ធនាគារជាតិ​ដាក់​ដំណើរការ​សមិទ្ធផល​ថ្មី ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល


រាជធានី​ភ្នំពេញ ៖ ដោយ​មា​នា​ការ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ទូទាត់​បាគង ហើយ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ប្រព័ន្ធ​ទៅ​វិញ​ទៅ​មក​ថ្មី​មួយ​នេះ​នឹង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ។

លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ​ថា សមិទ្ធផល​ដែល​កើតឡើង​នេះ​ពុំ​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ពោល គឺ​កើតឡើង​ដោយ​ចិត្ត​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនៈវិស័យ​វែង​ឆ្ងាយ​របស់​ឯកឧត្តម ជា​ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ផ្តល់​នូវ​អនុសាសន៍​ក្នុង​ការ​ផ្តួចផ្តើម​រៀបចំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ស្នូល​សម្រាប់​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ឆ្លង​ប្រព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​សុវត្ថិភាព​ប្រសិទ្ធភាព​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ។

លោក​ជំទាវ គូសបញ្ជាក់​ថា​«​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បាគង ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច ផ្នែក​ឌី​ជី​ថ​ល​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ស្រប​តាម​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​តំបន់​អាស៊ាន ។ កា​អភិវឌ្ឍ​ប្រព័ន្ធ​បាគង ជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​» ។ ប្រព័ន្ធ​ទូទាត់​បាគង​នេះ បើ​តាម​លោក​ជំទាវ ជា​សិរី វា​ជា​ឈ្មោះ​របស់​ប្រាសាទខ្មែរ ស្ថាបនា​ឡើង​នៅ​ឆ្នាំ ៨៨១ នៃ​គ្រិស្តសករាជ​ក្រោម​រជ្ជកាល​ព្រះបាទ ឥន្ទ្រ​វរ្ម័ន​ទី​១ ។ រចនា​បទ​ប្រាសាទបាគង ត្រូវ​បាន​ជ្រើស​យក​មក​សាងសង់​ក្បាច់រចនា​ស្តូប​វិមាន​ឯករាជ ដែល​ជា​និមិត្តរូប​នៃ​ឯករាជ​ភាព និង​ភាព​ខ្លាំងក្លា​។

លោក ជំទាវ លើក​ឡើង​ថា កាល​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៨ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ផ្សព្វផ្សាយ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​អំពី​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​បាគង​នេះ ។ បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​រួម​ចម​ក​មាន​គ្រឹះស្ថាន​ចំនួន ៣៩ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ចូលរួម​ក្នុង​គម្រោង​បាគង​នេះ ។ ដោយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ​បាគង កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន​៤ ក្នុង​នោះ​មាន​ធនាគារ​អេ​ស៊ី​លី​ដា ធនាគារ​វឌ្ឍនៈ ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា និង​ធនាគារ​ឯកទេស​វី​ង ។

លោក​ជំទាវ គូសបញ្ជាក់​ថា «​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៩ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០២០​នេះ ចំនួន​សមាជិក​ចូលរួម​បាន​កើនឡើង​រហូត​ដល់​១៨ (​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំ​នួ​១៦ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ចំនួន​២) ។ ទន្ទឹម​នឹង​មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ប្រមាណ​២៤​ផ្សេង​ទៀត​បាន​ទទួល​ការ​អនុញ្ញាត​ជា​គោលការណ៍​ចូលរួម​ជា​សមាជិក​ប្រ​ព​ន្ធ័​បាគង និង​កំពុង​រៀបចំ​សិក្សា​លក្ខណៈ​បច្ចេកទេស​ត​ភ្ជាប់​ប្រព័ន្ធ​» ។

លោក​ជំទាវ បន្ត​ទៀត​ថា កន្លង​មក​នៅ​ក្នុង​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ តែងតែ​បង្ហាញ​នូវ​មតិ​ស្រពិចស្រពិល​ថា ប្រព័ន្ធ​បាគង ដែល​ធនាគារជាតិ​បាន​អភិវឌ្ឍ​នេះ ជា​រូបិយប័ណ្ណ​ឌី​ជី​ថ​ល ។ ខ្ញុំ​សូម​ធ្វើការ​បញ្ជាក់​ជូន​ថា ប្រព័ន្ធ​បាគង ពុំ​មែន​ជា​រូបិយ​ប​ណ្ណ័ ឌី​ជី​ថ​ល របស់​ធនាគារជាតិ​នៃ​កម្ពុជា នោះ​ទេ​។ បើ​តាម​លោក​ជំទាវ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា ប្រព័ន្ធ​បាគង ជា​ប្រព័ន្ធ​ទូទាត់​ឆ្អឹងខ្នង ដែល​អភិវឌ្ឍ​ឡើង​សម្រាប់​បម្រើ​នូវ​គោលដៅ​ចម្បង​ៗ៖

១)- បច្ចុប្បន្ន​ការ​ទូទាត់​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​លទ្ធភាព​អាច​ធ្វើការ​ទូទាត់​ប្រទាក់ក្រឡា​គ្នា​បាន​នៅឡើយ ។ គ្រឹះស្ថាន​ភាគច្រើន​បាន​រៀបចំ​ប្រព័ន្ធ​ទូទាត់​សម្រាប់​បម្រើសេវា​ជូន​អតិថិជន​របស់​គ្រឹះស្ថាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​គ្រឹះស្ថាន​មួយ​ចំនួន ទៀត​បាន​សហការ​ផ្តល់​សេវា​ទូទាត់​ជា​លក្ខណៈ​ទ្វេភាគី ជាមួយ​ដៃគូ​របស់​ខ្លួន ដែល​ក​ក្តា​នេះ​វា​ពុំ​មែន​ជា​ការ​អនុវត្ត​ស្រប​តាម​ឧត្ត​មា​នុ​វត្ត​នោះ​ទេ ហើយ​វា​អាច​នឹង​បណ្តាល​ទៅ​ជា​ប្រព័ន្ធ​ប្រមូលផ្តុំ​តូច​ៗ មាន​ភាព​ផុយ​ស្រួយ បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​និង​ដាក់​បទ​ប្បញ្ញត្តិ ។ ដោយ​ពិនិត្យ​ឃើញ​នូវ​បញ្ហា​ប្រឈម​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​អភិវឌ្ឍ​ប្រព័ន្ធ​បាគង ឡើង ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ខាងលើ​ដោយសារ​តែ​ប្រព័ន្ធ​បាគង ដើរតួ​នាទី​ជា​ប្រព័ន្ធ​ទូទាត់ ឆ្អឹងខ្នង សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ត​ភ្ជាប់​ទៅ​នឹង​បណ្តុំ​រួម​តែ​មួយ​។

២)-​កែ​លម្អ​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​។​តាម​រយៈ​ប្រព័ន្ធ​បាគង អតិថិជន​របស់​គ្រឹះស្ថាន​នីមួយ​ៗ​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ប្រទាក់ក្រឡា​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ប្រសិទ្ធភាព ឆាប់រហ័ស​និង​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​។​មិនតែប៉ុណ្ណោះ​ស្ថិត​ក្នុង​បរិបទ​ប្រទេស​កំពុង​ទទួល​ល​រង​វិ​បត្ត​កូ​វី​ដ ១៩ ខ្ញុំ​សង្ឃឹមថា​ការ​ដាក់​ឱ្យ​ដំណើរការ​ផ្លូវការ​ប្រព័ន្ធ​បាគង នៅ​ថ្ងៃនេះ នឹង​ជួយ​គាំំ​ពារ​ដល់​សុខមាលភាព​សង្គម និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ១៩ តាម​រយៈ​ការ​សម្រួលការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក ពី​បុគ្គលិក​ម្នាក់​ទៅ​បុគ្គលិក​ម្នាក់ ដោយ​ពុំ​ប៉ះពាល់​សាច់ប្រាក់ ដោយ​ផ្ទាល់​ហើយ​បាគង​អាច​ទូទាត់​ទំនិញ​អន​ឡាញ​ពី​ចម្ងាយ​ផ្តល់​ជម្រើស​ច្រើន​ងាយស្រួល សម្រាប់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដាក់​ប្រាក់ ដក​ប្រាក់ ចេញចូល​គណនី​ធនា​ការ​និង​អ៊ី​វ៉ា​ឡេ​ត ទៅ​វិញ​ទៅ​មក​។

៣)-​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​ដូចដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​ថា ប្រព័ន្ធ​បាគង​ផ្តល់​នូវ​លទ្ធភាព​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព និង​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ​។​ដូច្នេះ​បច្ច័យ​ទាំង​អស់នេះ នឹង​ក្លាយជា​ច​លករ​ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ឱ្យ​កាន់តែ​ទូលំទូលាយ​។​សម្រាប់​ទិស​ដៅ​ទៅ​អន​គត​ប្រព័ន្ធ​បាគង នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ទូទាត់​និង​ផ្ទេរ​ប្រាក់​ឆ្លង​ដែន​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ដើម្បី​សម្រួល​ដល់​ពលករ​ក្រៅប្រទេស​អាច​ផ្ញើរ​ប្រាក់​មក​កាន់​ក្រុម​គ្រួសារ​តាម​ប្រព័ន្ធ​បាគង មាន​កម្រៃ​ទាប ដោយ​ស្រួល​និង​សុវត្ថិភាព

និង​៤)-​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​រៀល​(​មិន​ប្រើ​សាច់ប្រាក់​)​។ ការ​ប្រើប្រាស់​ប្រាក់​រៀល​មាន​សារៈសំខាន់​ណាស់​ចំពោះ​សង្គម និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​។

ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ពេញ​និយម​ការ​ទូទាត់​ជា​សាច់ប្រាក់ និន្នាការ​នេះ​ពុំ​អាច​កាត់​បន្ថយ​បាន​ទេ​ប្រសិនបើ​ទំនុកចិត្ត​សាធារណៈជន​លើ​ការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក​នៅ​មាន​កម្រិត​ទាប​។​ប្រព័ន្ធ​បាគង បាន​សម្រួល​និង​ផ្តាស់​ប្តូរ​ឥរិយាបថ​របស់​សាធារណៈជន​បន្តិច​ម្តង​ៗ​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​សាធារណៈជន​ក្នុង​ការ​រក្សា​ទុក​សាច់ប្រាក់​យ៉ាង​មាន​សុវត្ថិភាព ចំណេញ​ពេលវេលា​និង​មិន​ព្រួយបារម្ភ​អំពី​ការ​ក្លែងបន្លំ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ