ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន បង្ហើប​ពី​គម្រោង​បង្កើត​​ទីក្រុង​សៀមរាប​ថ្មី​នា​ពេល​អនា​គត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​គម្រោង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី​មួយទៀត​នា​ពេល​អនាគត ដើម្បី​រួមចំណែក​ជំរុញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​តំបន់​សៀមរាប​អង្គរ​ឲ្យ​បាន​ចំនួន​៧​លាន​នាក់​នៅ​ឆ្នាំ​២០៣៥​ខាង​មុខ និង​បង្កើត​ការងារ​ឲ្យ​បាន​៩០​ម៉ឺន​កន្លែង​។ លោក ថោ​ង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​គម្រោង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី​មួយទៀត​នា​ពេល​អនាគត ដើម្បី​រួមចំណែក​ជំរុញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​តំបន់​សៀមរាប​អង្គរ​ឲ្យ​បាន​ចំនួន​៧​លាន​នាក់​នៅ​ឆ្នាំ​២០៣៥​ខាង​មុខ និង​បង្កើត​ការងារ​ឲ្យ​បាន​៩០​ម៉ឺន​កន្លែង​។

លោក ថោ​ង ខុន បាន​បង្ហើប​អំពី​គម្រោង​ខាងលើ​នេះ នៅ​ក្រោយ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេស​ចរណ៍​រយៈពេល​៩​ខែ ដើមឆ្នាំ​២០២០ និង​ទិស​ដៅ​អនុវត្ត​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​នា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា គម្រោង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី​នេះ ដើម្បី​ទ្រទ្រង់​ទីក្រុង​សៀម​រាប​ចាស់ សំដៅ​បំរើ​ឲ្យ​គោលដៅ​នៃ​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កាន់​តំបន់​សៀមរាប​នេះ​ឲ្យ​បាន​៧​លាន​នាក់​នៅ​ឆ្នាំ​២០៣៥ ហើយនឹង​បង្កើត​ការងារ​ឲ្យ​បាន​៩០​ម៉ឺន​កន្លែង រួម​ទាំង​រក​ចំណូល​ចូល​ថវិកាជាតិ​ឲ្យ​បាន​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៣៥​នោះ​ផង​ដែរ ។

លោក ថោ​ង ខុន បាន​ថ្លែង​ថា ផ្តើម​ពី​គម្រោង​នៃ​ការ​អូស​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខាងលើ​នេះ យើង​ឃើញ​ថា ទីក្រុង​សៀមរាប​ចាស់ មិន​អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​បាន​ច្រើន​តាម​តម្រូវការ​នោះ​ទេ ។ ដូច្នេះ​យើង​ត្រូវ​បង្កើត​គោលដៅ​ទេសចរណ៍​ថ្មី​ចំនួន​៤​ទៀត​នៅ​តំបន់​នោះ​សំខាន់​ការ​បង្កើត​ទីក្រុង​សៀមរាប​ថ្មី​នេះ​តែ​ម្តង ។

លោក​ក៏​បាន​បង្ហើប​ប្រាប់​ថា ទីតាំង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី​នោះ អាច​នឹង​ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង​សៀមរាប​ចាស់ ឬ​ក៏​ម្តុំ​វាល​យន្តហោះ​តែ​ម្តង ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ទីក្រុង​សៀមរាប​ថ្មី​នោះ​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​ណា? ព្រោះថា គម្រោង​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នៅឡើយ ។ ប៉ុន្តែ​លោក​គ្រាន់តែ​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ទីក្រុង​សៀមរាប​ថ្មី​នេះ អាច​នឹង​ប្តូរ​ទស្សនទាន បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​ចាស់ ឬ​អាច​និយាយ​ថា ទីក្រុង​ទំនើប​ជាទី​ក្រុង​វៃឆ្លាត ហើយ​អាច​នឹង​ឌី​ហ្សា​ញ​ជាទី​ក្រុង​បុរាណ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថែម​ទៀត​អំពី​ផែនការ​ជម្រុញ​ភ្ញៀវ​ទេសចរ​សំខាន់​ទេសចរណ៍​ផ្ទៃ​ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ដែល​គ្រប់​ប្រទេស​ទូ​ទាំង​ពិភពលោក​កំពុង​ប្រឈម​បញ្ហា​នោះ​ទាំងអស់​គ្នា ។ ប៉ុន្តែ​លោក​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ យើង បាន​ទប់ស្កាត់​មិន​ឲ្យ​ជំងឺ​កូ​វី​ដ​-១៩​ឆ្លង​ចូល​ក្នុង​សហគមន៍ ហើយ​នោះ​ជា​ឱកាស​ដែរ យើង​មាន​លទ្ធភាព​ជម្រុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ។

លោក ថោ​ង ខុន ក៏​រម្លឹក​ឡើង​វិញ​ថា ក្រោយ​ខែមេសា ឆ្នាំ​២០២០​នេះ យើង​ឃើញ​ថា ទេសចរណ៍​ក្នុងស្រុក​បាន​ដំណើរការ​ឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់ ទោះបីជា​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​មាន​កម្រិត​​ទាប​ជាង​កាលពីមុន​នៃ​សម័យ​កូ​វី​ដ​-១៩ ក៏​ដោយ​ចុះ ។ ប៉ុន្តែ​យ៉ាងណា ក៏​ដោយ​យើង​នៅ​តែ​បន្ត​រិះរក​វិធានការ ដើម្បី​ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ក្នុង​គោលដៅ​គោរព​ឲ្យ​បាន​នូវ​វិធានការ ឬ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

លោក​ក៏​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ យើង​បូក​សរុប​ឃើញ​ថា ទើបតែ​មាន​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ប្រមាណ​៣៦%​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​អនុវត្ត​វិធានការ​ក្នុង​ដំណាក់​កាល​នៃ​ការ​គ្រប់គ្រង​វិបត្តិ​ដែល​បង្ក​ដោយ​កូ​វី​ដ​-១៩ ។ ប៉ុន្តែ​ផ្តើម​ពី​នោះ​យើង​ក៏​លើក​ឡើង​ផង​ដែរ​នូវ​ចលនា​ជំរុញ​ការ​ប្រឡងប្រណាំង​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទាំងឡាយ​ដែល​បាន​អនុវត្ត​ឆ្លើយ​តប​បាន​នូវ​ការ​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍ ដើម្បី​ទទួល​បាន​នូវ​ឡា​ប៊ែ​ល​ផង​ដែរ ។

លោក ថោ​ង ខុន ថ្លែង​ថា តាម​គម្រោង​យើង​នឹង​ជម្រុញ​ឲ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​យ៉ាង​តិច​៧០% អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ព្រោះថា ការ​អនុវត្ត​វិធាន​ការ​សុវត្ថិភាព​នេះ វា​នឹង​បង្កើត​បាន​នូវ​គោលដៅ​សុវត្ថិភាព​ដ៏​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​កត់​ក្តៅ ហើយនឹង​បង្ហាញ​ទៅ​អន្តរជាតិ​បានឃើញ​នូវ​ការ​ខិតខំ​របស់​យើង ។ ផ្តើម​ពី​នោះ​គេ​នឹង​មាន​ភាព​កត់​ក្តៅ ហើយ​ចាប់អារម្មណ៍​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព ។

សូម​ជម្រាប​ថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១.២៤៧.៦៨០​នាក់ ថយ​ចុះ​៧៤,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៩ ។ តាម​ការ​ព្យាករណ៍​ឆ្នាំ​២០២០​នេះ កម្ពុជា​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​១,៣២​លាន​នាក់ ថយ​ចុះ​ប្រមាណ​៨០% បើ​ប្រៀបធៀប​ឆ្នាំ​២០១៩​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ