ខេត្តបាត់ដំបង ៖ អំពើ«ចោរកម្ម»ហាក់បាននិងកំពុងកើតឡើងពេញបន្ទុក និងយ៉ាងសកម្មស្ទើរគ្មានសល់មួយថ្ងៃ ដែលបង្កឡើងដោយជនមិនស្គាល់មុខ ខណៈតម្រុយពីមុខសញ្ញាចាស់ដែលបានប្រព្រឹត្តជាហូរហែកន្លងទៅថ្មីៗនេះ មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដែលជាហេតុធ្វើឲ្យក្រុមប្រព្រឹត្តអំពើ«ចោរកម្ម»កាន់តែបង្កើនសកម្មភាព។
បើតាមរបាយការណ៍បឋម ដែលកោះសន្តិភាពទទូលបាន ត្រឹមព្រឹកថ្ងៃទី២៧ តុលា ក្នុងរយៈពេល០៤ថ្ងៃកន្លងទៅនេះ ( ២៣ដល់២៦,១០,២០) អំពើ«ចោរកម្ម»ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចំនួន០៤លើកផ្ទូនៗ លួចម៉ូតូរបស់ពលរដ្ឋនៅក្នុងក្រុងបាត់ដំបងអស់ចំនួន០៥គ្រឿង។ នេះមិនទាន់គិតអំពើចោរកម្ម«គាស់ផ្ទះ ឆក់ លួច» ផ្សេងៗទៀតដែលកើកឡើងមុនៗ និង នៅតាមបណ្ដាស្រុកមួយចំនួន ដែលមន្ត្រីមូលដ្ឋានបានលាក់បាំងបទល្មើសមិនរាយការណ៏។
ជាក់ស្ដែង អំពើ«ចោរកម្ម»ដែលបានកើតឡើងចុងក្រោយនេះ នៅវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី២៦ តុលា ជនមិនស្គាល់មុខបានធ្វើសកម្មភាពកាច់សោរ លួចយកម៉ូតូមួយគ្រឿង នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិចំការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលម្ចាស់ម៉ូតូឈ្មោះ ឈឿង សុគន្ធា អាយុ២៦ឆ្នាំ និង ប្រពន្ធឈ្មោះ ស៊ន សោភា អាយុ២៦ឆ្នាំ រួចជិះគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។ រហូតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៧ តុលា គេនៅមិនទាន់ឃើញសមត្ថកិច្ចជំនាញ ចុះទៅសួរនាំជនរងគ្រោះដល់ផ្ទះកើតហេតុទេ។
បើយោងលើព្រឹត្តហេតុ នៅក្នុងរបាយការណ៏បានបង្ហាញថា នៅយប់ថ្ងៃទី២៣ តុលា ចោរបានចូលលួចយកម៉ូតូពាក់ស្លាកលេខរាជការមួយគ្រឿង នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ , នៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ តុលា ចោរបានកាច់សោរ.ក លួចយកម៉ូតូមួយគ្រឿង នៅម្ដុំខាងលិចវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងភូមិព្រេកមហាទេព សង្កាត់ស្វាយប៉ោ, នៅយប់ថ្ងៃទី២៥ តុលា ចោរបានចូលលួចយកម៉ូតូពលរដ្ឋចំនួន០២គ្រឿង ដែលទុកនៅក្នុងផ្ទះ ស្ថិតនៅភូមិដំណាក់ហ្លូង សង្កាត់វត្តគរ, និង លើកចុងក្រោយ នៅព្រលប់ថ្ងៃទី២៦ តុលា ចោរបានចូលកាច់សោរ កលួចយកម៉ូតូមួយគ្រឿងទៀត នៅខាងមុខផ្ទះជួល ស្ថិតនៅក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ហើយសុទ្ធិតែជិះគេចខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។
ប្រភពពីមន្ត្រីខ្លះបានប្រាប់ថា ចំនួនបទល្មើសដែលកើតឡើងប៉ុន្មានលើកខាងលើនេះ មិនទាន់រាប់បញ្ចូលបទល្មើសដែលបានកើតឡើងស្ទើររាប់ភ្លេចមុនថ្ងៃទី២៣ តុលា ដែលសមត្ថកិច្ចគ្មានតម្រុយពីមុខសញ្ញានៅឡើយទេ ហើយក៏មិនទាន់គិតពីបទល្មើសនានា ដែលនៅតាមបណ្ដាអធិការស្រុកខ្លះ បានព្យាយាមបិតបាំងឬធ្វើរបាយការណ៏ភូតកុហក់ថ្នាក់លើនោះដែរ។ ដោយឡែក បើនិយាយពីបទល្មើស (ចោរលួចម៉ូតូ) នៅមុខបន្ទប់ជួល កាលពីព្រលប់ថ្ងៃទី២៦ តុលា វិញ បើតាមម្ចាស់ម៉ូតូឈ្មោះ ឈឿង សុគន្ធា បាននិយាយថា ចោរបានលួចយកម៉ូតូរបស់ខ្លួន នៅពេលខ្លួនកំពុងនៅកន្លែងធ្វើការ រីឯប្រពន្ធខ្លួនកំពុងធ្វើម្ហូបនៅក្នុងបន្ទប់។ ប៉ុន្តែខ្លួនបានដឹងនៅពេលខ្លួនចេញពីកន្លែងធ្វើការដើរទៅដល់បន្ទប់វិញ មិនឃើញម៉ូតូនៅខាងមុខបន្ទប់ សួរប្រពន្ធក៏មិនដឹង ទើបមានការផ្អើលឆោឡោតែម្ដង។
ជនរងគ្រោះបាននិយាយថា នៅប៉ុន្មាននាទីក្រោយពីបាត់ម៉ូតូ ខ្លួនក៏បានទៅប្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកព្រះស្ដេច តែមិនឃើញមានមន្ត្រីណាម្នាក់នៅប្រចាំការទេ។ ពេលនោះ ខ្លួនបានឃើញលេខទូរស័ព្ទរបស់មន្ត្រីប៉ុស្ដិ៍ដែលបិទនៅលើជញ្ជាំងសម្រាប់ឲ្យពលរដ្ឋទាក់ទង។ ប៉ុន្តែនៅពេលដែលខ្លួនទូរស័ព្ទទៅលេខនោះ ( ០១២ ៣៨៤៩៥៤ ) ដើម្បីសុំប្ដឹងពីរឿងចោរលួចម៉ូតូ ស្រាប់តែម្ចាស់លេខឆ្លើយតបវិញយ៉ាងដូច្នេះថា «ពេលនេះអត់មានប៉ូលិសនៅទេ ចាំស្អែកម៉ោងប្រហែល ៨ឬ៩ព្រឹក ចាំមកប្ដឹង»។ ជនរងគ្រោះបានបញ្ជាក់ថា ក្រោយពីខ្លួនទទូលបានចម្លើយតបបែបអវិជ្ជមាននេះ ខ្លួនក៏ជិះម៉ូតូទៅប្ដឹងនៅអធិការដ្ឋានក្រុងបាត់ដំបង តែម្ដងទៅ។ ហើយគិតត្រិមម៉ោងជិត៩ព្រឹកថ្ងៃទី២៧ តុលា នេះ មិនទាន់ឃើញមន្ត្រីរូបណាចុះទៅសួរនាំខ្លួនដល់បន្ទប់ជួលនៅឡើយទេ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្ត បានដាក់ចេញនូវផែនការ «បើកចំហជើងមេឃ» ឲ្យមន្ត្រីរបស់ខ្លួនផ្ដល់លេខទូរស័ព្ទប្រកាសជាសាធារណៈ ចាប់តាំងពីមន្ត្រីប៉ុស្ដ៏រដ្ឋបាល អធិការស្រុក ក្រុង រហូតដល់លេខស្នងការរង និង ថែមទាំងលេខរបស់លោកស្នងការផ្ទាល់ទៀតផង ដើម្បីងាយស្រូលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនងផ្ដល់ព័ត៏មាន ឬ រាយការណ៏អំពីបទល្មើសនានា ដែលបានកើតឡើង នៅក្នុងមូលដ្ឋាន។ ផែនការ«បើកចំហរជើងមេឃ» របស់លោក សាត គឹមសាន នេះ បានធ្វើឡើង បន្ទាប់ពីលោកប្រកាសចូលកាន់ដំណែងជាស្នងការខេត្ត បានរយះពេល០៣ថ្ងៃ។
ដំបូងគេឃើញផេករបស់«ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង»ដែលគេដឹងថា គ្រប់គ្រងដោយលោក អ៊ឹម កុសល ស្នងការរងខេត្ត បានបង្ហោះផ្ទាំងរូបថតលោកសាត គឹមសាន ភ្ជាប់ជាមួយនូវលេខទូរស័ព្ទចំនួន០២ ខ្សែ ក្នុងនោះមានលេខទូរស័ព្ទលោកស្នងការផ្ទាល់មួយខ្សែផង។ ក្រោយមកទៀត នៅតាមបណ្ដាស្រុក និង ក្រុង ក៏ចាប់ផ្ដើមបង្ហោះផ្ទាំងលេខទូរស័ព្ទដែលមានភ្ជាប់រូបថតលោកអធិការ និង លោកមេប៉ុស្ដ៏ ដូចៗគ្នានឹងលោកស្នងការដែរ។
មហាជនហាក់បានបង្ហាញនូវការគាំទ្រ ចំពោះផែនការបើកចំហរជើងមេឃរបស់លោកស្នងការថ្មីនេះ។ ប៉ុន្តែផ្ទុយទៅវិញ ផែនការនេះទើបមានអាយុប្រហែលជាងមួយខែប៉ុណ្ណោះ ស្រាប់តែក្លាយជាផែនស្ករយ៉ាងផ្អែមស្ទើរទន់ឆ្អឹងទៅវិញ។ ព្រោះតែមន្ត្រីមួយចំនួន ដែលផ្ដល់លេខទូរស័ព្ទឲ្យពលរដ្ឋទំនាក់ទង បានត្រិមតែសន្យា តែមិនឲ្យថ្លៃ។ ជាក់ស្ដែង មន្ត្រីនគរបាលប៉ុស្ដ៏រដ្ឋបាលព្រែកព្រះស្ដេចតែម្ដង ដែលពលរដ្ឋទូរស័ព្ទទៅប្ដឹងរឿងបាត់ម៉ូតូ បែរជាសន្យាជាមួយជនរងគ្រោះថា «ចាំស្អែក ចាំមកប្ដឹង»។ តើនេះឬជាភាពងាយស្រូលសម្រាប់ពលរដ្ឋ នៅពេលជួបគ្រោះអាសន្ន ?
ជុំវិញអំពើ «ចោរកម្ម» ដែលកើតឡើងគ្មានសញ្ញាថមថយនេះ គេមិនទាន់ដឹងថា តើលោកស្នងការខេត្ត ដែលទើបចូលកាន់តំណែងបានជាង១ខែកន្លងទៅនេះ មានយុទ្ធសាស្ត្រ ឬ វីធានការប្លែកខុសពីលោកស្នងការមុនៗបែបណានោះទេ ក្នុងការទប់ស្កាត់ ឬបង្ក្រាបបទល្មើស ? ប៉ុន្តែបើតាមប្រភពពីមន្ត្រីខ្លះថា គ្មានទេ.! មានតែមន្ត្រីជំនាញខិលខូចមួយចំនួន បង្កើតផែនការប្រមូលផលប្រយោជផ្ទាល់ខ្លួន ឬ បក្សពួក រីឯផែនការដើម្បីផលប្រយោជរួមសេរ៉ូ..។ ដូច្នេះហើយ ទើបបទល្មើលកើតឡើងស្ទើរញ៉ុកភ្នែកបែបនេះ៕
ចែករំលែកព័តមាននេះ