ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ព្រឹទ្ធសភា ៖ សេចក្តីព្រាងច្បាប់​ចំនួន​៥​អនុម័ត​រួច​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​នៅ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៦ នីតិកាល​ទី​៤ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ។ លោក ម៉​ម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​នៅ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៦ នីតិកាល​ទី​៤ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ។

លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា លើក​ទី​៦ នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​ថា សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៦​រូប បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៥ នៅ​ថ្ងៃនេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ ។

លោក ម៉​ម ប៊ុ​ន​នាង បាន​បញ្ជាក់​ថា ៖«​សេចក្តីព្រាងច្បាប់​ទាំងនេះ​តាក់តែង​ឡើង​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​មាន​លក្ខ​ខណៈ​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់ ។ លោក​ថា ទោះបីជា​ជួប​គ្រោះ​ជំងឺ​កូ​វី​ដ​១៩​និង​គ្រោះ​ទឹកជំនន់​យ៉ាងណា​ក្តី រាជរដ្ឋាភិបាល​ខិតខំ​ធ្វើការ​កែទម្រង់​ឲ្យ​ខាន​តែ​បាន​នូវ​គ្រប់​វិស័យ ពិសេស​វិស័យ​ច្បាប់​នេះ គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ស្មើរ​មុខមាត់​នឹង​បណ្តា​ប្រទេស​ធំ​ៗ នៅ​លើក​សកលលោក មិន​ថា ប្រទេស​អ្នកមាន អ្នកក្រ មាន​សេដ្ឋកិច្ច​ជឿនលឿន​អ្វី​នោះ​ទេ​» ។

លោក​បន្ត​ថា នៅ​ពេល​កម្ពុជា​បាន​ចុះ​ស​ន្ធី​សញ្ញា​ជាមួយ​បណ្តា​ប្រទេស​ធំ​ៗ គឺ​មាន​ន័យ​ថា កម្ពុជា​មាន​ភាព​ស្មើមុខ​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ និង​គោរព​អធិបតេយ្យភាព​ទាំង​វិញ​ទៅ​មក​។ លោក​គូសបញ្ជាក់​ថា ៖«​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​ឲ្យ​ប្រទេស​ស្មើមុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ ។ យើង​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ទណ្ឌិត​ទៅ​វិញ​ទៅ​មក​បាន​ហើយ យើង​ជួយ​ការ​កាត់ក្តី​ផង​ដែរ ចំពោះ​ប្រជាជន ដូច​ជា ប្រទេស​គេ​មានការ​កាត់ទោស​ប្រហារជីវិត តែ​យើង​អត់​មាន តែ​យើង​អាច​ជួយ​ប្រជាជន​បាន​ដោយ​ខាង​ក្រសួងយុត្តិធម៌​អាច​ស្នើ​យក​ប្រជាពលរដ្ឋ​មក​ដាក់ទោស​នៅ​ក្នុង​ប្រទេស​វិញ​បាន​ដោយ​មិន​ប្រហារជីវិត ។ នេះ​ហើយ​ជា​ការ​ជួយ និង​ការពារ​ប្រជាជន​យើង​នៅ​ពេល​ធ្វើ​ខុស​នៅ​ក្រៅប្រទេស​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏​បាន​លើក​ឡើង​ថា ការ​ដែល​កម្ពុជា​មាន​សន្ធិសញ្ញា​ជាមួយ​បណ្តា​ប្រទេស​ធំ​ៗ​លើ​វិស័យ​ច្បាប់​នេះ​ក៏​ធ្វើ​ឲ្យ​ប្រជាជន​មាន​សិទ្ធិ​ស្មើគ្នា​ជាមួយ​ប្រជាជន​នៅ​បណ្តា​ប្រទេស​ធំ​នោះ​ដែរ ។ ជាង​នេះ​ការ​មាន​សិទ្ធិ​ការពារ​ផ្នែក​ច្បាប់​ចំពោះ​ប្រ ជា​ជន​ខ្លួន​ផង​ដែរ ។

លោក​ថា ៖«​អី​ញ្ចឹ​ង​ហើយ​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​ឲ្យ​ស្មើមុខ​មាត់ និង​ដោះស្រាយ​ឲ្យ​ស្មើភាព​មិន​ឈរ​ទៅ​លើ​ប្រទេស​តូច ឬ​ធំ ឬ​ប្រទេស​អ្នកមាន ឬ​អ្នក ក្រ​នោះ​ទេ ។ ច្បាប់​ទាំងនេះ​ក៏​មាន​តម្រូវការ​សំខាន់​ណាស់​សម្រាប់​អ្នក​វិនិយោគ​ផង​ដែរ ព្រោះ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មានការ​ទុកចិត្ត​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ