ខេត្តបន្ទាយមានជ័យ ៖ តាមការអះអាងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងនៅក្នុងកិច្ចប្រជុំថា ខេត្តបន្ទាយមានជ័យរងការប៉ះពាល់ដោយទឹកជំនន់ចាប់ពីថ្ងៃលិចរហូតដល់ថ្ងៃស្រកស្រូវខូចខាត ដោយទឹកជំនន់លិចលង់មានចំនួន ៦៥.៧០០ហិចតា និងដំណាំរួមផ្សំ៦៦៦ហិចតា ក្នុងនោះមាន៤ ក្រុង-ស្រុក ខូចខាតធ្ងន់ធ្ងរ រួមមាន ស្រុកមង្គលបូរី ក្រុងសេរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បានផ្តល់គ្រាប់ពូជដូចជា ស្រូវ ដំឡូង ដំណាំរួមផ្សំ ដល់ប្រជាកសិករដែលរងការខូចខាតដោយសារទឹកជំនន់នេះហើយចាប់ពីថ្ងៃទី២៨ ខែតុលានេះទៅ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា មន្ត្រីអមដំណើរ និង រដ្ឋបាលក្រុង ស្រុកនិង ឃុំសង្កាត់ជាច្រើននាក់បានចូលរួមផងដែរ។
លោកបណ្ឌិត វង់ សណ្ដាប់ បានថ្លែងក្នុងកិច្ចប្រជុំថា ក្រោយពីទឹកជំនន់ស្រកទៅវិញអស់ មានការងារជាច្រើនដើម្បីបន្តស្តារផលប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះទឹកជំនន់ រឿងយើងដែលត្រូវធ្វើបន្តដល់ប្រជាកសិករដែលរងការខូចខាត និងប៉ះពាល់ផលដំណាំគឺផ្តល់ស្រូវពូជ គ្រាប់ពូជ មានចំនួន៦មុខដើម្បីទុកបង្កបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្មមកបម្រើជូនប្រជាកសិករផងដែរ។
ក្នុងនោះលោកបណ្ឌិត វង់ សណ្ដាប់ បានឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវធ្វើការវាយតម្លៃនៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ ជាពិសេសមន្ទីរកសិកខេត្តត្រូវដោះស្រាយជូនតែប្រជាពលរដ្ឋណាដែលខូចខាតស្រូវពិតប្រាកដតែប៉ុណ្ណោះ ។
លោកបណ្ឌិតបានបន្តថា ក្រៅពីការស្តារពីផលខូចខាតដោយសារតែគ្រោះទឹកជំនន់ចប់ការចាំបាច់ដែលប្រជាពលរដ្ឋធ្វើបន្ថែមទៀតនោះ គឺបន្តការងារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ត្រូវតែខិតខំការពារខ្លួនកុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩ដល់សហគមន៍ ព្រោះជំងឺកូវីដ.១៩នេះ បានបំផ្លាញយើងអស់ហើយ ប្រជាពលរដ្ឋត្រូវការពារខ្លួនពីកូវីដ១៩នេះ មិនត្រូវទុកចិត្តគ្នាទេ យើងអាចយកឈ្នះកូវីដបាន នៅពេលបុគ្គលម្នាក់ៗចេះប្រុងប្រយ័ត្នការពារខ្លួន តាមរយៈការអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ ការរក្សាគម្លាត និងប្រើប្រាស់ការមិនទុកចិត្តគ្នាថា អ្នកណាមានជំងឺកូវីដ-១៩ ឬអ្នកនោះមិនមានជំងឺកូវីដ-១៩ ជាដើម៕ (កែសម្រួលដោយ ៖ ធីតា)