ក្រុមបាតុករថៃបានពង្រីកការតវ៉ារបស់ពួកគេជាលក្ខណៈអន្តរជាតិ តាមរយៈការដង្ហែញត្តិទៅកាន់ស្ថានទូតអាល្លឺម៉ង់នៅទីក្រុងបាងកក ដើម្បីទទូចឲ្យរដ្ឋាភិបាលរបស់លោកជំទាវអធិការបតី អាន់ជែឡា មើគែល (Angela Merkel) ធ្វើការស៊ើបអង្កេតពីការប្រើប្រាស់អំណាចរបស់ព្រះមហាក្សត្រថៃព្រះបាទ មហាវិជ្ជរ៉ា ឡុងកន នៅពេលដែលទ្រង់កំពុងស្នាក់នៅក្នុងរដ្ឋបាវ៉ារៀ (Bavaria) ប្រទេសអាល្លឺម៉ង់ ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញព័ត៌មាន CNA កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។
ខណៈសភាថៃចាប់ផ្តើមសម័យប្រជុំពិសេសរយៈពេល២ថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃចន្ទទី២៦ ខែតុលាមក ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយ ដែលបង្កឲ្យមានការតវ៉ាស្ទើរតែរាល់ថ្ងៃទៅហើយ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងការកំណែទម្រង់របបរាជាធិបតេយ្យ ។ នៅក្នុងពិធីដង្ហែក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង់នោះ ក្រុមបាតុករថៃបានស្រែកពាក្យស្លោកមួយថា «យើងជាមនុស្ស មិនមែនជាសំរាមនោះឡើយ» ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមអ្នកតវ៉ាបានគូសបញ្ជាក់ថា ពួកគេដាក់លិខិតទៅកាន់
ស្ថានទូតអាល្លឺម៉ង់ ដើម្បីសាកសួរថា តើព្រះមហាក្សត្រថៃបានបំពានច្បាប់របស់អាល្លឺម៉ង់ដោយប្រើអំណាចរបស់ទ្រង់ពីទីនោះដែរឬទេ ? ព្រោះសកម្មភាពបែបនេះ ជាអ្វីដែលរដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកថា ជារឿងដែលមិនអាចទទួលយកបានផងដែរ ។
កាលពីដើមខែតុលានេះ រដ្ឋាភិបាលអាល្លឺម៉ង់បានលើកយកបញ្ហានេះមកពិភាក្សា នៅពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហេកូ ម៉ាស(Heiko Maas) បានឆ្លើយនឹងសំណួរខាងលើនៅក្នុងសភា ដោយបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពនយោបាយណាមួយ ដែលព្រះមហាក្សថៃអាចនឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ។
កាលពីថ្ងៃចន្ទទី២៦ ខែតុលា នៅទីក្រុងប៊ែរឡាំង លោក Heiko Maas បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «រដ្ឋាភិបាលអាល្លឺម៉ង់កំពុងតែតាមដានការវិវត្តនៅក្នុងប្រទេសថៃយ៉ាងយកចិត្តទុកដាក់បំផុត ហើយខ្ញុំក៏កំពុងតែតាមដានសកម្មភាពរបស់ក្សត្រថៃនៅប្រទេសអាល្លឺម៉ង់ដែរ»។ លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ បានបន្ថែមថា យើងកំពុងតែបន្តពិនិត្យមើលលើករណីនេះ ហើយប្រសិនបើមានអ្វីដែលយើងរកឃើញថា«ខុសច្បាប់» យើងនឹងចាត់វិធានការជាបន្ទាន់ ។
នៅក្នុងកិច្ចប្រជុំសភាថៃ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចានអូចា បានថ្លែងថា លោកនិងរដ្ឋាភិបាលដឹងច្បាស់ថា បច្ចុប្បន្ននេះគឺជាយុគសម័យនៃការផ្លាស់ប្តូរ ដែលជំរុញដោយបច្ចេកវិទ្យា ប៉ុន្តែយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា ប្រទេសថៃមានប្រជាជនរាប់លាននាក់ ដែលមិនចង់ឃើញការផ្លាស់ប្តូរតាមរយៈភាពវឹកវរនោះទេ ។
លោកក៏បានអំពាវនាវឲ្យសភា ស្វែងរកដំណោះស្រាយដ៏សមស្របមួយ ដែលធ្វើឲ្យភាគីទាំងអស់អាចទទួលយកបាន ។ ការខ្វែងគំនិតគ្នាជុំវិញបញ្ហាអនាធិបតេយ្យបានបង្ហាញពីការបែកបាក់ក្នុងសង្គមថៃសម្រាប់មនុស្សជំនាន់ថ្មី ។ ភាពវឹកវរដោយការតវ៉ានេះកំពុងក្លាយជាការតាមដាននៅលើពិភពលោក ជាមួយនឹងការតាមដានជុំវិញការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ៕
ចែករំលែកព័តមាននេះ