ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​មានព្រលឹង​ខ្មោចលង បាន​ក្លាយជា​ការ​និទាន​គួរ​ឱ្យ​ព្រឺក្បាល ខណៈ​មានការ​ភ័យ​ខ្លាចបែរជា​បន្ទប់​ពិសេស​ទទួល​ការ​កក់​មិន​ទំនេរ

8 ឆ្នាំ មុន

នៅ​លើ​លោក​យើង​នេះ មាន​សណ្ឋាគារ​មួយ​ចំនួន​ល្បី​ថា មានព្រលឹង​ខ្មោចលង ។ អ្នក​ណា​បាន​ទៅ​ដេក​នៅ​សណ្ឋាគារ​នោះ ពេល​ចេញ​មក​វិញ​និយាយ​អុ​ី​ចឹ​ង​ដូច​គ្នា ទោះ​ដេក​ត្រឹមតែ​មួយ​យប់

នៅ​លើ​លោក​យើង​នេះ មាន​សណ្ឋាគារ​មួយ​ចំនួន​ល្បី​ថា មានព្រលឹង​ខ្មោចលង ។ អ្នក​ណា​បាន​ទៅ​ដេក​នៅ​សណ្ឋាគារ​នោះ ពេល​ចេញ​មក​វិញ​និយាយ​អុ​ី​ចឹ​ង​ដូច​គ្នា ទោះ​ដេក​ត្រឹមតែ​មួយ​យប់​ក៏​ដោយ ។ មនុស្ស​ជា​ច្រើន​ឮ​ដូច្នេះ​មានការ​ភ័យ​តក់ស្លុត តែ​ក៏​មាន​មនុស្ស​មិន​តិច​ទេ​ឮ​បែប​នេះ បែរជា​ចង់​ស្គាល់​រសជាតិ​ខ្មោចលង​ទៅ​វិញ ។ ព្រោះតែ​ដូច្នេះ ទើប​សព្វថ្ងៃ​សណ្ឋាគារ​ណា​ល្បី​ខ្មោចលង តែង​មាន​ភ្ញៀវ​កក់​បន្ទប់​ទទួល​សឹង​មិន​ឈ្នះ ។

សណ្ឋាគារ Langham នៅ​ទីក្រុង​ឡុ​ង​ដ៍
សណ្ឋាគារ Langham នៅ​ក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស កសាង​តាំងពី​ឆ្នាំ​១៨៦៥ ។ រយៈពេល​ជិត​១៥០​ឆ្នាំ​កន្លង​មក សណ្ឋាគារ Langham តែង​មាន​មោទនភាព​បាន​ទទួល​អ្នកនិពន្ធ ល្បី​ៗ​ចូល​ស្នាក់​នៅ​ច្រើន​ជាងគេ ដូច​យ៉ាង​អ្នកនិពន្ធ Mark Twain, Oscar Wilde ជាដើម​។ សូ​ម្បី​អ្នកនិពន្ធ Athur Conan Doyle ក៏​ប្រើ​អារម្មណ៍​សប្បាយ​ក្នុង​សណ្ឋាគារ Langham ដើម្បី​សរសេរ​រឿង «​អ្នក​សើ​ុ​ប​ការណ៍ Sherlock Holmes» ដែរ ។

ពាក្យ​ចចាមអារ៉ាម​ពី​រឿង​ខ្មោច​ចាប់ផ្តើម​កើត​មាន​ពេល​អ្នករាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍ BBC ម្នាក់​ចូល​ស្នាក់​នៅ​បន្ទប់​លេខ​៣៣៣ របស់​សណ្ឋាគារ លុះ​ចេញ​មក​វិញ​និយាយ​ប្រាប់​មិត្តភក្តិ និង​អ្នក​នៅ​ជុំវិញ ។ គាត់​ថា ពាក់កណ្តាល​អធ្រាត្រ ពេល​ភ្ញាក់​បើកភ្នែក​ឡើង​ស្រាប់តែ​ឃើញ​មាន​កញ្ចុំ​ពន្លឺ​នៅ​ក្បែរ​ខ្លួន ហើយ​ឃើញ​បុរស​ម្នាក់​ពាក់អាវ​សម័យ Vietorian ឈរ​ធ្មឹង​ក្រោម​កញ្ចុំ​ពន្លឺ​នោះ ។

ភ្ញៀវ មុន​ៗ​ដែល​ស្នាក់​នៅ​បន្ទប់​លេខ​៣៣៣ ក៏​បាន​និយាយ​ដូច​គាត់​ថា ធ្លាប់​ឃើញ​បុរស​ពាក់អាវ​សម័យ Vietorian នោះ​ដែរ ។ ពេលវេលា​ដែល​ឧស្សាហ៍​បានឃើញ​ជាងគេ គឺ​ខែតុលា​រៀង​រាល់​ឆ្នាំ ។ ក្រៅពី​នេះ​គេ​និយាយ​ថា នៅ​យ៉​ខាង​មុខ​បន្ទប់​លេខ​៣៣៣ មាន​បុរស​ម្នាក់​ទៀត​ស្លៀកពាក់​ហ៊ឺហា​ដើរទៅ​ដើរមក​ម្នាក់ឯង បុរស​នោះ​ជួប​អ្នក​ណា ក៏​ឧទ្ទេសនាម​ខ្លួនឯង​ជា​ព្រះ​អង្គ​ម្ចាស់​ប្រទេស​អា​ល្លឺ​ម៉​ង់ អ្នក​ដែល​ធ្វើ​អត្តឃាត​មុន​ពេល​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​១ ។ ដោយឡែក​ពួក​បុគ្គលិក​សណ្ឋាគារ Langham និយាយ​ថា នៅ​ម្តុំ​បន្ទប់​លេខ​៣៣៣ មិនមែន​មាន​តែ​ព្រលឹង​ព្រះ​អង្គ​ម្ចាស់​អា​ល្លឺ​ម៉​ង់​ទេ ព្រលឹង​ណា​ប៉ូ​ឡេ​អុង​ទី​៣ ក៏​ឧស្សាហ៍​បង្ហាញខ្លួន​នៅ​ទីនោះ​ដែរ ។

ទោះបី​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ព្រលឹង​ខ្មោច​យ៉ាងនេះ​ក្តី សណ្ឋាគារ Langham នៅ​តែ​ទទួលភ្ញៀវ​សឹង​មិន​ឈ្នះ​រាល់ថ្ងៃ ។ ក្នុង​ចំណោម​ភ្ញៀវ​ទាំងនោះ អ្នកខ្លះ​ចង់​ឃើញ​អ្នកនិពន្ធ ល្បី​ៗ ពិសេស​អ្នកនិពន្ធ Mark Twain អ្នកខ្លះ​ទៀត​ចង់​ឃើញ ណា​ប៉ូ​ឡេ​អុង​ទី​៣ ។

សណ្ឋាគារ Burchianti ប្រទេស​អីុ​តា​លី
នៅ​អីុ​តា​លី សណ្ឋាគារ Burchianti ជា​សណ្ឋាគារ​ល្បី​ខាង​មាន​រចនាបថ​បុរាណ​ជាងគេ ព្រោះ​កសាង​តាំងពី​សតវត្ស​ទី​១៥ ។ នៅ​បន្ទប់​ពិសេស​របស់​សណ្ឋាគារ មាន​គំនូរ​តាម​ជញ្ជាំង​ដែល​សុទ្ធ​សឹង​ជា​គំនូរ​ល្បីល្បាញ​វិសេសវិសាល​។ តាម​ការ​កត់​ត្រាទុក​កន្លង​មក វិចិត្រករ​ល្បីល្បាញ​ជា​ច្រើន​រូប​បាន​ស្នាក់​នៅ​សណ្ឋាគារ​មាន​រចនាបថ​បុរាណ​នេះ ។

ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី សណ្ឋាគារ Burchianti បាន​ធ្វើ​ឱ្យ​អ្នកខ្លាច​ខ្មោច​មួយ​ចំនួន​ធំ សូ​ម្បី​ដើរ​ជិត​ក៏​មិន​ហ៊ាន​ដើរ​ផង ព្រោះ​មាន​ពាក្យ​ចចាមអារ៉ាម​ស្តី​ពី​ព្រលឹង​ខ្មោច​ក្នុង​សណ្ឋាគារ​លង ស្តែង​ៗ​ពេក ។ ប្រការ​គួ​ឱ្យ​ខ្លាច​របស់​សណ្ឋាគារ ត្រូវ​បាន​អ្នកកាសែត​ជនជាតិ​អីុតា​លី​ម្នាក់​និយាយ​ប្រាប់​គេ បន្ទាប់​ពី​ស្នាក់​នៅ​ចំ​បន្ទប់ Fresco (​បន្ទប់​ដែល​មេ​ផ្តាច់​ការ Mussolini ធ្លាប់​ស្នាក់​នៅ​ពី​មុន​) ។ អ្នកកាសែត​អីុ​តា​លី​រូប​នោះ​និយាយ​ថា ពេលដេក​ក្នុង​បន្ទប់ Fresco គាត់​ឮ​មាន​សំឡេង​ដកដង្ហើម​វែង​យ៉ាង​កម្សត់​នៅ​ក្បែរ​ខ្លួន​គាត់ បន្ទាប់​មក​គាត់​ទទួល​អារម្មណ៍​ថា មាន​គេ​ព្រួស​ខ្យល់​ដង្ហើម​ដាក់​មុខ​គាត់ ជា​ខ្យល់​ដង្ហើម​មាន​ក្លិន​ចម្លែក​មែនទែន ។ គាត់​ជឿ​ថា ព្រលឹង​មេ​ផ្តាច់​ការ Mussolini នៅ​វិលវល់​ក្នុង​បន្ទប់​នោះ​នៅឡើយ ហើយ​គឺ​ព្រលឹង​នោះ​ជា​អ្នក​ដកដង្ហើម​វែង​នៅ​ក្បែរ​ខ្លួន​គាត់ និង​ព្រួស​ខ្យល់​ដង្ហើម​ដាក់​មុខ​គាត់ ។

មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ចូល​ដេក​នៅ​បន្ទប់ Fresco និយាយ​ថា ពេល​ពាក់កណ្តាល​អធ្រាត្រ​ឃើញ​រូបគំនូរ ក្មេង​ៗ​លើ​ជញ្ជាំង​បន្ទប់ ស្រាប់តែ​រត់​ឈូឆរ​ចេញពី​ជញ្ជាំង​មក​ប្រឡែង​គ្នា​សើច​កក្អឹក​ពេញ​បន្ទប់ ដូច​មនុស្ស​មាន​វិញ្ញាណ ពិត​ៗ ។ មិន​តែ​ប៉ុ​ណ្ណោះ ថែម​ទាំង​ឮ​ស្នូរ​ង៉េ​ត​ង៉​តរបស់​កៅអី​យោង​ទៀត លុះ​មើលទៅ​ត្រង់​ស្នូរ​នោះ​នៅ​លើ​ជញ្ជាំង​ឃើញ​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​យោកខ្លួន​លេង​លើ​កៅអី​ធ្វើ​ពី​ក្រណាត់​ឡែ​ន ។ បន្ទាប់​មក​ពេល​ជិត​ភ្លឺ​ឃើញ​មាន​ស្ត្រី​បម្រើ​សណ្ឋាគារ​ម្នាក់​ស្លៀកពាក់​របៀប​បុរាណ រត់​ទៅ​រត់​មក​រៀបចំ​បន្ទប់​តែ​ម្នាក់ឯង អត់​រវល់​មើលទៅ​ពួក ក្មេង​ៗ​កំពុង​ប្រលែង​គ្នា​លើ​ឥដ្ឋ ឬ​មើលទៅ​ស្ត្រី​អង្គុយ​យោកខ្លួន​លើ​កៅអី​ឡើយ ។

ពិត​ណាស់ ទិដ្ឋភាព​ទាំង​អស់នេះ​មិនមែន​អ្នក​ណា​ក៏​ឃើញ​ពេល​ខ្លួន​មក​ដេក​នៅ​បន្ទប់ Fresco ទេ អ្នកខ្លះ​ចង់​ឃើញ​មេ​ផ្តាច់​ការ Mussolini ឬ​ស្ត្រី​អង្គុយ​យោកខ្លួន​លេង​លើ​កៅអី​យោក ខំ​ភ្ញាក់​រាល់​ភ្លឺ​ដើម្បី​បាន​មើលឃើញ​ផ្ទាល់​ភ្នែក តែ​បែរជា​អត់​បានឃើញ​អ្វី​សូ​ម្បី​បន្តិច ប្រហែល​មក​ពី​រាសី​ខ្ពស់ ឬ​ទាប​ដូច​ពាក្យ​គេ​ថា​មែន​ក៏​មិនដឹង ។

ចង់​ចូល​ស្នាក់​នៅ​សណ្ឋាគារ Burchianti ពិសេស​បន្ទប់ Fresco អតិថិជន​ត្រូវ​កក់​មុន​៣​ខែ​យ៉ាងតិច ទើប​មាន​កន្លែង​ស្នាក់​នៅ​តាម​បំណងប្រាថ្នា​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ​អត់​ស្គាល់​រសជាតិ​រហូត ។

សណ្ឋាគារ Russell ប្រទេស​អូស្ត្រាលី
សណ្ឋាគារ Russell នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​បុ​៉​ន្មា​ន​ពី​រោង​មហោស្រព Opera Sydney និង​ស្ពាន Sydney ដ៏​ល្បីល្បាញ ។ ដោយហេតុ​ស្ថិត​នៅ​ក្បែរ​កំពង់​ផែ ទើប​ពី​មុន​មក​សណ្ឋាគារ Russell សម្បូរ​ពួក​នាវិក​នៃ​នាវា​ជំនួញ ធំ​ៗ​មក​ស្នាក់​នៅ​ហូរហែ ហើយ​ក្រោយមក​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ព្រលឹង​ខ្មោច​ពួក​នាវិក​សមុទ្រ​នៅ​ក្នុង​សណ្ឋាគារ​នោះ ។

គេ​តំណាល​ថា ក្រោយ​សង្គ្រាមលោក​លើក​ទី​១ មាន​ពួក​នាវិក​មួយ​ក្រុម​ចូល​ស្នាក់​នៅ​មួ​យស​ប្តា​ហ៍​នៅ​សណ្ឋាគារ Russell ។ ពួក​នាវិក​ទាំងនោះ​ពេល​ចេញ​ទៅ​វិញ​បាន​និយាយ​ថា មួយ​ឆ្នាំ​ក្រោយ ខ្លួន​នឹង​ត្រឡប់​មក​ស្នាក់​នៅ​ទី​នេះ​ទៀត ព្រោះ​ពេញចិត្ត​ការ​បម្រើ​ដ៏​គួរ​ចាប់អារម្មណ៍​នៅ​ទី​នេះ ។ ប៉ុន្តែ​ជា​អកុសល ៣​ខែ​ក្រោយ​ពួក​នាវិក​ទាំងនោះ​ត្រូវ​ស្លាប់​អស់រលីង​ដោយសារ​នាវា​របស់​ពួក​គេ​ជួប​ព្យុះ​ខ្លាំង​បោក​ត្រូវ​ថ្ម​លិច​បាត់​ក្នុង​បាតសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ ប៉ុន្មា​ន​ខែ​បន្ទាប់​ពី​គ្រោះថ្នាក់​នោះ ពេល​មេឃ​ធ្លាក់​អ័ព្ទ​ច្រើន គេ​តែង​ឃើញ​នាវា​រង​គ្រោះ​នោះ​បង្ហាញខ្លួន​ច្បាស់​ក្នុង​ស្រទាប់​អ័ព្ទ ជា​ហេតុ​នាំ​ឱ្យ​លេចឮ​ពាក្យ «​កប៉ាល់​ខ្មោច​» ជា​ញឹកញាប់​ក្នុង​មជ្ឈដ្ឋាន​អ្នក​ដើរ​សមុទ្រ សូ​ម្បី​ពួក​នាវិក​នាវាចម្បាំង ក៏​និយាយ​ថា​ធ្លាប់​ឃើញ «​កប៉ាល់​ខ្មោច​» ដែរ ។

ប្រការ​ដែល​គួរ​ឱ្យ​ព្រឺ​សម្បុរ​ជាង​នេះ គឺ​ភ្ញៀវ​ដែល​ស្នាក់​នៅ​បន្ទប់​លេខ​៨ របស់​សណ្ឋាគារ Russell ទាំង​អ្នក​មុន ទាំង​អ្នក​ក្រោយ​និយាយ ដូច​ៗ​គ្នា​ថា ឱ្យ​តែ​យប់​ជ្រៅ​បន្តិច​ឮ​សំឡេង​ពួក​នាវិក​ស្រែកច្រៀង និង​លោត​លេង​សប្បាយ​ពេញ​បន្ទប់ លុះ​បើកភ្លើង​មើល​អត់​ឃើញ​អ្វី អត់​ឮ​អ្វី​ទាំងអស់ តែបើ​បិទ​ភ្លើង​វិញ​នឹង​ឮ​តទៅ​ទៀត​។ ភ្ញៀវ​ស្នាក់​នៅ​បន្ទប់​លេខ​៨ អ្នកខ្លះ​និយាយ​ថា ជួនកាល​កំពុង​ដេក សុខ​ៗ​ស្រាប់តែ​គ្រែ​ដេក​យោល​ទៅ​យោល​មក​ដូច​យោង​ទោង ។ ក្រៅពី​បន្ទប់​លេខ​៨ ភ្ញៀវ​នៅ​បន្ទប់​ឯទៀត​មិន​ដែល​ភ្ញាក់ផ្អើល​រឿង​អ្វី​ឡើយ ។ ហេតុនេះ​អ្នកធ្វើការ​នៅ​សណ្ឋាគារ Russell នឹកឃើញ​ឡើង​វិញ​ថា លេខ​៨ ត្រូវ​នឹង​ថ្ងៃ​ដែល​ពួក​នាវិក​ទាំងនោះ​សន្យា​ថា មួយ​ឆ្នាំ​ក្រោយ​នឹង​ត្រឡប់​មក​វិញ​ម្តងទៀត ដូច្នេះ​ហើយ​ទើប​ពួក​គេ​ត្រឡប់​មក​នៅ​បន្ទប់​លេខ​៨ ទាំងអស់​គ្នា ។

សណ្ឋាគារ Chelsea នៅ​អា​មេ​រិ​ក
សណ្ឋាគារ Chelsea នៅ​ក្រុង​ញូ​វ​យ៉​ក កសាង​ក្នុង​ឆ្នាំ​១៨៨៤ ជា​កន្លែង​ដែល​មនុស្ស ល្បី​ៗ​ជា​ច្រើន​ស្នាក់​នៅ មិន​តែ​បុ​៉​ណ្ណោះ មនុស្ស​ល្បី​ខ្លះ​ហាក់ដូច​ជ្រើស​យក​ទី​ជាទី​សម្រាប់​ខ្លួន​អស់​អាយុសង្ខារ​ទៀត​ផង ហើយ​បន្ទាប់​ពី​អស់​អាយុសង្ខារ​ទៅ ព្រលឹង​ពួក​គេ​ក៏​ស្ថិត​នៅ​នៅ​ទីនោះ​ទៀត ។

កវី​ជនជាតិ​ស្កុ​ដ​ឡែ​ន​ឈ្មោះ Dylan Thomas អស់​ជីវិត​នា​ថ្ងៃ​ទី​៩ វិច្ឆិកា ១៩៥៣ នៅ​ក្នុង​សណ្ឋាគារ Chelsea ។ ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើតហេតុ ពួក​គេ​ធុំក្លិន​ស្រា​ហួង​ចេញពី​មាត់ Dylan ។ ពួក​វេជ្ជបណ្ឌិត​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​បានឱ្យ​ដឹង​ថា មក​ពី​ផឹកស្រា​ច្រើន​ពេក ហើយ​ខ្យល់ចាប់​ទៀត ទើប​កវី Dyland អស់​ជីវិត​ទាំង​វ័យក្មេង​ទើបតែ​៣៩​ឆ្នាំ​បែប​នេះ ។ ប៉ុន្តែ​អ្នកមាន​ជំនឿ​ខ្លះ​និយាយ​ថា មិនមែន​មក​ពី​ផឹកស្រា​ច្រើន​ពេក​ទេ គឺ​កវី​គួរ​ឱ្យ​ស្រឡាញ់​រូប​នេះ​អស់​ជីវិត​ដោយ​ត្រូវ​ខ្មោច​យក​ព្រលឹង ព្រោះតែ​ពេញចិត្ត​ស្នាដៃ​កំណាព្យ​របស់​គាត់​ពេក ។

ចំពោះ​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​សណ្ឋាគារ Chelsea ក្រោយ​ពេល​កវី Dylan Thomas ស្លាប់​ទៅ អ្នកខ្លះ​ហ៊ាន​អះអាង​ថា ព្រលឹង Dylan អត់​ទៅ​ណា​ទេ គឺ​នៅ​វិលវល់​ក្នុង​សណ្ឋាគារ​នោះ​ដដែល ដើម្បី​ធ្វើ​មិត្ត​ជាមួយ​ព្រលឹង​ខ្មោច មុន​ៗ ព្រោះ​ឱ្យ​តែ​យប់​ខាង​ខ្នើត​ខែភ្លឺ ខ្លួន​ឧស្សាហ៍​ឮ​សំឡេង​សូត្រ​កំណាព្យ​ពីរោះ​សែន​ពីរោះ ទាល់តែ​មិន​អាច​កំណត់​បាន​ថា សំឡេង​សូត្រ​កំណាព្យ​នោះ​លាន់​ចេញពី​ត្រង់​ណា​ឱ្យ​ប្រាកដ ។ ពួក​អ្នកធ្វើការ​ក្នុង​សណ្ឋាគារ ក៏​និយាយ​អុ​ី​ចឹ​ង​ដូច​គ្នា ។ ចំណែក​អ្នក​ស្នាក់​នៅ​បន្ទប់​លេខ​៨ និយាយ​ថា មិន​ត្រឹមតែ​ព្រលឹង​កវី Dylan Thomas ទេ ព្រលឹង​អ្នកនិពន្ធ Thomas Wolfe ក៏​វិលវល់​នៅ​សណ្ឋាគារ Chelsea ដែរ គឺ​នៅ​បន្ទប់​លេខ​៨ ព្រោះ​ឃើញ​គាត់​ដើរទៅ​ដើរមក​នៅ​យ៉​មុខ​បន្ទប់​លេខ​៨ អត់​ទៅ​បន្ទប់​ណា​ផ្សេង​សោះ ។

ដោយឡែក​អ្នក​ធ្លាប់​ស្នាក់​នៅ​បន្ទប់​លេខ​១០០ និយាយ​ដូច​គ្នា​ទាំងអស់​ថា ឱ្យ​តែ​ដេក​លក់​តែង​ឮ​សម្រែក​នារី​ម្នាក់​ស្រែក​យ៉ាង​ឈឺចាប់​គួរ​ឱ្យ​អាសូរ ។ លុះ​ស្រាវជ្រាវ​ទៅ​គេ​ដឹង​ថា បន្ទប់​លេខ​១០០ ធ្លាប់​ជា​បន្ទប់​ដែល​អ្នកចម្រៀង​ឈ្មោះ Sid Vieious សម្លាប់​សង្សារ​របស់​ខ្លួន​។ ដូច្នេះ​សម្រែក​ឈឺចាប់​ដែល​គេ​ឮ​នោះ ពិតជា​សម្រែក​របស់​នារី​រង​គ្រោះជា​សង្សារ​អ្នកចម្រៀង Sid Vieious ៕