ខេត្តឧត្តរមានជ័យ ៖ កូនប្រុសចិត្តខ្លាំងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានប្រើអំពើហិង្សាយកដំបងជ្រុងវាយទៅលើឪពុកបង្កើតខ្លួន បណ្ដាលអោយរងរបួសផ្ទៃមុខធ្ងន់ធ្ងរ ។
ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស វាយឪពុកបង្កើតនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ធៀន ផល ភេទប្រុស អាយុ៣៣ឆ្នាំ បានយកដំបងឈើប្រវែង៧១សងទីម៉ែត្រ វាយទៅលើជនរងគ្រោះឈ្មោះ ដុក ធៀន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (ត្រូវជាឪពុកបង្កើត) បណ្តាលអោយរងរបួសបែកលើចិញ្ចើមភ្នែកខាងឆ្វេង ចំនួន០៣កន្លែង មូលហេតុ ខឹងនឹងឪពុកមិនធ្វើម្ហូបឲ្យខ្លួន ។
ដោយមានការចង្អុលបង្ហាញ និងណែនាំពីលោកស្នងការនគរបាលខេត្តឧត្តរមានជ័យ និងចាត់អោយលោកអធិការស្រុកបន្ទាយអំពិល នាំជនរងគ្រោះទៅមន្ទីរពេទ្យ និងបានប្រគល់ថវិកាមួយចំនួនដល់ជនរងគ្រោះផងដែរ ។
បច្ចុប្បន្ន ជនដៃដល់ ត្រូវសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ