ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ៖ កត្តាចាំបាច់​សម្រាប់​ប្រជាជាតិ​កម្ពុជា​គឺ​សន្តិភាព

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក បាន​ថ្លែង​ថា អ្វី​ដែល​ជា​ភាព​ចាំបាច់​សម្រាប់​ប្រជាជាតិ​កម្ពុជា​នៅ​ក្នុង​ដំណាក់កាល​នេះ…

ខេត្តកំពង់ធំ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក បាន​ថ្លែង​ថា អ្វី​ដែល​ជា​ភាព​ចាំបាច់​សម្រាប់​ប្រជាជាតិ​កម្ពុជា​នៅ​ក្នុង​ដំណាក់កាល​នេះ គឺ​ត្រូវ​នាំ​គ្នា​គោរព​អនុវត្ត​ឱ្យ​បាន​តាម​មាគ៌ា​នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ធ្វើ​យ៉ាងណា​ប្តូរផ្តាច់​រក្សា​ការពារ​ឱ្យ​បាន​នូវ​សុខ​សន្តិភាព សុវត្ថិភាព សុខភាព​របស់​ប្រជាជន ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​ខិតខំ​ពង្រីក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អន្តរជាតិ ដើម្បី​ជួយ​ឱ្យ​ប្រជាជាតិ​កម្ពុជា​បន្ត​វឌ្ឍនភាព​រីក​ចម្រើន​តទៅ​មុខ​។

ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ចំនួន ១០០​គ្រួសារ នៅ​ឃុំ​ចុង​ដូង និង​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​មក​ពី​៨​ភូមិ​នៃ​ឃុំ​ត្នោត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ប្រសាសន៍​សួរសុខទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​សម្ដេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​គ្នា ខណៈ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន និង​កំពុង​ខិតខំ​ទាំងថ្ងៃទាំងយប់ ដើម្បី​ដោះស្រាយ​កិច្ចការ​ប្រទេស​ជាតិ និង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់កាល​ជួប​នូវ​វិបត្តិ​ផ្ទួន​ៗ​គ្នា​នេះ មាន​ដូច​ជា​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ គ្រោះ​ទឹកជំនន់ ពិសេស​គឺ​កិច្ច​ការពារ​សុខ​សន្តិភាព និង​កិច្ចការ​ជា​ច្រើន​ទៀត​ផង​ដែរ​។ លោក​បាន​បន្ត​ថា ទោះជា​មមាញឹក​យ៉ាងណា​ក៏​ដោយ ក៏​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែមាន​ទម្លាប់​ចុះ​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដែល​ជួប​ការ​លំបាក តួយ៉ាង​ដូច​ជា​សកម្មភាព​ចុះ​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ភាគ​ពាយ័ព្យ នា​ប៉ុន្មាន​ថ្ងៃនេះ​ជាដើម​។

ជាមួយ​គ្នា​នោះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​តែងតែ​ផ្ដាំផ្ញើ​ក្រើនរំឭក​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ អាជ្ញាធរ​គ្រប់​មូលដ្ឋាន ត្រូវ​ក្ដាប់​ឱ្យ​បាន​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វី​ដ និង​ដំណាក់កាល​ជួប​គ្រោះ​ទឹកជំនន់​នេះ ដូច្នេះ​ហើយ​ទើប​រូប​លោក​ផ្ទាល់​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​រង​គ្រោះ​នានា និង​នាំ​យក​អំណោយ​មក​ចែក​ជូន​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ការ​លំបាក​បាន​មួយ​កម្រិត​ផង​ដែរ​។ លោក​បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​មាន​ទម្លាប់​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ជា​និច្ច ដាច់ខាត​មិន​ដែល​រត់​ចោល​ប្រជាពលរដ្ឋ ឬ​ឱ្យ​ប្រជាពលរដ្ឋរ​ត់ទៅ​រក​សម្ដេច​វិញ​ឡើយ «​ទីណា​មាន​ប្រជាពលរដ្ឋ​ជួប​ទុក្ខ ទៅ​នោះ​មានមុខ​សម្ដេច​តេ​ជោ ហ៊ុន សែន​»​។

លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ពាក្យស្លោក​មួយ​ឃ្លា និង​តែង​អនុវត្ត​ជា​រៀង​រហូត​មក នោះ​គឺ «​ស្រលាញ់​ជាតិ គឺ​ជួយ​ប្រជាជន​»​។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​ការពារ​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​ជន​ដទៃ​ទៀត​បាន​យក​ជីវិត​ទៅ​ប្ដូរ​មកនេះ និង​ត្រូវ​អប់រំ​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​យល់​ពី​តម្លៃ​សន្តិភាព ចេះ​ស្រលាញ់​ការពារ​សន្តិភាព​នេះ​ឱ្យ​ខាង​តែ​បាន​។ លោក​បាន​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​តាម​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល​អំពី​ការ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព អនាម័យ និង​ការ​រស់នៅ​របស់​ខ្លួន​។

លោក ថោ​ង ខុន ក៏​បាន​បន្ត​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ស្ថាប័ន​ជាតិ ស្ថាប័នឯកជន​នានា ត្រូវ​ខិតខំ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ឱ្យ​បាន​រឹង​មាំ ដើម្បី​រួម​គ្នា​បន្ត​ការ​អភិវឌ្ឍ​អង្គភាព ស្ថាប័ន ឬ​មូលដ្ឋាន​សហគមន៍​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​វឌ្ឍនភាព​រីក​ចម្រើន​តទៅ​មុខ​ទៀត ពិសេស​សូម​បន្ត​ប្រពៃណី​សហការ​ជួយ​ឧបត្ថម្ភគ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កាលៈទេសៈ​ដូចដែល​យើង​បាន និង​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ ដែល​កាយវិការ​នេះ​ក៏​ជា​ការ​ចូលរួម​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ថែរក្សា​ថាមពល​ដ៏​រឹង​មាំ រួមចំណែក​ដល់​កិច្ច​ក​ការពារ​សុខ​សន្តិភាព​លើ​ដែនដី​កម្ពុជា​។

ទន្ទឹម​នោះ​លោក ថោ​ង ខុន លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ទៅ​ថ្ងៃ​មុខ និង​ទុក​ក្នុង​ស្រែ​ដើម្បី​ឱ្យ​ស្រូវ​មានការ​លូតលាស់​ល្អ ពិសេស​ត្រូវ​ត្រៀម​ស្រូវពូជ ឬ​គ្រាប់ពូជ​ដំណាំ​ផ្សេង​ទៀត ដើម្បី​បង្កបង្កើន​ផល​នៅ​រដូវ​ក្រោយ​។ ជាមួយ​គ្នា​នោះ លោក​បាន​ផ្ដាំផ្ញើ​ទៅ​កាន់​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​បារាយណ៍​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​អំពី​ការងារ​នេះ​ឱ្យ​បាន​ដិត​ដល់​។ លោក​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ពង្រឹង​-​ពង្រីក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​អន្តរជាតិ ពិសេស​លើ​ផ្នែក​ពាណិជ្ជកម្ម និង​កិច្ច​សហ​ប្រត្តិការ​សេដ្ឋកិច្ច វប្បធម៌ ដើម្បី​ពង្រីក​កិត្យានុភាព​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ពី​ចម្ងាយ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេស​គឺ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រោយ​បាន​ស្ដាប់​នូវ​ការ​ពន្យល់​របស់​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ខាងលើ​នេះ​។ ពួក​គាត់​ពិតជា​មាន​ភាព​កក់ក្ដៅ​យ៉ាង​ខ្លាំង ថ្វី​ដ្បិតថា​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ និង​គ្រោះ​ធម្មជាតិ​យ៉ាងនេះ​ក្ដី ប៉ុន្តែ​ពួក​គាត់​ទុកចិត្ត​ចំពោះ​ការ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

គួរ​ជម្រាប​ថា អំណោយ​ដែល​នាំ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ ១០០​គ្រួសារ នៅ​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ នា​ពេល​នោះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ ១​បាវ (២០​គីឡូក្រាម​) មី ១​កេស ទឹកបរិសុទ្ធ ១​កេស ត្រីខ ១​យួរ ទឹកត្រី ១​យួរ ថ្នាំ Tiffy ៥​បន្ទះ​។ ក្រៅពី​នេះ លោក​ក៏​បាន​ប្រគល់​ជំនួយ​ឧបត្ថម្ភ​ដល់​សាលា​បឋម​សិក្សា​ចំនួន​៧ និង​អនុ​វិទ្យាល័យ​ចំនួន​១ នូវ​សម្ភារ​សិក្សា​ក្នុង​មួយ​កន្លែង ៣០​កញ្ចប់ ព្រមទាំង​ចែក​ជូន​ក្រុមប្រឹក្សា​ឃុំ សាខា​បក្ស​ភូមិ និង​ប៉ុស្ដិ៍​នគរបាល​នូវ​ទឹក​សម្លាប់​មេរោគ ២​ធុង ជែ​ល​លាងដៃ និង​គ្រឿង​ឧបភោគ​-​បរិភោគ​ខ្លះ​ទៀត ខណៈ​អំណោយ​មួយ​ចំនួន​ក៏​បាន​មក​ពី​សប្បុរសជន​ជនជាតិ​ចិន​នៃ​ក្រុមហ៊ុន Life insurance ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ