅ​ខេត្ត Quang Ngai ទឹកទន្លេ Tra Bong កំពុង​ឡើង ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន (​ទឹកជំនន់​កម្រិត​២) ខណៈ​ពេល​ទឹកទន្លេ​ចំនួន​៣​ទៀត បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត (​ទឹកជំនន់​កម្រិត​៣) នា​ម៉ោង ៤​ល្ងាច​ថ្ងៃ​ពុធ​នេះ បើ​យោង​តាម​មជ្ឈមណ្ឌល​ព្យាករណ៍​ឧតុនិយម​ក្នុង​ខេត្ត​របស់​វៀតណាម ។

មជ្ឈមណ្ឌល​ព្យាករណ៍​ឧតុនិយម​វៀតណាម បាន​​ព្យាករណ៍​ថា ទឹកនឹង​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ មួយ​ផ្នែក​ធំ​ នៃ​ទីប្រជុំជន និង​ស្រុក​មួយ​ចំនួន​ទៀត ក្នុង​ខេត្ត Quang Ngai ។

ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ការ​បើកទ្វារ​ទំនប់​វា​រី​អគ្គិសនី​ក្នុងស្រុក បញ្ចេញ​ទឹក កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​ៗ ។

រោងចក្រ​វា​រី​អគ្គិសនី Dak Drinh បាន​បញ្ចេញ​ទឹក រហូត​ដល់ ១,៦៨០​ម៉ែត្រគូប ក្នុង​មួយ​វិនាទី កាលពី​ថ្ងៃ​ពុធ និង​ទំ​បន់ Nuoc Trong ដែល​ជា​គម្រោង​ធារាសាស្ត្រ និង​វា​រី​អគ្គិសនី​ធំ​ជាងគេ នៅ​តំបន់​ភាគ​កណ្តាល បាន​បើក​បញ្ចេញ​ទឹក ១.១០០​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ។

អាជ្ញាធរ​ក្នុង​តំបន់ បាន​ជម្លៀស​ប្រជាជន ដែល​រស់នៅ​តំបន់​ទំនាប និង​ប្រកាស​ជា​បន្ទាន់ អំពី​ទឹកជំនន់ តាម​រយៈ​ឧបករណ៍​បំពង​សំឡេង ដើម្បី​ជូនដំណឹង​ដល់​អ្នកស្រុក ។

នៅ​ក្នុង​ខេត្ត Quang Nam កម្រិត​ទឹកទន្លេ Vu Gia ឡើង​ដល់ ៩,៤១​ម៉ែត្រ គិត​ត្រឹម​ព្រឹក​ព្រលឹម ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ តុលា​នេះ ពោល​គឺ​ឡើង ០,៤១​ម៉ែត្រ លើស​កម្រិត​ប្រកាស​អាសន្ន (​ទឹកជំនន់​កម្រិត​៣) ស្រប​ពេល​មជ្ឈមណ្ឌល​ព្យាករណ៍​ឧតុនិយម បាន​ព្រមាន​ថា ទឹកទន្លេ នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត ។

រោងចក្រ​វា​រី​អគ្គិសនី Dak Mi 4 គ្រោង​នឹង​បើក​បញ្ចេញ​ទឹក រហូត​ដល់ ១១.៤០០​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ។ ពេល​នោះ​ហើយ​ទឹកទន្លេ Vu Gia ត្រូវ​គេ​រំពឹង​ថា នឹង​កើនឡើង​ដល់ ១១,២ ម៉ែត្រ លើស​កម្រិត​ទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ កាល​ឆ្នាំ​២០០៩ ក្នុង​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ