ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្តៅ​បង្ក​ឱ្យ​អូស្ត្រាលី​ប្រឈម​មុខ​គ្រោះ​ធម្មជាតិ

8 ឆ្នាំ មុន

លោក​ដេ​វី​ដ ចូ​ន នាយក​ផ្នែក​ព្យាករ​អាកាសធាតុ​និង​ឧតុនិយម​របស់​អូស្ត្រាលី​បាន​ប្រកាស​ដល់​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន និង​ទប់ទល់​លើ​ស្ថានភាព​អាកាសធាតុ​កើន​កម្តៅ​តាំងពី​ចុងខែ​ឧសភា

លោក​ដេ​វី​ដ ចូ​ន នាយក​ផ្នែក​ព្យាករ​អាកាសធាតុ​និង​ឧតុនិយម​របស់​អូស្ត្រាលី​បាន​ប្រកាស​ដល់​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន និង​ទប់ទល់​លើ​ស្ថានភាព​អាកាសធាតុ​កើន​កម្តៅ​តាំងពី​ចុងខែ​ឧសភា ២០១៥​ទៅ ។ ការ​ប្រកាស​នោះ​ក្រោយ​ពី​ត្រួតពិនិត្យ​អាកាសធាតុ​រួម​មួយ​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងកើត​ឃើញ​ថា​សីតុណ្ហភាព​មធ្យម​នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​កើន​ខ្ពស់ ព្រោះ​ចរន្ត​ខ្យល់​នៅ​ក្នុង​សមុទ្រ​ចុះ​ខ្សោយ និង​បង្ក​ឱ្យ​កើត​បាតុភូត​សម្ពាធ «Elnino» ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ​នៅ​អូស្ត្រាលី​ដែល​បង្ក​ឱ្យ​មាន​អាកាសធាតុ​ក្តៅ និង​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ចុះ ។

ស្ថានភាព​បែប​នេះ​អាច​បង្ក​ឱ្យ​កើត​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ឆាប់រហ័ស ខណៈ​ពេល​បាតុភូត​សម្ពាធ Elnino នៅ​ក្នុងឆ្នាំនេះ​ចាប់ផ្តើម​លឿន​ខុស​ប្រក្រតី​រមែង​កើតឡើង​ក្នុង​អំឡុង​ពី​ខែមិថុនា ដល់​ខែវិច្ឆិកា ។

ក្រៅពី​នេះ សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​ទឹក​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងកើត​ដែល​កើន​ខ្ពស់​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ក្រុម​ប្រទេស​ភូមិភាគ​អាស៊ី ពិសេស​នៅ​ប្រទេស​ប៉ា​ពួ​អាស៊ី និង​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ស្ថិត​នៅ​ប្រជុំ​កោះ និង​នៅ​ក្បែរ​អូស្ត្រាលី ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ខាង​ផ្នែក​ឧតុនិយម​របស់​ជប៉ុន​ប្រកាស​ឱ្យ​ពលរដ្ឋ​ត្រៀម​ប្រុង​ប្រយ័ត្ន​នឹង​គ្រោះ​ធម្មជាតិ ទាំង​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ រន្ទះ ភ្លៀង​ខ្លាំង រលក​នៅ​ក្នុង​សមុទ្រ និង​ទឹកជំនន់ ក្រោយ​ពី​ព្យុះ «Noul» បោកបក់​ពី​ហ្វ៊ី​លី​ពី​ន ឆ្ពោះទៅ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​ដោយ​ល្បឿន​ខ្យល់​មាន​ប្រហែល​១៨០​គី​ឡី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង កាលពី​ថ្ងៃ​ទី​១២ ឧសភា និង​បាន​រំកិល​ទៅ​កោះ​ហុង​ស៊ូ ភាគ​កណ្តាល​របស់​ជប៉ុន​នៅ​ថ្ងៃ​ទី​១៣ ឧសភា ៕