រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះពិនិត្យសកម្មភាពលាងសម្អាតផ្លូវក្នុងតំបន់មួយចំនួនម្តុំផ្សារត្រពាំងថ្លឹង និងតាមបុរីនានាម្តុំត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីទឹកស្រក ដើម្បីសម្អាតផ្លូវអោយអស់ស្លែ និងបំបាត់ក្លិនស្អុយ ។
ការចុះសម្អាតផ្លូវខាងលើ ក៏មានមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពោធិសែនជ័យ ព្រមទាំងក្រុមការងារជាច្រើនទៀត ចុះពិនិត្យជាក់ស្តែងផងដែរ ។
សកម្មភាពលាងសម្អាតផ្លូវខាងលើ បានប្រើប្រាស់រថយន្តបូមទឹករបស់មន្ទីរសាធារណការ ដោយបូមផង លាងផង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប្រមាណជា៤ទៅ៥គ្រឿងផងដែរ ដើម្បីលាងសម្អាត និងបូមកាកសំណល់ផ្សេងនៅក្នុងលូកុំអោយកកស្ទះ ដោយប្រើរថយន្តអគ្គិភ័យបាញ់ទឹកលាងសម្អាតជាបន្តទៀត។
លោកអភិបាលរាជធានីបានណែនាំអោយយករថយន្តពន្លត់អគ្គិភ័យមកបន្ថែមទៀត ដើម្បីជួយបាញ់ បូម និងលាងសម្អាត ក្នុងនោះក៏មានបាញ់ បូម និងលាងសម្អាតដោយប្រើសាប៊ូផងដែរ ដោយប្រើរថយន្តសរុបទាំងអស់ប្រមាណជាង២០គ្រឿង ក្នុងនោះរថយន្តរបស់មន្ទីរសាធារណការ រថយន្តប៉ូលិសក្រុង និងរថយន្តរបស់ប៉េអឹមក្រុងផងដែរ ។
សូមបញ្ជាក់ថា ស្ថានភាពទឹកបានស្រកចុះច្រើនហើយដែរ ប៉ុន្តែនៅតាមទីតាំងមួយចំនួននៅមានទឹកដកនៅឡើយ ចំណែកកន្លែងខ្លះក៏មានទឹកលិចជិតដល់ត្រឹមជង្គង់ ។
នាព្រឹកនេះដែរ គេសង្កេតឃើញសកម្មភាពកងអន្តរាគមន៍សង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដឹកជញ្ជូនម៉ាស៊ីនបូមទឹកចល័តប្រមាណជិត១០គ្រឿង បានចុះមកទីតាំងខាងលើនេះដែរ ដើម្បីបូមរំដោះទឹកឱ្យធ្លាក់ចូលបឹង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ