ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លង ទៅ​ពេទ្យ​មិន​ទាន់ ក៏​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លង ទៅ​ពេទ្យ​មិន​ទាន់ ក៏​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ

2 ខែ មុន
  • Ratanakiri Province

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ប្រសូត​បាន​ទារិកា​ម្នាក់​តាម​ផ្លូវ ខណៈ​ពេល​ដែល​ប្អូនប្រុស​ដឹក​តាម​ម៉ូតូ​មក​មណ្ឌល​សុខភាព​ស្រុក លុះ​ជិះ​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ឈឺពោះ​ខ្លាំង​រួច​សម្រាលកូន​តែ​ម្ដង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា…

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ប្រសូត​បាន​ទារិកា​ម្នាក់​តាម​ផ្លូវ ខណៈ​ពេល​ដែល​ប្អូនប្រុស​ដឹក​តាម​ម៉ូតូ​មក​មណ្ឌល​សុខភាព​ស្រុក លុះ​ជិះ​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ឈឺពោះ​ខ្លាំង​រួច​សម្រាលកូន​តែ​ម្ដង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ។

បើ​តាម​លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ បានឱ្យ​ដឹង​ថា ស្ត្រី​ឆ្លងទន្លេ​ខាងលើ​មានឈ្មោះ ទូច សុខ​ខឿន អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ មាន​ប្តី​ឈ្មោះ ស៊ឹ​ម បឿន អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​កម្មករ​ធ្វើ​ចំការ ហើយ​អ្នក​ទាំង​២​នាក់​មានកូន​៦​នាក់ ក្នុង​ស្រី​៤​នាក់ (​ទារិកា​ចុង​ក្រោយ​ជា​កូន​ទី​៤​ក្នុង​ចំណោម​កូនស្រី​) សុទ្ធតែ​នៅ​ក្នុង​បន្ទុក​ទាំងអស់ ។ ហើយ​មានស្រុក​កំណើត​នៅ​ភូមិ​ជើង​ទឹក ឃុំ​អូរ​លាវ ស្រុក​​កំពង់លាវ ខេត្តព្រៃវែង លុះ​ក្រោយមក​ក៏​មក​រស់នៅ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ​វិញ ។

លោក​បន្ត​ថា ពេល​ស្ត្រី​ខាងលើ​ឈឺពោះ​ឆ្លងទន្លេ​នោះ ក៏​ត្រូវ​បាន​ប្អូនប្រុស​ជិះ​ម៉ូតូ​ដឹក​បងស្រី​មក​រក​ពេទ្យ​នៅ​មណ្ឌល​សុខភាព លុះ​ពេល​មក​ដល់​បាន​ពាក់កណ្ដាល​ផ្លូវ ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ ក៏​ស្រាប់​តែ​ឈឺ​ខ្លាំង រួច​ក៏​សម្រាលកូន​តាម​ផ្លូវ​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ក្រោយ​ពី​លោក​ទទួល​បាន​ដំណឹង​ភ្លាម ក៏​ដឹកនាំ​កម្លាំង​វេន​ប្រចាំ​បញ្ជា​ទី​១ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ប៉ក់​ញ៉ៃ យក​រថយន្ត​សង្គ្រោះ​មក​ដឹក​ស្ត្រី​ឆ្លងទន្លេ​មក​មណ្ឌល​សុខភាព​ទាន់​ពេលវេលា​ប្រកបដោយ​សុវត្ថិភាព​ផង​ដែរ ខណៈ​ពេល​នេះ​ស្ត្រី​រូប​នេះ​កំពុង​ស្ថិត​នៅ​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុងស្រុក​អូ​រយ៉ា​ដាវ​នេះ​មាន​៧​ឃុំ ស្មើ​២៩​ភូមិ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​កង​កម្លាំង​នគរបាល​ស្រុក តែងតែ​ជួយ​សេវា​ដឹក​ជញ្ជូន​ទៅ​មក​មណ្ឌល​សុខភាព ឬ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរ​កែវ និង​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក ខេត្តរតនគិរី តែ​ម្តង​។

ពេល​ខ្លះ​ក្នុង​១​ថ្ងៃ ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​មាន​៣​នាក់​ក៏​មាន ហេតុនេះ​ហើយ​ទើបតែ​រយៈពេល​២​ឆ្នាំ​នេះ អធិការដ្ឋាន​មាន​សេវា​ជួយ​ដឹក​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ ហើយនឹង​អ្នកជំងឺ​តាម​បណ្តា​ភូមិ​-​ឃុំ ក្នុងស្រុក​ទាំងមូល​បែប​នេះ​។ ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​គាត់​គ្មាន​ប័ណ្ណ​ក្រីក្រ​វិញ ខាង​អធិ​ការដ្ឋាន ក៏​ជា​អ្នក​ចេញ​សេវា​ពេទ្យ​ជូន​ពួក​គាត់​ទៀត​ផង​៕