រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខា ដាក់ ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធផង ដែរ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
គណៈអធិបតីនៃអង្គសិក្ខាសាលានាពេលនោះរួមមាន ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។ ភ្ញៀវកិត្តិយស និងសមាជិកចូលរួមក្នុងអង្គសិក្ខាសាលាមានមកពីក្រសួង-ស្ថាប័នទាំងបីខាងលើ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៣ ក្រសួង-ស្ថាប័ន និងសរុបជាង ១០០នាក់ ។
នាឱកាសនោះ អង្គសិក្ខាសាលា បានស្តាប់ប្រសាសន៍ស្វាគមន៍របស់គណៈអធិបតី ដោយមានភ្ជាប់ខ្លឹមសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការរៀបចំច្បាប់ទាំងពីរនេះឡើង ក្នុងគោលដៅប្រឆាំងការប្រព្រឹត្តបទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម បទល្មើសហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីការពារផលប្រយោជន៍ និងរក្សាសន្តិសុខជូនប្រជាជន ហើយក៏ប្រើជាមូលដ្ឋានគតិយុត្តមួយដ៏រឹងមាំ ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងពិភព លោក ស្របតាមសភាពការណ៍វិវត្តថ្មីៗ ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
ច្បាប់ទាំងពីរនេះ ក៏នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងអាចធើ្វឱ្យប្រព័ន្ធហិរញ្ញវត្ថុនិងធនាគារមានភាពរឹងមាំ ស្ថិរភាព និងសុចរិតភាព ព្រមទាំងចូលរួមចំណែកកាន់តែមានប្រសិទ្ធ ភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដោយសារការទុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ ក៏ដូចជាសាធារណជនមកលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុកម្ពុជា ហើយមិនមានការរឹតបន្តឹងលំហូរសាច់ប្រាក់រវាងប្រទេសកម្ពុជា និងប្រទេសនានា ដែលមានប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរីកចម្រើននៅទូទាំងពិភពលោក ។
បើទោះបីជាពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ ១៩ យ៉ាងណាក្តី ក៏សិក្ខាសាលាដ៏វិសេសវិសាល និងមានអត្ថន័យនាពេលនោះអាចប្រព្រឹត្តទៅបានក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព ស្របពេលដែលប្រទេសកម្ពុជាយើងមានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ