ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វ៉ា​ន់ ឌី​កា​អុ​ន អ្នកវិភាគ​អក្សរសិល្ប៍​និង​សង្គម​មាន​ទំនាស់​ប៉ះទង្គិច​ជាមួយនឹង​របប​នយោបាយ​ជាតិ​ទៅ​រស់នៅ​បារាំង​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​នយោបាយ

8 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» លើក​ឡើង​ឱ្យ​ដឹង​ថា លោក​វា​៉​ន់ ឌី​កា​អុ​ន កើត​នៅ​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​១៩៤២ នៅ​ក្រុងភ្នំពេញ ។ លោក​បាន​បំពេញវិជ្ជា​នៅ​សាលា​បឋម​សិក្សា​

យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» លើក​ឡើង​ឱ្យ​ដឹង​ថា លោក​វា​៉​ន់ ឌី​កា​អុ​ន កើត​នៅ​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​១៩៤២ នៅ​ក្រុងភ្នំពេញ ។ លោក​បាន​បំពេញវិជ្ជា​នៅ​សាលា​បឋម​សិក្សា​និង​មធ្យមសិក្សា​ក្នុង​ក្រុងភ្នំពេញ ។

បន្ទាប់​ពី​បាន​ប្រលង​ជាប់​មធ្យមសិក្សា​ប​ត្រលោក​វ៉ាន់ ឌី​កា​អុ​ន បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​គរុកោសល្យ ហើយ​បាន​ទទួល​តំណែង​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង​នៅ​អនុ​វិទ្យាល័យ​ព្រៃ​នប់​ក្នុង​ខេត្តកំពត នា​ឆ្នាំ​១៩៦៦ ។ នៅ​ឆ្នាំ​១៩៦៨ លោក​បាន​មក​ធ្វើការ​ជា​អ្នកនិពន្ធ​កាសែត​បារាំង Cambodge ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ចៅ សេង ជា​ឥស្សរជន និង​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​សម័យ​សង្គមរាស្ត្រនិយម ។ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ លោក​ទទួល​តួនាទី​ជា​ចាងហ្វាង​រង​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ខ្មែរ (AKP) ។

នៅ​ឆ្នាំ​១៩៦៩ លោក​វា​៉​ន់ ឌី​កា​អុ​ន បាន​ទទួល​តំណែង​ជា​លេខាធិការ​នៃ​កិច្ចការ​នយោបាយ​នៅ​ក្រសួងអប់រំជាតិ ។ នៅ​ឆ្នាំ​ដដែល​លោក​បាន​សហការ​ជាមួយ​មិត្ត​ដែល​មាន​ជំហរ និង​គំនិត​នយោបាយ​ដូច​គ្នា បង្កើត​កាសែត​ភាសា​បារាំង​មួយ​មានឈ្មោះ​ថា «Le Courrier Phnompenhnois» ។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ទទួល​ការ​តែងតាំង​ជា​ចាងហ្វាង​នៃ «​ទីភ្នាក់ងារសារព័ត៌មាន​ខ្មែរ (AKP) ជា​ចាងហ្វាង​រង​ព្រឹត្តិ​ប័ត្រ​ចតុម្មុខ និង​ជាទី​ប្រឹក្សា​កាសែត​មហា  ជន ។ ទន្ទឹម​នឹង​មុខងារ​ទាំងនេះ លោក​បង្រៀន​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ ធំ​ៗ​ពីរ​នៅ​ក្រុងភ្នំពេញ ។

លោក​វ៉ា​ន់ ឌី​កា​អុ​ន បាន​មក​បន្ត​វិជ្ជា​ផ្នែក​ឧត្តម​សិក្សា​នៅ​ប្រទេស​បារាំង នា​ឆ្នាំ​១៩៧២ ហើយ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៧៤​។ លោក​បាន​បន្ត​ការ​ស្រាវជ្រាវ​រហូត​ដល់​ឆ្នាំ​១៩៧៥ ដោយ​បាន​បោះពុម្ពផ្សាយ​នូវ​សិក្សា​កថា​មួយ​ចំនួន ។

លោក​វា​៉​ន់ ឌី​កា​អុ​ន បាន​រួច​ជីវិត​ពី​សម័យ​ខ្មែរក្រហម ហើយ​បាន​ចូល​ទៅ​ជា​សមាជិក «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​១៩៧៨ ។ ដោយ​មាន​ជំនួយ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងកម្លាំងប្រដាប់អាវុធ​ប្រជាជន​ខ្មែរ ក្រោម​ការ​ដឹកនាំ​របស់ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បាន​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧ មក​រា ១៩៧៩ ។ នៅ​ឆ្នាំ​១៩៨១ លោក​វ៉ា​ន់ ឌី​កា​អុ​ន បាន​ទទួល​ការ​តែងតាំង​ជាទី​ប្រឹក្សា​រដ្ឋ ។ នៅ​ឆ្នាំ​ដដែល​នោះ​លោក​បាន​បង្កើត​វិទ្យាស្ថាន​សង្គម​សាស្ត្រ ក្នុង​គោលដៅ​សិក្សា​បែប​វិទ្យាសាស្ត្រ​ពី​សង្គម និង​នយោបាយ ហើយ​លោក​បាន​ដឹកនាំ​វិទ្យាស្ថាន​នេះ​រហូត​ដល់​ឆ្នាំ​១៩៨៩ ។ អ្នក​ស្រាវជ្រាវ​បរទេស​នានា​ដែល​មក​ទស្សនា​ស្រាវជ្រាវ​នៅ​កម្ពុជា​តែងតែ​សាកសួរ និង​ធ្វើ​គារវកិច្ច​ចំពោះ​លោក​វា​៉​ន់ ឌី​កា​អុ​ន ជា​និច្ច ហើយ​អ្នក​ទាំងនេះ​ស្គាល់​ម្យា​៉​ង​ថា លោក​ជា​បញ្ញវន្ត​មួយ​រូប​ក្នុង​របប​ថ្មី ហើយ​ម្យា​៉​ង​ទៀត​លោក​តំណាង​ចរន្ត​ទំនើប​និយម​ក្នុង​រដ្ឋអំណាច និង​បក្ស ។
ដោយ​មាន​ទំនាស់​នឹង​រដ្ឋាភិបាល និង​មជ្ឈិមបក្ស​កម្ពុជា​, លោក​វ៉ា​ន់ ឌី​កា​អុ​ន បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ហើយ​ទទួល​សិទ្ធិ​ជា​ជនភៀសខ្លួន​នយោបាយ ។

សព្វថ្ងៃ​លោក វ៉ា​ន់ ឌី​កា​អុ​ន ធ្វើការ​ជា​អ្នក​សារព័ត៌​មាននៅ​វិទ្យុ​បារាំង​អន្តរជាតិ​ក្នុង​កម្មវិធី​ភាសា​ខ្មែរ (Radio France International RFI) ដោយ​លោក​មាន​ឯកទេស​ផ្នែក​សិក្សា​វិភាគ​អក្សរសិល្ប៍​ខ្មែរ និង​វិភាគ​សៀវភៅ​ចេញ​ថ្មី​ផ្នែក​នយោបាយ​-​សេដ្ឋកិច្ច​-​សង្គម ។​ល​។ ទន្ទឹម​នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​ដើម្បី​ដោះស្រាយ​ជីវភាព លោក​វ៉ា​ន់ ឌី​កា​អុ​ន បូជា​ពេលវេលា​ទំនេរ​លើ​សំ​ណេ​រ និង​ការ​ស្រាវជ្រាវ ។

អាស្រ័យ​ដោយ​លោក​វ៉ា​ន់ ឌី​កា​អុ​ន ស្គាល់​និង​បាន​រស់នៅ​ក្នុង​របប​រដ្ឋ​បួន ធំ​ៗ​នៅ​ស្រុក​ខ្មែរ ទាំងនេះ​គឺជា​បទ​ពិសោធន៍​សំខាន់​នាំ​ឱ្យ​លោក​ផលិត​បាន​ស្នាដៃ​ជា​សំ​ណេ​រ​មួយ​ចំនួន ហើយ​លោក​សរសេរ​និក្ខេបបទ​មួយ ក្រោម​ការ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Pierre Richard Feray នៅ​សាកលវិទ្យាល័យ Nice ដែល​មាន​ប្រធានបទ «​ប្រទេស​កម្ពុជា និង​ផលវិបាក​ក្នុង​ការ​ចូលរួម​រស់​ក្នុង​ពិភពលោក​ទំនើប​» (Le Cambodge et ses difficultés d’insertion au monde moderne) ។

ស្នាដៃ សំខាន់​ៗ​របស់​លោក​វ៉ាន់ ឌី​កា​អុ​ន
-​សង្គម​សក្តិភូមិ​ខ្មែរ​នៅ​ក្នុង​រឿង «​ទុំ​ទាវ​» ភាគ​១ ភ្នំពេញ ១៩៧១ ។
-​ក្បួន​ចិត្តសាស្ត្រ សិក្សា​កថា ភ្នំពេញ ១៩៧៣ ។
-​វិភាគទាន​នៃ​ការ​សិក្សា​សង្គម​ខ្មែរ​តាម​រយៈ​អក្សរសិល្ប៍ សិក្សា​កថា ភ្នំពេញ ១៩៧៣ ។
-Thmenh chey, en français, étude, Phnom Penh, 1973 ។
-​សោកនាដកម្ម​នៃ​ការ​អផ្សុក​របស់​អ្នកស្រី​បូ​វ៉ា​រី​, សិក្សា​កថា​អក្សរសិល្ប៍​បារាំង​, ភ្នំពេញ ១៩៧៤ ។
-​ស្នេហា​ចុក​ឈាម​របស់​កំលោះ​វែ​រ​ទែ​រ​, សិក្សា​កថា​អក្សរសិល្ប៍​បារាំង​, ភ្នំពេញ ១៩៧៤​។
-Réflexion sur la littérature Khmère,en français, étude, Phnom Penh, 1981 ។
-​រឿងព្រេង​បុរាណ​ខ្មែរ ភាគ​១ កម្រង​ជ្រើសរើស បោះពុម្ព​ឡើង​វិញ ភ្នំពេញ​១៩៨៧ ។
-​រឿងព្រេង​បុរាណ​ខ្មែរ ភាគ​២ កម្រង​ជ្រើសរើស បោះពុម្ព​ឡើង​វិញ ភ្នំពេញ​១៩៨៧ ។
-​កោះ​បិសាច ប្រលោមលោក ភ្នំពេញ​១៩៨៧ ។
-Cambodge : 1940-1990 La fin d’une époque, Essai, Paris, 1991 ។
-Cambodge ou la politique sans les Cambodgiens, essai, Paris, L’Harmattan 1993 ។
-Cambodge, La nuit sera longue, essai, Paris, Edité par L’association «Fonds d’aides au Cambodge (FAC)» Paris 1996៕