ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យ​មេទឹក​ពោធិ៍​តា​ត្រេស អាច​ស្តុក​ទឹកបាន​១០​លាន​ម៉ែត្រគូប

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​ហិ​កតា នៅ​តំបន់​មេទឹក​ពោធិ៍​តា​ត្រេស ភូមិ​ក្រដាស​(​ក​)​ឃុំ​តាំងក្រសាំង ស្រុក​បា​ធា​យ របស់​ប្រជា​កសិករ​ចំនួន​៣៨០ គ្រួសារ ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥…

ខេត្តកំពង់ចាម ៖ ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​ហិ​កតា នៅ​តំបន់​មេទឹក​ពោធិ៍​តា​ត្រេស ភូមិ​ក្រដាស​(​ក​)​ឃុំ​តាំងក្រសាំង ស្រុក​បា​ធា​យ របស់​ប្រជា​កសិករ​ចំនួន​៣៨០ គ្រួសារ ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ២០២០ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​សា​ហ​ការី​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់ ដោយ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ការ​តាមដាន យកចិត្តទុកដាក់ និង​ការពារ​មេទឹក​ដែល​បន្សល់​ទុក​ពី​សម័យ​ប៉ុ​ល ពត ដែល​អាច​ផ្ទុក​ទឹកបាន​ប្រមាណ​១០​លាន​ម៉ែត្រត្រីគុណ សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​ជាង​២.០០០​ហិ​កតា​ផង​ដែរ​។

លោក យ៉ិ​ន យី​ម អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ក្រដាស​(​ក​) បាន​រៀបរាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ចាប់ផ្ដើម​ធ្វើស្រែ​នៅ​តំបន់​ទំនប់​មេទឹក​ពោធិ៍​តា​ត្រេស និង​បាន​ទិញ​ដី​គេ​បន្ថែម​ទៀត​កើន​ដល់​៥ ហិ​កតា ហើយ​ទឹក​សម្រាប់​ធ្វើស្រែ​គឺ​មិន​ដែល​ខ្វះ​នោះ​ទេ​ព្រោះ​នៅ​ជាប់​នឹង​ជើង​ទំនប់​តែ​ម្ដង​។ ហើយ​ព្រមទាំង​សល់​ស្រូវ​អាច​លក់​ឱ្យ​ឈ្មួញកណ្ដាល​ដោះស្រាយ​ជីវភាព​បាន​គ្រប់គ្រាន់ ហូប​ចុក​មិន​ខ្វះ​នោះ​ទេ​។ បុរស​កសិករ​វ័យ​៦៣​ឆ្នាំ​រូប​នេះ បាន​ប្រាប់​បន្ត​ថា ចំពោះ​ដីស្រែ​ខាងលើ​ត្រូវ​បាន​ចែក​ឲ្យ​កូន​ៗ​អស់​មួយ​ចំនួន​នៅ​សល់​ប្រមាណ​២​ហិ​កតា គាត់​ធ្វើ​ស្រូវ​ប្រភេទ​៨៨ ក្នុង​រយៈពេល​ជាង​បី​ខែ​នឹង​ហុច​ផល​។

តែ​មក​ដល់​ឆ្នាំ​២០២០​នេះ ស្រែ​នៅ​ផ្នែក​ខាងក្រោម​ជិត​កន្លះ​ហិ​កតា ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​ខូចខាត​រលួយ​អស់ ក្នុង​ពេល​ខាង​មុខ​ពេល​ដែល​ទឹក​ស្រក​គាត់ និង​ព្រួស​ស្រូវ​ធ្វើ​ជា​លើក​ទី​២ ចំពោះ​ជី​ដែល​គាត់​ដាក់​ស្រែ​គឺ​ប្រើ​លាមក​ក្របី ភាគច្រើន​ដែល​ធ្វើ​ឲ្យ​ដី​ធូរ​គាត់​រំពឹង​ថា​ផល​ដែល​ទទួល​បាន​នឹង​អាច​ដោះស្រាយ​ជីវភាព​បាន​គ្រប់គ្រាន់​។ លោក ស៊ិ​ន ក្រឹប មេឃុំ​តាំងក្រសាំង​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មេទឹក​ពោធិ៍​តា​ត្រេស​នេះ​ត្រូវ​បាន​ក្នុង​ជំនាន់​ប៉ុ​ល​ពត ឆ្នាំ​១៩៧៨ ក្នុង​គ្រានោះ​គេ​បាន​កែន​ប្រជាជន​ស្ទើរ​មួយ​ស្រុក​បា​ធា​យ ឲ្យ​មក​លើក​ទំនប់​នេះ​ហើយ​ក្នុង​ពេល​នោះ​គាត់​ក្នុង​វ័យ​ជា​យុវជន​ម្នាក់​ក៏​បាន​ចូលរួម​លើក​ដោយ​ប្រើ​ពេល​រហូត​ដល់​៣​ខែ​។

ហើយ​នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧​មក​រា​១៩៧៩ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ​បាន​នាំ​គ្នា​បង្កបង្កើន​ផល​ដាំ​ដំណាំ​ស្រូវ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែល​ក្នុង​ពេល​ដំបូង​ធ្វើ​ប្រមាណ​ជា ៥០០​ហិ​កតា​ប៉ុណ្ណោះ​។ ក្រោយមក​ទៀត​ចេះ​តែ​នាំ​គ្នា​ដាំ​ដុះ​បន្ថែម​ហើយ​ត្រូវ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ ដោយ​មានការ​យកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​ខេត្ត​បាន​ធ្វើការ​ពង្រីក​ទំនប់​មេទឹក​ដុស​ឡើង​អាច​ស្តុក​ទឹកបាន​ប្រមាណ​១០​លាន​ម៉ែត្រត្រីគុណ មក​ដល់​សព្វថ្ងៃ​ដែល​អាច​ស្រោចស្រព​ដំណាំ​ស្រូវ​បាន​រហូត​ដល់​ជាង​២.០០០​ហិ​កតា​។​ចំពោះ​ទំនប់​ដែល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នឹង​ត្រូវ​ធ្វើការ​ជួសជុល ដោយ​សហគមន៍​ជា​អ្នក​មើលថែ​ទាំ​។

លោក​មេឃុំ​តាំងក្រសាំង មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដុះ​នៅ​ផ្នែក​ខាងក្រោម​ទំនប់​មេទឹក​ប្រមាណ​ជា​១៧០​ហិ​កតា ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​លិច​ខូច​និង​មួយ​ផ្នែក​ទៀត​ទឹក​ជន់​ពី​ដៃ​បឹង​ទន្លេសាប​ជាប់​នឹង​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។ លោក ផេ​ន សុផល អភិបាលស្រុក​បា​ធា​យ បាន​បញ្ជាក់​ថា ចំពោះ​ដំណាំ​ស្រូវ​ប្រមាណ​ជិត ៣០០​ហិ​កតា របស់​ប្រជា​កសិករ​៣៨០​គ្រួសារ​ដែល​បាន​ដាំ​ដុះ​លើក​ទី​២ នៅ​ក្បែរ​មេទឹក​ពោធិ៍​តា​ត្រេស នៅ​ក្នុងភូមិ​ក្រដាស​(​ក​) ឃុំ​តាំងក្រសាំង ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​លិច ជាមួយ​នោះ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​ចាត់​ឲ្យ​កម្លាំង​របស់​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ការ​យកចិត្តទុកដាក់​តាមដាន​មើល​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​រវាង​១​ស​ប្តា​ហ៍​ទៀត ដើម្បី​ឱ្យ​ដឹង​ពី​ទំហំ​ផល​ប៉ះពាល់​ដោយ​សហការ​ជាមួយនឹង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​មាន​វិធានការ​អន្តរាគមន៍​ជួយ​ដល់​ប្រជា​កសិករ​។

ជាមួយ​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​កម្លាំង​ប្រជា​ការពារ​រួម​នឹង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​តែ​រួម​គ្នា​ការពារ​ទឹកភ្លៀង​ដែល​ស្តុក​ទុក​នៅ​ក្នុង​មេទឹក​ត្រូវ​រក្សា​ទុក​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង និង​ត្រូវ​ឧស្សាហ៍​ចុះ​ពិនិត្យ​ទ្វារ​ទឹក ក្រែង​មាន​ជនខិលខូច​មក​លួច​បើក​បង្ហូរទឹក​ឱ្យ​ឆាប់​រីង ដែល​អាច​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ