អាសូរ! កម្មករផ្សារដែកម្នាក់ជួបគ្រោះ​​ធ្លាក់ពីលើ​ដំបូលផ្ទះកម្ពស់​៤​ម៉ែត្រ​


ខេត្តស្វាយរៀង ​៖ ​កម្មករ​​ផ្សារ​ដែក​ធ្វើ​ដំបូលផ្ទះ​ម្នាក់​លើក​ដែក​ប៉ះ​ខ្សែកាប​បង្គោល​ភ្លើង​អគ្គី​ស​នី​តាម​ថ្នល់​ បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ឆក់​ធ្លាក់​ពីលើ​ដំបូល​ផ្ទះ​​មាន​កំពស់​៤​ម៉ែត្រ​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​។

​បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​កណ្តៀង​រាយ​បាន​ឲ្យ​ដឹង​ថា ករណី​​​ខាងលើនេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែតុលា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​។​

ជន​រង​គ្រោះ​ឈ្មោះ​ម៉ា​ប់​ ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់​រោទ៍​ ខេត្ត​ស្វា​យ​រៀង​ ។​

តាម​ប្រភព​​ខាងលើ​​​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​មក​ធ្វើ​កម្មករ​សំណង់​នៅផ្ទះ​របស់​ឈ្មោះ​មុំ សា​រៀម ​ភេទ​ស្រី​ អាយុ​៦៩​ឆ្នាំ​ នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ ខណៈ​ជាង​កំពុង​ផ្សារ​ដំបូលផ្ទះ​ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​លើក​ដែក​ហុច​បន្ត​ឲ្យ​ជាង​ផ្សារ​ដំបូល ស្រាប់តែ​ជនរងគ្រោះ​​លើក​ដែក​ទៅ​ប៉ះ​ខ្សែកាប​បង្គោល​ភ្លើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូលផ្ទះ​មក​ដី​រងរបួសធ្ងន់​សន្លប់​តែ​ម្តង​។

តាម​ប្រភពខាងលើបាន​បន្តទៀត​ថា បន្ទាប់​មក​ ប្រជាពលរដ្ឋ​និង​ក្រុម​កម្មករ​បាន​លើក​ជន​រង​គ្រោះ​យក​ទៅ​កប់​ដីខ្សាច់​ និង​ចាក់ទឹក​ដើម្បី​ជួយ​សង្គ្រោះ​បឋម ចំណែក​ចាស់ទុំ​អុជ​ធូប​ស្តោះ​ផ្លុំ ​ហៅ​ព្រលឹង​ និង​លើករាសី​ផង​ដែរ​ ។​

ពេល​កើតហេតុ​ភ្លាមក៏​បាន​​ដឹង​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ដឹក​ជន​រង​គ្រោះ​យកទៅ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ក្តុង​បា​វិត​។

ពាក់ព័ន្ធនឹងករណី​ខាងលើ ​សមត្ថកិច្ច​សន្និដ្ឋាន​ថា មូលហេតុគឺ​ជន​រង​គ្រោះ​លើក​ដែក​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ រួមផ្សំនឹង​​ការ​សាងសង់​ផ្ទះ​កៀក​បង្គោល​ភ្លើងផងដែរ ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ