រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ ដែលបានដើរស្រែកយំកាលវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០កន្លងទៅ ហើយប្រាប់អ្នកសារព័ត៌មានថា រូបគាត់ត្រូវបានចោរឆក់ ជាព័ត៌មានមិនពិតទេ ។
បើយោងតាមសេចក្តីបកស្រាយបំភ្លឺ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីធ្វើការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធី នៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ។
ក្រោយពីធ្វើការសាកសួរ ស្ត្រីឈ្មោះ ZHAO YUNYAN រូបនេះបានសារភាពថា មិនមានករណីឆក់កើតឡើងមកលើរូបគាត់នោះទេ ដោយសារតែ គាត់ចង់បានលុយ ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង ។
ម្យ៉ាងវិញទៀត ដោយមានការសង្ស័យថា ស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញបានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថា គាត់ពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ។
ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខនៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ។
សូមរម្លឹកឡើងវិញថា កាលវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០កន្លងទៅ មាននារីជនជាតិចិនម្នាក់ ដើរអូសវាលី ស្រែកយំឈរតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានចុះទៅផ្សាយជួយលួងលោមនាំមកខាងវិញ តែនាងមិនព្រម ក៏ស្រែកឡាំប៉ា នៅចំណុចរង្វង់មូលសម្ដេចសង្ឃជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដើម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួន អាចក្នុងគោលបំណងអាក្រក់ដើម្បីបំពុលបរិយាកាសសង្គមផងដែរ ៕
ចែករំលែកព័តមាននេះ