ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​20​គ្រួសារ​ប្រឆាំង​ក្រុមហ៊ុន​មួយ​បំផ្ទុះ​ថ្មភ្នំ​ប៉ះពាល់​ដល់​​លំនៅ​ឋាន

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយ​សាប​សិ​ម​ជាង​២០​គ្រួសារ បាន​នាំ​គ្នា​ទៅ​សាលាឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បញ្ឈប់​​សកម្ម​ភាព​បំផ្ទុះ​យក​ថ្មភ្នំ​របស់​ក្រុមហ៊ុន​លោកស្រី គ្រុឌ កូ​ឡា…

ខេត្តព្រៃវែង ៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយ​សាប​សិ​ម​ជាង​២០​គ្រួសារ បាន​នាំ​គ្នា​ទៅ​សាលាឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បញ្ឈប់​​សកម្ម​ភាព​បំផ្ទុះ​យក​ថ្មភ្នំ​របស់​ក្រុមហ៊ុន​លោកស្រី គ្រុឌ កូ​ឡា នៅ​លើ​ភ្នំ​ឈើ​កាច់ ដោយ​អះអាង​ថា ក្រុម​ហ៊ុន​នេះ​ខួង​រណ្តៅ​ធំ​ៗ​ដាក់​គីប​រំសេវ​បំផ្ទុះ​ញ័រ​រង្គើ​ដល់​ផ្ទះសម្បែង​របស់​ពួក​គាត់​ខ្លាំង​ណាស់ ។

ពលរដ្ឋ​ទាំងនោះ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​លោកស្រី គ្រុឌ កូ​ឡា មាន​អាជ្ញាប័ណ្ណ​សិប្បកម្ម ដែល​ចេញ​ដោយ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ដែល​ក្នុង​លក្ខខណ្ឌ​ច្បាប់ គឺ​ឱ្យធ្វើ​ដោយ​ដៃ​ទាំងអស់ ខួង​រណ្តៅ​តូច​ៗ​ដោយ​ដៃ វាយ​ថ្ម​ដោយ​ដៃ គឺ​ប្រើ​កម្លាំង​មនុស្ស​ទាំងអស់ ។ ប៉ុន្តែ​ពេល​ធ្វើ​ជាក់​ស្តែង លោកស្រី គ្រុឌ កូ​ឡា ប្រើ​គ្រឿងចក្រ​និង​ខួង​រណ្តៅ​ធំ​ៗ ពេល​បំផ្ទុះ​ម្តង​ៗ​ធ្វើ​ឱ្យ​ញ័រ​រង្គើ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​នោះ​ជា​ខ្លាំង ។

ពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា ពួក​គាត់​មិន​ហាម​ឃាត់​ក្រុមហ៊ុន​បំផ្ទុះ​យក​ថ្មភ្នំ​ទេ តែ​ហាម​មិន​ឱ្យ​គេ​ខួង​បំផ្ទុះ​រណ្តៅ​ធំ​ៗ សុំ​ឱ្យ​ខួង​រណ្តៅ​តូច​ៗ ដូច​ដែល​ច្បាប់​ខ្នាត​សិប្បកម្ម​បាន​កំណត់ នោះ​គឺ​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទេ ។

ជុំវិញ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោកស្រី គ្រុឌ កូ​ឡា អះអាង​ថា សកម្មភាព​បំផ្ទុះ​ថ្មភ្នំ​របស់​ក្រុមហ៊ុន​គាត់ មិន​ទាន់​បាន​ប៉ះពាល់​ដល់​ផ្ទះសម្បែង​អ្នកស្រុក​ណា​ម្នាក់​ទេ ការ​ប្តឹង​ចោទ​នេះ គឺ​អ្នកស្រុក​មាន​បំណង​ចង់​ធ្វើបាប​គាត់​តែ​ប៉ុណ្ណោះ ។ លោកស្រី​បញ្ជាក់​ថា គាត់​ពិតជា​បាន​ខួង​បំផ្ទុះ​រណ្តៅ​ធំ​ៗ និង​ធ្វើ​ឱ្យ​រង្គើ​ញ័រ​ខ្លាំង​មែន​ប៉ុន្តែ​ក្រុមហ៊ុន​ផ្សេង​ទៀត​ក៏​ខួង​បំផ្ទុះ​ដូច​គ្នា​ដែរ ចុះ​ហេតុ​អ្វី​អ្នកស្រុក​មិន​ប្តឹង​មក​ប្តឹង​តែ​ក្រុមហ៊ុន​គាត់ ធ្វើ​នេះ​គឺ​អយុត្តិធម៌​ណាស់ សម្រាប់​រូប​គាត់ ។

ចំណែក​ខាង​អាជ្ញាធរ​ឃុំ​ជើងភ្នំ​វិញ បាន​ប្រាប់កោះសន្តិភាព​ថា ពាក្យ​ស្នើ​សុំ​និង​បណ្តឹង​របស់​ពល​រដ្ឋ អាជ្ញាធរ​ឃុំ​បាន​ទទួល​ហើយ ប៉ុន្តែ​ករណី​នេះ​វា​ហួស​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​ឃុំ ។ ដូច្នេះ​ខាង​ឃុំ​នឹង​បញ្ជូន​រឿង​នេះ​ទៅ​ឱ្យ​ខាង​ស្រុក​ជា​អ្នក​ដោះស្រាយ​វិញ ។

ដោយឡែក ខាង​មន្ត្រី​ជំនាញ​វិញ លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ដោយ​សារ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ហើយ​គ្មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ