រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងបោះពួយយ៉ាងលឿន រួចក៏រេចង្កូតជ្រុលទៅបុកចំពីក្រោយរថយន្តធន់ធំមួយគ្រឿងទៀតដែលឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្តុបក្បាលថ្នល់ប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-4819 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានរេចង្កូតទៅខាងស្ដាំ ក៏ជ្រុលទៅបុកចំពីក្រោយរថយន្តធន់ធំមួយគ្រឿងទៀតមិនចាំម៉ាក ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូដួលបោកក្បាលទៅនឹងគូទរថយន្តដាច់ខ្យល់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបន្តថា ចំណែកឯម៉ូតូវិញ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តក៏បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗដោយសុវត្ថិភាពផងដែរ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការអន្តរាគមន៍ និងបានឆែកឆេរទៅលើខ្លួនរបស់ជនរងគ្រោះ ដើម្បីស្វែងរកអត្តសញ្ញាណងាយស្រួលទាក់ទងទៅសាច់ញាតិ។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចបានធ្វើការឆែកឆេរនៅលើខ្លួនរបស់ជនរងគ្រោះមិនមានអ្វីនៅលើខ្លួននោះទេ គឺមានតែកូនកាបូបដៃមួយដែលគ្មានអ្វីនៅក្នុងនោះទាល់តែសោះ។ ចំណែកឯជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណ ដែលមានវ័យប្រហែល៣០ឆ្នាំ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវស្វែងរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំប្រគល់ទៅឲ្យសាច់ញាតិរបស់ជនរងគ្រោះយកត្រឡប់ទៅវិញនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ