ខេត្តកំពត ៖ រថយន្តដឹកស្រូវជាច្រើនគ្រឿងបានឈប់តំរៀបគ្នា កាលពីព្រឹកថ្ងៃទី២៦ តុលា នៅមុខច្រកទ្វារទ្វេភាគីតន់ហន់យ៉ាងថាន់ ត្រង់ចំណុចបង្គោលលេខ301 ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត និងខេត្តគៀនយ៉ាង ប្រទេសវៀតណាម ។ ការឈប់រថយន្តដឹកស្រូវនៅព្រំដែនយូរម៉ោងបែបនេះ ធ្វើអោយអ្នកបើកបរនិងម្ចាស់ស្រូវមានការរអ៊ូរទាំផងដែរ ដោយសារតែខាងភាគីវៀតណាមមិនអនុញ្ញាតអោយចូលហើយមានការរឹតត្បិតការឆ្លងដែនក្នុងវិបត្តកូវីដ19 ។
អ្នកបើកបររថយន្តដឹកស្រូវម្នាក់ កាលពីព្រឹកថ្ងៃទី២៦ តុលា បាននិយាយថាខាងវៀតណាមមានការពិនិត្យណាស់ មិនអោយចូលទៅក្នុងប្រទេសគេដោយងាយៗនោះទេ។អ្នកបើកបររថយន្តដដែលនោះ បាននិយាយប្រាប់បន្តថា អ្នកបើករថយន្តទាំងអស់បានបើករថយន្តចូលត្រឹមតែបង្គោលព្រំដែនលេខ301នោះទេ គឺអ្នកបើកបរម្ចាស់រថយន្តខ្មែរត្រូវឈប់ហើយចុះដើរមកដីខ្មែរវិញ។ ចំណែកឯរថយន្តដឹកស្រូវត្រូវបានជនជាតិវៀតណាមជាអ្នកបើកចូលទៅក្នុងទឹកដីរបស់គេ។ អ្នកបើកបររថយន្តម្នាក់ទៀតមកពីខេត្តពោធិ៍សាត់បាននិយាយប្រាប់អោយដឹងថា អ្នកបើកបររថយន្តខ្មែរមិនចង់អោយមានការផ្លាស់ប្ដូរអ្នកបើកបររថយន្តទេ ព្រោះកន្លងមកជនជាតិវៀតណាម បើករថយន្តរបស់ខ្លួនទៅមានការខូចខាត និងបែកបាក់ក៏មាន។
លោកម៉ិញ ចាន់ណា អនុប្រធាននគរបាលប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារទ្វេភាគីតន់ហន់បាននិយាយប្រាប់អោយដឹងថា រថយន្តដឹកស្រូវមុនបើកឆ្លងទៅប្រទសវៀតណាមខាងអាជ្ញាធរ គេត្រូវការផ្លាស់ប្ដូរអ្នកបើកបរ គឺអ្នកបើករថយន្តខ្មែរត្រូវចុះដើរត្រឡប់មកវិញហើយអ្នកបើកខាងវៀតណាមគេបើករថយន្តដឹកស្រូវចូលទៅក្នុងប្រទេសគេ។ លោកនិយាយទៀតថា ខាងវៀតណាមគេធ្វើបែបនេះ ការពារជំងឺឆ្លងកូវីដ19ថែម ទាំងបាញ់ថ្នាំ សម្លាប់មេរោគទៀតផង។
លោកម៉ិញ ចាន់ណា នគរបាលត្រួតពិនិត្យច្រកទ្វារព្រំដែននិយាយថា លោកបានសំណើទៅខាងភាគីវៀតណាមដែរ សុំអោយអ្នកបើកបររថយន្តដឹកស្រូវ កុំបាច់ផ្លាស់ប្ដូរអ្នកបើកបរ។ ប៉ុន្តែលោកម៉ិញ ចាន់ណា និយាយថា ខាងវៀតណាមមិនបានឆ្លើយតបឡើយ។
លោកប្រាក់ សយ មន្ត្រីមកសាលាខេត្តកំពត និងជាប្រធានស្នាក់ការច្រកទ្វារទ្វេភាគីតន់ហន់និយាយប្រាប់អោយដឹង កាលពីព្រឹកមិញថា ការផ្លាស់ប្ដូរអ្នកបើកបររថយន្តដឹកទំនិញមុនចុលទៅដល់ប្រទេសវៀតណាមនេះ ជារឿងប្រទេសរបស់គេ គេការពារជំងឺឆ្លងកូវីដ19 ។ លោកប្រាក់ សយ បាននិយាយប្រាប់បន្តតាមទូរសព្ទ័ កាលពីព្រឹកមិញថា លោកបានរាយការណ៍ដំណឹងរឿងផ្លាស់ប្ដូរអ្នកបើកបររថយន្តនេះទៅឯកឧត្តអភិបាលខេត្តកំពតរួចហើយកាលពីពេលថ្មីៗនេះ ។
ចែករំលែកព័តមាននេះ