បិទ​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើស​រើស​ជើងឯក ក្រសួងមហាផ្ទៃ​ដណ្ដើម​​មេដាយ​ច្រើន​ជាង​គេ


រាជធានី​ភ្នំពេញ ៖ សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ពី​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​ទើបតែ​បញ្ចប់​ការ​ប្រកួត​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ តុលា នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ។ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោកនាយ​ឧត្តមសេនីយ៍ គៀត ចន្ទ​ថា​រិ​ទ្ធ​ប្រធាន​សហព័ន្ធ​កីឡាវាយ​កូនឃ្លីលើតុ​កម្ពុជា និង​លោក​អ៊ុ​ក សិទ្ធិ​ជាតិ អគ្គ​នាយ​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​តាំងពី​ថ្ងៃ​ទី​១៩ តុលា ដោយ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១៣៣​​នាក់​ក្នុង​នោះ​កីឡាការិនី​១៣​នាក់​មក​ពី​តាម​បណ្ដា​សមាគម និង​ក្លិប​ទូ​ទាំង​ប្រទេស​ចំនួន​២២ ។ តាម​របាយ​ការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ឆ្លងកាត់​ការ​ប្រកួត​រយៈពេល​៦​ថ្ងៃ​មកនេះ សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ក្នុង​នោះ​មេដាយមាស​៧​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​៦​គ្រឿង ។ ក្លិប​ស៊ី​ធី​ស្បត​ឈរ​នៅ​លេខ​រៀង​ទី​២​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង ។ ក្លិប​សន្ធរ​ម៉ុ​ក​ឈរ​នៅ​លេខ​រៀង​ទី​៣ ដណ្ដើម​​បាន​មេដាយ​ប្រាក់​១​គ្រឿង មេដាយ​សំរឹទ្ធ​៤​គ្រឿង និង​ក្លិប​ឌីណាមិច​ដណ្ដើម​បាន​មេដាយ​ប្រាក់​១​គ្រឿង មេដាយ​សំរឹទ្ធ​១​គ្រឿង​។

លោកនាយ​ឧត្តមសេនីយ៍​គៀត ចន្ទ​ថា​រិ​ទ្ធ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នេះ​ជា​ការ​ប្រកួត​លើក​ទី​២​ហើយ​ចាប់តាំងពី​រូប​លោក​ចូល​មក​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​ដែល​មាន​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ។ លោក​ក៏​បាន​ចាត់​ទុក​ថា ការ​ប្រកួត​លើក​នេះ​ទទួល​បាន​ជោគជ័យ​ជាង​មុន ព្រោះថា​ឆ្នាំ​២០១៩​កន្លង​ទៅ​មាន​សមាគម​និង​ក្លិប​ចូលរួម​ចំនួន​តែ​១២​ប៉ុណ្ណោះ តែ​ឆ្នាំ​នេះ​មានការ​កើន​ឡើង​ជិត​ពាក់កណ្ដាល ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់ឱ្យ​មានការ​ចូលរួម​ប្រកួតប្រជែង​កាន់តែ​មាន​ភាព​ទូលំទូលាយ និង​ដើម្បី​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស​កីឡាករ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ ក៏​ជា​ការ​ផ្ដល់​ឱកាស​ឱ្យ​សហព័ន្ធ​ធ្វើការ​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ឆ្នើម​ៗ​ដើម្បី​ចេញ​ទៅ​ប្រកួតប្រជែង​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ក៏​ដូច​ជា​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ