ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​តាម​ដង​ទន្លេ​ដាំ​ម្រះ​រក​ចំណូល​បន្ថែម​បង្កើន​ជីវភាព​ក្នុង​គ្រួសារ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដំណាំ​ម្រះ ថ្វីបើ​មិនសូវ​មាន​គេ​យកចិត្តទុកដាក់​ដាំ​ដុះ​បាន​ច្រើន​រាប់​សិប​ហិ​កតា​ដូច​ដំណាំ​ផ្សេង តែ​សម្រាប់​កសិករ​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​មាន​ដីចម្ការ​តាម​ដង​ទន្លេ បាន​ឆ្លៀត​ទុក​ដី​មួយ

ខេត្តកំពង់ឆ្នាំង ៖ ដំណាំ​ម្រះ ថ្វីបើ​មិនសូវ​មាន​គេ​យកចិត្តទុកដាក់​ដាំ​ដុះ​បាន​ច្រើន​រាប់​សិប​ហិ​កតា​ដូច​ដំណាំ​ផ្សេង តែ​សម្រាប់​កសិករ​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​មាន​ដីចម្ការ​តាម​ដង​ទន្លេ បាន​ឆ្លៀត​ទុក​ដី​មួយ​ផ្នែក​សម្រាប់​ដាំ​ដំណាំ​នេះ​ព្រោះតែ​ការ​ប្រមូល​ផលរប​ស់វា​មាន​រយៈពេល​វែង​មធ្យម និង​អាច​រក​ចំណូល​បន្ថែម​ពី​ដំណាំ​ផ្សេ​ៗ​ទៀត ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ធូរធារ​មួយ​កម្រិត ។

លោក សោម ស៊ី​ថា អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ធ្លាប់តែ​ដៃ​កាន់​អាវុធ​ប្រយុទ្ធ​ក្នុង​សមរភូមិ​តតាំង​ជាមួយ​ទាហាន​ខ្មែរក្រហម គ្រា​ដែល​គាត់​នៅ​ជា​អតីត​យោធា កង​យោធពលខេមរភូមិន្ទ បាន​រៀបរាប់​ថា លោក​បាន​បោះបង់​ចោល​អង្គភាព​ជា​ទាហាន​ជាង​២២​ឆ្នាំ​ហើយ គឺ​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ តែ​ពេល​នេះ លោក​ឈប់​កាន់​កាំភ្លើង​មក​កាន់​ចប កាំបិត​ធ្វើស្រែ​ចម្ការ​ជាមួយ​ប្រពន្ធ​កូន​វិញ ។ លោក​បន្ត​ថា សព្វថ្ងៃ​លោក​មាន​ដី​ធ្វើស្រែ​ប្រាំង និង​ដីចម្ការ​សម​ល្មម​នឹង​អាច​ជួយ​ដោះស្រាយ​ជីវភាពចិញ្ចឹម​កូន​៥​នាក់ រស់​ក្នុង​កម្រិត​មធ្យម គ្រាន់តែ​ហត់នឿយ​បន្តិច​។ ជា​រៀង​រាល់​ឆ្នាំ លោក​ដាំ​ល្ង សណ្តែកបាយ ម្ទេស តែ​មិន​ភ្លេច​ដាំ​ម្រះ​ឡើយ​។ គិត​មក​ដល់​ខែឧសភា​នេះ ដំណាំ​ម្រះ​របស់​លោក​ដល់​ចុងរដូវ​ហើយ គឺ​បេះ​បាន​តែ​២០​ទៅ​៣០​គីឡូក្រាម​ប៉ុណ្ណោះ ព្រោះ​បាន​ប្រមូល​ផល​តាំងពី​ខែកុម្ភៈ មក​ម្ល៉េះ​។ ការ​កាត់​ផ្លែ​លក់​លើក​ដំបូង បាន​ពី​៤០​ទៅ​៥០​គីឡូក្រាម និង​កាត់​លើក​ទី​២ ទី​៣ បាន​កើនឡើង​ដល់​ជិត​២០០​គីឡូក្រាម ដោយ​២​ទៅ​៣​ថ្ងៃ យើង​ធ្វើការ​ប្រមូល​ផល​ម្តង ។

ស្ត្រី​ម្នាក់​កំពុង​យក​ក្រដាស់​កាសែត​ចង​ក្តោប​ក្តឹប​ម្រះ​កុំ​ឲ្យ​សត្វ​ទិច ឈ្មោះ ញឹ​ម សុផល ជា​ភរិយា​របស់​អតីត​ទាហាន​រូប​នេះ​បាន​រៀបរាប់​ដែរ​ថា ឆ្នាំ​នេះ​ម្រះ​បាន​ថ្លៃ​បន្តិច គឺ​ពី​២.០០០​ទៅ​២.៥០០​រៀល​ក្នុង​១​គីឡូក្រាម ដែល​ខុស​ពី​ឆ្នាំ​មុន​ថ្លៃ​ខ្ពស់​អស់​ត្រឹមតែ​១.៨០០​រៀល​តែ​ប៉ុណ្ណោះ​។ ដីចម្ការ​គាត់​តាម​មាត់ទន្លេ​នៅ​ចុង​ភូ​មិច​ង្កែ​ង​ជ្រុំ​នេះ​មាន​ទំហំ​ធំ​ដែរ តែ​គាត់​ឆ្លៀត​ទុក​ទំហំ​តែ​២៥​អា សម្រាប់​ដាំ​ដំណាំ​ម្រះ ព្រោះ​វា​អាច​បេះ​ផ្លែ​ពី​២​ទៅ​៣​ថ្ងៃ​ម្តង​ក្នុង​រយៈពេល​ជាង​៣​ខែ គឺ​ពី​ខែកុម្ភៈ​ដល់​ចុង​ឬ​ដើមខែ​មិថុនា ដែល​អាច​រក​ចំណូល​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​សមរម្យ ។ គាត់​ប្រាប់​ថា ស្តាយ​ណាស់​ដែល​ទីផ្សារ​ម្រះ មិនធំ​ទូលាយ​ដូច​ជា​ល្ង សណ្តែក ឬ​ម្ទេស និង​ដំណាំ​ផ្សេង​ទៀត បើសិនជា​មាន​ទីផ្សារ​នាំ​ចេញ​វិញ គាត់​នឹង​ពង្រីក​ដី​ដាំ​ម្រះ​ឲ្យ​ធំ​ជាង​នេះ​បន្ដិច ។ នៅ​ក្នុង​ចម្ការ​របស់​គាត់​មាន​ដំណាំ​ល្ង និង​សណ្តែក ដែល​បាន​ប្រមូល​ផល​រួចរាល់​ហើយ ។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ថា ដំណាំ​ម្រះ​ជា​ប្រភេទ​បន្លែ​គ្មាន​ទីផ្សារ​នាំ​ចេញ ដូច​ជា​ល្ង ពោត ឬ​ដំឡូង​ទេ គឺ​មាន​តែ​ទីផ្សារ​ក្នុងស្រុក ម្ល៉ោះហើយ​កសិករ​យើង​ដាំ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ដែល​អ្នក​ដាំ​ច្រើន​បំផុត​មាន​ត្រឹមតែ​ដី​២៥​អា​ប៉ុណ្ណោះ ។ ដំណាំ​នេះ​ពេល​ប្រមូល​ផល​មួយ​រដូវ ពេល​ខ្លះ​អាច​ឡើងថ្លៃ​ដល់​៥.០០០​រៀល​ក្នុង​១​គីឡូក្រាម​ក៏​មាន​ដែរ ៕