ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ៖ អ្វី​ដែល​អាច​ធ្វើ​បាន គឺ​ធ្វើ​«​ដើម្បី​ខ្មែរ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណៈ​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា លោក​ធ្វើ​អ្វី​ដែល​អាច​បាន គឺ​ដើម្បី​ខ្មែរ ។ លោក…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណៈ​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា លោក​ធ្វើ​អ្វី​ដែល​អាច​បាន គឺ​ដើម្បី​ខ្មែរ ។

លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​ថា​៖ «​ថ្ងៃនេះ យើងខ្ញុំ យក​ស្រូវពូជ​ចំនួន​៤​តោន (៤០០០​គីឡូក្រាម​) ដែល​ជា​អំណោយ​របស់​សប្បុរសជន​ខ្មែរ ដែល​រស់នៅ​ក្រៅប្រទេស ចែក​ជូន​ប្រជា​កសិករ​ខ្មែរ ១០០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ខូចខាត​ស្រូវ​ដែល​គាត់​បាន​ធ្វើ កន្លង​មក​នៅ​ខេត្តកំពង់ឆ្នាំង ។ ស្រប​តាម​ដំណើរ​នេះ ខ្ញុំ​ក៏​បាន​ចែក​ពូជ​ដូងក្រអូប​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ទួល​តាម​ដងផ្លូវ​ផង​ដែរ​»​។

លោក​បន្ត​ថា ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​មាន​ខេត្ត​ខ្លះ ភូមិ​ឃុំ​ខ្លះ បាន​ធូរស្បើយ​ពី​ទឹកជំនន់​ហើយ ដូច្នេះ​ជំនួយ​របស់​សប្បុរសជន តម្រូវ​ឲ្យ​ខ្ញុំ​បង្វែរ​មក​ជួយ​ផ្តល់​ពូជ​ដំណាំ ជា​ពិសេស​ស្រូវពូជ​ដែល​ជា​ការ​ចាំបាច់​សម្រាប់​ប្រជា​កសិករ​យើង​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​យក​ទៅ​ដាំ​ដុះ​ឡើង​វិញ ឬ​បន្ត​ដាំ​ដុះ​តទៅ​ទៀត ដើម្បី​ជីវភាព​រស់នៅ​របស់​គាត់ ។

លោក​បញ្ជាក់​ថា​« ខ្ញុំ​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ខ្មែរ​រស់នៅ​ក្នុង និង​ក្រៅប្រទេស​ដូច​ជា សហរដ្ឋអាមេរិក កា​ណា​ដា អូស្ត្រាលី បារាំង អា​ល្លឺ​ម៉ា​ញ ហូ​ឡង់​ដ៍ និង​កូរ៉េ​ខាងត្បូង ដែល​មានចិត្ត​សប្បុរស​ផ្តល់​ជា​សទ្ធា​ក្នុង​ព្រះពុទ្ធ​សាសនា និង​ជា​ជំនួយ​មនុស្សធម៌​មក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​កន្លង​មក និង​នៅ​បន្ត​ជួយ​ផ្តល់​ពូជ​ដំណាំ​ជូន​ប្រជា​កសិករ​យើង​ដែល​ខ្វះខាត​ទៀត​» ។

លោក​ក៏​បាន​លើក​ឡើង​ថា សេចក្តី​ត្រូវការ​របស់​មនុស្ស​អាច​មិន​ចេះ​ចប់ ក៏​ប៉ុន្តែ​សេចក្តី​ត្រូវការ​ដើម្បី​រស់ គឺជា​ការ​ចាំបាច់​ដែល​យើង​ជា​មនុស្ស​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​ទោះបី​តិច ឬ​ច្រើន​ក្តី ដោយ​មិន​គួរ​មើលបំណាំ​គ្នា ឬ​យក​ជម្លោះ​មក​ធ្វើ​ជា​ឧបសគ្គ​ឡើយ ។ ដូចដែល​ខ្ញុំ​បាន​បញ្ជាក់​ហើយ អ្វី​ដែល​អាច​ធ្វើ​បាន «​ដើម្បី​ខ្មែរ​» ខ្ញុំ​ព្យាយាម​ធ្វើ​តាម​លទ្ធភាព និង​ស្ថានភាព​ដែល​អាច​ធ្វើ​បាន ដោយ​មិន​បំពាន និង​ដោយ​អហិង្សា​ទោះបី​ខ្ញុំ​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ