ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​មក​ដល់​រួច​ប្រើ​ល្បិច​ម៉ា​ស្អាត​ធ្វើ​ស៊ី​ម្ចាស់​ហាង ចុង​ក្រោយ​ទ្រម​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ហើយ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ចូល​ទៅ​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 11​រួច​ក៏​រត់ឡើង​លើ​ម៉ូតូ​ដើម្បី​ចង់​គេចខ្លួន តែ​ចៃដន្យ​អី​ក៏​ត្រូវ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​ស្រែក និង​ដេញ​តាម​ចាប់​បាន​តែ​ម្តង រួច​វាយ​មួយ​ដៃ​វាយ​មួយ​ជើង ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ហើយ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ចូល​ទៅ​ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 11​រួច​ក៏​រត់ឡើង​លើ​ម៉ូតូ​ដើម្បី​ចង់​គេចខ្លួន តែ​ចៃដន្យ​អី​ក៏​ត្រូវ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​ស្រែក និង​ដេញ​តាម​ចាប់​បាន​តែ​ម្តង រួច​វាយ​មួយ​ដៃ​វាយ​មួយ​ជើង ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃ​ទី​26 ខែតុលា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​93 នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ពញ្ញាឮ ដែល​ហាង​លក់​ទូរស័ព្ទ​ដៃ​យីហោ «​ឬ​ទ្ធី​មង្គល​» ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ដែល​ចាប់​បាន​រូប​នេះ​មានឈ្មោះ ធី ធឿ​ន ភេទ​ប្រុស អាយុ​18​ឆ្នាំ ស្នាក់​នៅ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ មានស្រុក​កំណើត​នៅ​ស្រុក​ប​វិល ខេត្តបាត់ដំបង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សយ រិ​ទ្ធី ភេទ​ប្រុស អាយុ​33​ឆ្នាំ មាន​មុខរបរ​បើកហាង​លក់​ទូរស័ព្ទ​ដៃ ស្នាក់​នៅ​ផ្ទះ​លេខ​220 ផ្លូវ​93 ក្រុម​11 សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​គាត់​កំពុង​តែ​ចុច​ទូរស័ព្ទ​​ដៃ​សុខ​ៗ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1F8700 ដោយ​មិនដឹង​ថា​មកពីណា​នោះ​ទេ បានជា​ចូល​មក​ហាង​លក់​ទូរស័ព្ទ​ដៃ​គាត់ រួច​ហើយ​ធ្វើ​ជាត​ថ្លៃ​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 11​ពណ៌​ក្រហម ដែល​លក់​ក្នុង​តំលៃ​ជាង​600$ ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​តថ្លៃ​ត្រូវរ៉ូវ​គ្នា​ហើយ ជន​រង​គ្រោះ​ក៏​ចូល​ក្នុង​មួយ​ភ្លេ​ត ស្រាប់តែ​ជន​សង្ស័យ​រូប​នេះ​បាន​យក​ទូរស័ព្ទ​ដៃ ហើយ​បំរុង​នឹង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​រូប​គាត់ (​ម្ចាស់​លក់​ទូរស័ព្ទ​ដៃ​) ដឹងខ្លួន​ទាន់ ក៏​រត់​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» ទើបបាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន បន្ទាប់​មក​ក៏​នាំ​គ្នា​វាយ​មួយ​ដៃ​វាយ​មួយ​ជើង បណ្តាល​ឱ្យ​ទ្រម​ខ្លួន ទើប​ទំនាក់ទំនង​ហៅ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​1 ចុះ​មក​អន្តរាគមន៍​ឃាត់​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សួរនាំ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍ ទើប​ជនសង្ស័យ​បាន​និយាយ​ថា ខ្លួន​ជិះ​មក​ពី​ម្តុំ​ស្ពាន​លី​យ៉ុ​ង​ផាត់ ហើយ​ចំពោះ​មូលហេតុ​ដែល​លួច​យក​ទូរស័ព្ទ​ដៃ​គេ​នោះ គឺ​មក​ពី​អត់​លុយ​មើល​​ឪពុក​ឈឺ ទើប​សម្រេចចិត្ត​គិត​ខ្លី​បែប​នេះ​តែ​ម្តង ចំណែកឯ​ជន​រង​គ្រោះ​វិញ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​សង្កែ​1 ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ