ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​នាគ​ប្រវែង​ជាង​4​ម៉ែត្រ​ទើរ​លើ​ឆ្នេរសមុទ្រ​វៀតណាម

8 ឆ្នាំ មុន

ត្រី​ចង្វា​ទូក (Oarfish ឬ Raddlefish) ឬ​ត្រី​នាគ​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​រលក​បោកបក់​ទៅ​ទើរ​លើ​ឆ្នេរសមុទ្រ​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៥ ។ បណ្តា​អ្នកស្រុក​

ត្រី​ចង្វា​ទូក (Oarfish ឬ Raddlefish) ឬ​ត្រី​នាគ​ដ៏​កម្រ​មួយ​ក្បាល​ត្រូវ​រលក​បោកបក់​ទៅ​ទើរ​លើ​ឆ្នេរសមុទ្រ​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៥ ។ បណ្តា​អ្នកស្រុក​ដែល​ប្រទះ​ឃើញ​បញ្ជាក់​ថា ពី​ដំបូង​ត្រី​នាគ​នោះ​នៅ​រស់ ប៉ុន្តែ​វា​បាន​ងាប់​ខណៈ​ពេល​យក​ទៅ​ដាក់​ក្នុង​ទឹក ដោយសារ​វា​ទើរ​នៅ​លើ​ឆ្នេរ​ក្នុង​រយៈពេល​យូរ​ពេក ។

កាសែត​ក្នុងស្រុក​របស់​វៀតណាម បញ្ជាក់​ថា អ្នក​រស់នៅ​ក្នុងស្រុក​បូ​ចាក ខេត្ត​គាំង​ប៊ី​ញ ប្រទះ​ឃើញ​ត្រី​នាគ​នោះ ខណៈ​ចុះ​ងូត​លេង​ទឹកសមុទ្រ​។ នោះ​ជា​ត្រី​នាគ​ទី​២​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ដែល​ប្រទះ​ឃើញ​ក្នុង​សមុទ្រ​វៀតណាម ។ ត្រី​នាគ​ប្រទះ​ឃើញ​លើក​ដំបូង​មាន​ប្រវែង​៤,២​ម៉ែត្រ ពេល​ជាប់​ផ្លែ​សន្ទូច​នៅ​ភាគ​កណ្តាល​ប្រទេស​កាលពី​ខែឧសភា ២០១៥ ។ សម្រាប់​ត្រី​នាគ​លើក​ក្រោយ​នេះ​មាន​ប្រវែង​៤,១​ម៉ែត្រ ទម្ងន់​៤០​គីឡូក្រាម ។ អ្នក​ប្រទះ​ឃើញ​ត្រី​នាគ​នោះ​បាន​រាយការណ៍​ប្រាប់   ប៉ូលិស ។ ពេល​ប៉ូលិស​ទៅ​ដល់ ហើយ​រួម​ជាមួយ​អ្នកស្រុក​យក​ត្រី​នាគ​ទៅ​លែង​ក្នុង​ទឹក​វិញ វា​ក៏​ងាប់​ព្រោះ​យឺត​ពេល​ទៅ​ហើយ។

អំឡុង​សម័យ​សង្គ្រាម​វៀតណាម ត្រី​នាគ​ដែល​ទាហាន​អា​មេ​រិ​ក​ចាប់​បាន​នៅ​ក្នុង​ទន្លេមេគង្គ គេ​ហៅ​ថា «​ត្រី​រញ្ជួយ​ដី​» ព្រោះ​វា​រមែង​បង្ហាញខ្លួន​ឱ្យ​ឃើញ​នៅ​មុន ឬ​ក្រោយ​ការ​រញ្ជួយ​ដី​ក្នុង​មហាសមុទ្រ ។

ឱកាស​ដែល​បានឃើញ​ត្រី​ប្រភេទ​នោះ​មាន​តិច​បំផុត ព្រោះ​ជា​ត្រី​រស់នៅ​ក្នុង​សមុទ្រ​ចាប់ពី​ជម្រៅ​១០០០​ម៉ែត្រ​ឡើង​ទៅ ។ សម្រាប់​អ្នក​ដើរ​សមុទ្រ​តាំងពី​បុរាណ​មក​បាន​កត់ត្រា​ក្នុង​សតវត្ស​ទី​១៨​ដោយ​ហៅ​ត្រី​ប្រភេទ​នោះ​ថា​ជា «​ត្រី​អសុរកាយ​នៅ​ក្នុង​សមុទ្រ​» ព្រោះ​វា​មាន​ដងខ្លួន​វែង ។

កាសែត​ក្នុងស្រុក​របស់​វៀតណាម​បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​សម្តី​របស់​អ្នកស្រុក​ម្នាក់​ដែល​ប្រទះ​ឃើញ​ត្រី​នាគ​កាលពី​ថ្ងៃ​ទី​១២ ឧសភា នោះ​ថា «​ខ្ញុំ​ឃើញ​វា​នៅ​លើ​វាល​ខ្សាច់ និង​ដកដង្ហើម តិច​ៗ ព្រោះ​ខ្វះ​ទឹក ហើយ​រូប​ខ្ញុំ និង​អ្នក​ផ្សេង​ក៏​នាំ​គ្នា​យក​វា​ទៅ​ដាក់​ក្នុង​ទឹកសមុទ្រ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ព្រោះ​វា​បាន​ផុតដង្ហើម​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ​» ។

បណ្តា​អ្នកស្រុក​នាំ​គ្នា​ជីករណ្តៅ​កប់​ត្រី​នាគ​មួយ​ក្បាល​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្បែរ​ចំណុច​ប្រទះ​ឃើញ​ស្រប​តាម​ជំនឿ​ពី​បុរាណ​ថា ត្រី​ចម្លែក​ឬ​ត្រី​នាគ​នឹង​ជួយ​ការពារ​ជីវិត​មនុស្ស​នៅ​លើ​ឆ្នេរ និង​នាំ​មក​តែ​ក្តី​សុខ រួម​ទាំង​លាភ​សំណាង​ដល់​ពួក​គេ ៕