ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ប្រទេស​វៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​ជួប​ប្រជុំ​ជាមួយ​ឧត្តមសេនីយ៍ត្រី ឡេ ឌឹ​កថា​យ មេបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ បា​វិត​-​ម៉ុ​កបាយ ដើម្បី​ពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន ក្នុង​រយៈពេល​កន្លង​មក ។

ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ រាប់​ចាប់តាំងពី​ឆ្នាំ​២០០៤ មក ដែល គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ និង​ថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ នៅ​តាម​បណ្តោយ​ព្រំដែន​បង្ក​លក្ខណៈ​អំណោយផល​ដល់​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ជីវភាព​រស់នៅ​ដោយ​សុខសាន្ត​របស់​ប្រជាជន​ទាំង​សងខាង ។

ជា​ពិសេស​នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម​ជា​សាកល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បណ្តា​កងកម្លាំង​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ខិតខំ​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ស្មារតី និង​សម្ភារ ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

សម្រាប់​ទិស​ដៅ​ទៅ​មុខ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត ដើម្បី​ធានា​បាន​នូវ​ព្រំដែន​សន្តិភាព និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​លើ​អាទិភាព​មួយ​ចំនួន ដូច​ជា ការ​បន្ត​កិច្ចសហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩, ការ​ចូលរួម​បង្ក​លក្ខណៈ​ដល់​ភារកិច្ច​ខ័​ណ្ឌ​សីមា និង​ការ​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​ចប់​ជា​ស្ថាពរ ទៅ​តាម​ផែនការ​ការងារ​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​, ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ព្រមទាំង​ការ​គាំទ្រ​លើ​ការ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ