ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​រង​គ្រោះ​​ដោយ​ទឹកជំនន់​​៤០០​គ្រួសារ​​បាន​ទទួល​អំណោយ​​សម្ដេច​ហេង សំ​រិ​ន

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ អំណោយ​​រួម​មាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និង​ប្រេងកូឡា ជា​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង…

ខេត្តពោធិ៍សាត់​ ៖ អំណោយ​​រួម​មាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និង​ប្រេងកូឡា ជា​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ព​ជាតិ និង​សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ត្រូវ​​បាន​​លោក​ ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់​និង​លោក​ជំទាវ នាំ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​និង​រង​គ្រោះ​ទឹកជំនន់​ចំនួន​៤០០​គ្រួសារ​នៅ​ឃុំ​ក្រពើ​ពីរ ​ស្រុក​វាល​វែង កាលពី​ថ្ងៃ​ទី​២៥ ​ខែតុលា​ ឆ្នាំ​២០២០​។

ក្នុង​ឱកាស​នោះ​ដែរ​ មានការ​ចូល​រួម​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល អភិបាលរង​ខេត្ត តំណាង​មន្ទីរ​អង្គភាព​នានា ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ទៀត​។

​លោក​ ស៊ុ​យ សែ​ម បាន​នាំ​មក​នូវ​ការ​នឹករលឹក​ពី​សំណាក់​សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន​, សម្ដេច​តេ​ជោ ហ៊ុន សែន​, សម្ដេច​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន​, សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​, សម្ដេច​ក្រឡាហោម ស ខេ​ង និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ដែល​តែងតែ​យកចិត្តទុកដាក់​និង​ខ្វាយខ្វល់​អំពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា​។

​លោក​​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់ ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្រែ​ស្រូវ ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន លូ និង ផ្លូវថ្នល់​ជា​ច្រើន​កន្លែង​។

​លោក​ ស៊ុ​យ សែ​ម បាន​កោតសរសើរ​ដល់​ក្រុមការងារ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ជួយ​អន្ដរាគមន៍​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​។ ឃុំ​ក្រពើ​ពីរ​ជា​ឃុំ​រង​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម​ឃុំ​ទាំង​០៥​ក្នុងស្រុក​វាល​វែង ហើយ​ស្ពានឈើ​មួយ​កន្លែង​ត្រូវ​កម្លាំង​ទឹក​បុក​ប៉ើង​បាត់​ស្រមោល​។

​លោក​​រដ្ឋមន្ត្រី​​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ទឹកជំនន់​កើតឡើង​នេះ​ សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន បាន​បរិ​ច្ចាគ​​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជា​ច្រើន​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​ខេត្តពោធិ៍សាត់​ទទួល​បាន​អង្ករ​៣០​តោន ត្រីខ​១០០​កេស​ធំ ទឹកបរិសុទ្ធ​២០០កេស និង​ប្រេងកូឡា​១០០​កេស​ផង​ដែរ​។ អំណោយ​ទាំងនេះ​​ត្រូវ​បាន​បែងចែក​ដល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ភ្នំក្រវាញ ស្រុក​វាល​វែង និង​ស្រុក​បាកាន ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​និង​រង​គ្រោះ​ទឹកជំនន់​។

លោករដ្ឋមន្ត្រីបានបន្ត​ថា សូមកុំ​អស់សង្ឃឹម ធ្វើ​ចំការ ដាំ​បន្លែ ចិញ្ចឹមសត្វ ឬ​​ធ្វើ​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​បាន​លុយ ត្រូវធ្វើ​ឡើង​វិញ បើ​ខ្វះ​ពូជ​ ​លោក​​និង​ក្រុមការងារ​ជួយ​ផ្ដល់​បន្ថែម​។ ​លោក​បាន​​អំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រពើ​ពី​រក៍​ដូច​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាល​វែង​ទាំងមូល កុំ​កាប់​បំផ្លាញដើមឈើ​​​ចោល ​ព្រោះ​វា​មាន​ផលប្រយោជន៍​ច្រើន ហើយ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មិន​មាន​ដុះ​នោះ​ទេ ត្រូវ​រួម​គ្នា​អភិរក្ស​ដើមឈើ ដើម្បី​ទុក​បង្ហាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​ស្គាល់​។

អំណោយ​សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន ដែល​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៤០០​គ្រួសារ​មក​ពី​ភូមិ​ក្រពើ​ពីរ​លើ ក្រពើ​ពីរ​ក្រោម និង​ភូមិ​សំឡាញ នា​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ២៥​គីឡូក្រាម​ ត្រីខ ១០​កំប៉ុង ទឹកត្រី​០៦​ដប ទឹកស៊ីអ៊ីវ ០៦​ដប ប្រេងកូឡា ០៣​ប្រអប់ ម្ស៉ៅ​សាប៊ូ​កន្លះ​​គីឡូក្រាម​ និង​ថវិកា៤០.០០០​រៀល​។

ជាមួយ​គ្នា​នេះ​ លោក​​និង​លោក​ជំទាវ​បាន​ឧបត្ថម្ភ​ថវិការ​មួយ​ចំនួន​ដល់​សាលាស្រុក​វាល​វែង កងកម្លាំងប្រដាប់អាវុធ​ទាំង​បី សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធ ប្រជា​ការពារ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា៦​លាន​រៀល សម្រាប់​ចាក់សាប​ទីធ្លា​សាលា​បឋម​សិក្សា​សំឡាញ​ផង​ដែរ​៕ ​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ