ពេលដែលអ្នកទើបតែចាប់ផ្តើមអាជីពដំបូង អ្នកប្រហែលជាអាចស្តាប់លឺដំបូន្មានជាច្រើនដែលអាចជួយឲ្យអ្នកទទួលបានការងារ បង្កើតទំនាក់ទំនង និងសម្រេចបានលទ្ធផលល្អៗក្នុងការងារថ្មីរបស់អ្នក ។ ខណៈដែលដំបូន្មានមានច្រើន អ្នកត្រូវដឹងពីដំបូន្មានដែលអ្នកមិនចាំបាច់ស្តាប់ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងធនធានផ្សេងៗ ។ យោងតាមអត្ថបទមួយរបស់ Harvard Business Review ខាងក្រោមគឺជាដំបូន្មានដែលអ្នកអាចមិនស្តាប់តាមបាន៖
១. ប្រសិនបើអ្នកមានសមត្ថភាព អ្នកមិនចាំបាច់អួតអាងបង្ហាញទេ
ការពិតជាក់ស្តែង មនុស្សមិនសម្រេចបានភាពជោគជ័យដោយពឹងផ្អែកតែលើសមត្ថភាពរបស់ពួកគេទេ។ អ្នកដែលមានសមត្ថភាពត្រូវតែមានភាពជឿជាក់លើខ្លួនឯងដែរ និងត្រូវចំណាយពេលវេលាលើការផ្សព្វផ្សាយពីខ្លួនឯង បង្កើតទំនាក់ទំនងជាមួយអ្នកដទៃ និងបង្កើតឈ្មោះសម្រាប់ខ្លួនឯងផងដែរ។
អ្នកត្រូវចងចាំថាឈ្មោះរបស់អ្នកជាកត្តាសំខាន់មួយដែលអាចជះឥទ្ធិពលលើភាពជោគជ័យក្នុងអាជីពរបស់អ្នកបាន។ ទោះជាមនុស្សដែលមានសមត្ថភាពខ្ពស់ក៏ត្រូវចំណាយពេលក្នុងការបង្កើតទំនាក់ទំនងជាមួយចៅហ្វាយរបស់ខ្លួន និងមនុស្សដែលមានអំណាចដទៃដែរ។
២. ផ្តោតស្មារតីលើអ្វីដែលអ្នកពូកែធ្វើ
មនុស្សម្នាក់ៗតែងតែមានអ្វីដែលពួកគេពូកែធ្វើ ប៉ុន្តែអ្នកមិនមានឱកាសច្រើនក្នុងការជោគជ័យទេប្រសិនបើអ្នកមិនផ្តោតស្មារតីលើចំណុចខ្វះខាតរបស់អ្នកដែរ។ ឧទាហរណ៍ អ្នកអាចជាមនុស្សដ៏ឆ្លាតវៃ តែអ្នកមិនមានមនុស្សធម៌ដែលអាចធ្វើឲ្យអ្នកដទៃគិតថាអ្នកជាមនុស្សក្រអើតក្រទមជាដើម។
មនុស្សដែលជោគជ័យជាច្រើនជាមនុស្សដែលពូកែមើលឃើញចំណុចខ្វះខាតរបស់ខ្លួនជាងគេ។ មហិច្ចតារបស់ពួកគេជាកត្តាដែលធ្វើឲ្យពួកគេមានចិត្តនិងកម្លាំងពុះពារលើសពីកម្រិតសមត្ថភាពរបស់ខ្លួន។
៣. ធ្វើអ្វីដែលខ្លួនស្រលាញ់
ការមានគោលដៅច្បាស់លាស់ពីអ្វីដែលខ្លួនចង់ធ្វើក្នុងជីវិតមានសារៈសំខាន់ណាស់ ប៉ុន្តែការធ្វើអ្វីដែលខ្លួនស្រលាញ់ប្រហែលជាមិនមែនជារូបមន្តល្អគ្រប់ពេលទេ។ លើសពីនេះទៅទៀត អ្វីដែលអ្នកចូលចិត្តធ្វើក្នុងឆ្នាំនេះអាចនឹងផ្លាស់ប្តូរនៅឆ្នាំក្រោយដែរ។
ប្រសិនបើអ្នកមានអាយុខ្ទង់២០ឆ្នាំ អ្នកគួរតែគិតពីការភ្ជាប់អ្វីដែលអ្នកចូលចិត្ត និង សក្តានុពលភាពដែលអ្នកមាន ទៅនឹងឱកាសដែលមានលើទីផ្សារ និងចាប់យកឱកាសដែលអនុញ្ញាតឲ្យអ្នករៀន និងអភិវឌ្ឍន៍ខ្លួនបានច្រើនជាងគេ ៕
ចែករំលែកព័តមាននេះ