ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ សំឡេងភ្លេងការលាន់ឮឡើងវិញទោះបម្រាមការជួបជុំមនុស្សច្រើនមិនទាន់ដកចេញ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ជិតមួយឆ្នាំមកហើយដែលពលរដ្ឋកម្ពុជាបានចូលរួមទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ដោយបានលើកពេល ឬពន្យាពេលរៀបពិធីអាពាហ៍ពិពាហ៍។ ប៉ុន្តែចាប់តំាងពីចូលខែកត្តិក ធ្លាក់ខ្យល់ពីជើងក្នុងឆ្នាំជូតនេះមក សំឡេងភ្លេងការបានលាន់ឭឡើងវិញ។ ពលរដ្ឋមួយចំនួនបានរៀបចំអាពាហិ៍ពិពាហ៍ឡើងវិញ បើទោះបីជាបម្រាម ការជួបជុំមនុស្សច្រើន…

រាជធានីភ្នំពេញ៖ ជិតមួយឆ្នាំមកហើយដែលពលរដ្ឋកម្ពុជាបានចូលរួមទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ដោយបានលើកពេល ឬពន្យាពេលរៀបពិធីអាពាហ៍ពិពាហ៍។ ប៉ុន្តែចាប់តំាងពីចូលខែកត្តិក ធ្លាក់ខ្យល់ពីជើងក្នុងឆ្នាំជូតនេះមក សំឡេងភ្លេងការបានលាន់ឭឡើងវិញ។ ពលរដ្ឋមួយចំនួនបានរៀបចំអាពាហិ៍ពិពាហ៍ឡើងវិញ បើទោះបីជាបម្រាម ការជួបជុំមនុស្សច្រើន និងវិធានការការពារជំងឺកូវីដ១៩ ផ្សេងៗទៀតនៅជាធរមានយ៉ាងណាក្តី។

ប្រាកដណាស់ កន្លងមកមានការបន្ធូរបន្ថយឲ្យរៀបចំពិធីផ្សេងៗតែត្រូវប្រកាន់ខ្ជាប់នូវគម្លាតសុវត្ថិភាព និងវិធានការការពារសំខាន់ៗដែលនាំដោយក្រសួងសុខាភិបាល ។

កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យកន្លងមកនេះ មានកូនកំលោះ កូនក្រមុំជាច្រើនគូរបានក្រាបផ្តឹមសំពះ សូមពរជ័យពីញាតិមិត្តតាមគន្លងប្រពៃណីជាមួយនឹងការរៀបចំពិធីជួបជុំ ទទួលទានភោជនាហារតាមទម្លាប់ជាប្រក្រតីឡើងវិញ ទោះបីគ្រប់គ្នានៅតែបារម្ភពីជំងឺកូវី១៩ ហើយជំងឺនេះ នៅតែបន្តការឆ្លងរាតត្បាយពេញពិភពលោករាល់ថ្ងៃយ៉ាងណានោះ។

អ្នកចូលរួមពិធីអាពាហ៍ពិពាហ៍នាពេលនេះ បានឲ្យដឹងថា ការផ្តើមរៀបចំពិធីមង្គលការឡើងវិញរបស់ពលរដ្ឋនេះ មានសកម្មភាពជាធម្មតា ដូចពេលមិនទាន់មានជំងឺការផ្ទុះឡើងកូវីដ១៩ គឺទំាងពិធីសាសនា កម្មវិធីប្រពៃណី និងការកម្សាន្តសប្បាយៗគឺមានដដែល។ ការជួបជុំមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីហែជំនួន កាត់សក់ សូត្រមន្ត ពិសេសការជួបជុំទទួលទានភោជនាហារ នៅពេលរាតរាត្រី ដែលមានមនុស្សច្រើននោះ។

លោក សុភ័ក្រ ដែលបានចូលរួមពិធីការ បងប្អូនជីដូនមួយខ្លួន កាលពីថ្ងៃអាទិត្យទី២៥ ខែតុលាបាននិយាយថា នៅក្នុងពិធីការគេមានដាក់អាកុល សម្រាប់លាងដៃ ប៉ុន្តែលោកយល់ថាវិធានការណ៍ប៉ុណ្ណេះ ទំនងមិនមានប្រសិទ្ធភាព ឬមិនអាចការពារជំងឺកូវីដ១៩ បាននោះទេ។ លោកថាប្រសិនជាមនុស្សកើតជំងឺកូវីដ១៩ ចូលរួមកម្មវិធីនោះ ប្រាកដជាឆ្លង។ ឆ្លងដោយសារលោកថា ម្នាក់ៗបានធ្វេសប្រហែស ដូចជានិយាយជិតស្និទ្ធគ្នាឡើងវិញ មានការចាប់ដៃគ្នា អង្គុយជិតគ្នា ពិសេសមិនបានពាក់
ម៉ាស់ការពារនោះឡើយ។

អ្នកបានចូលរួមមង្គលការកាលពីយប់ថ្ងៃអាទិត្យ បាននិយាយទៀតថា នៅក្នុងវិធីទទួលទានអារហារពេលល្ងាចកាន់តែគ្រោះថ្នាក់ថែមទៀត ដោយសារមនុស្សច្រើន ហើយមានការទទួលទានគ្រឿងស្រវឹង ស្វាគមន៍គ្នាចុះឡើងដោយកែវសា្រ សុទ្ធសឹងជាសកម្មភាពប្រឈមនឹងជំងឺកូវីដ១៩។

ចំណែកអ្នកចូលរួមពិធីមង្គលការម្នាក់ទៀត គឺលោក រក្សា ក៏បានអះអាងថា ក្នុងមួយតុ គឺនៅតែរៀបចំទទួលភ្ញៀវចំនួន ១០ នាក់ដដែល បើទោះបីជាមានការដាក់ជែលលាងដៃនិងអាល់កុលសម្លាប់មេរោគ នៅពីមុខរោងការក៏ដោយ ។

មកដល់ព្រឹក ថ្ងៃទី ២៦ តុលា ២០២០ កម្ពុជាមានមនុស្សកើតជំងឺកូវីដ១៩ សរុបចំនួន ២៨៧នាក់។អ្នកព្យាបាលជាសះស្បើយមាន ចំនួន ២៨៣នាក់ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺ មានតែ ៤នាក់ប៉ុណ្ណោះ។ ក្រសួងសុខាភិបាល នៅតែលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្ត     គម្រាមកំហែងមនុស្សជាតិជាប់ជានិច្ច និងបានអំពាវនាវដល់ពលរដ្ឋមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់។

ក្រសួងបានបញ្ជាក់ថា «ប្រទេសជិតយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល » ។

តាមការលើកឡើងរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងដូចខាងលើ ប្រជាពលរដ្ឋគួរប្រកាន់ភ្ជាប់នូវវិធានការណ៍ទំាងឡាយដែលក្រសួងបានប្រកាសដើម្បីធ្វើយ៉ាងណា កុំឲ្យឆ្លងជំងឺដែលមិនទាន់មានថ្នាំព្យាបាលនេះ។ រដ្ឋាភិបាលក៏ជាក្រសួងជំនាញនៅតែបារម្ភពីការឆ្លងទៅសហគមន៍។

ក្រៅពីការរៀបចំមង្គលការ នៅមានពិធីជួបជុំជាច្រើនទៀត ដែលសុទ្ធសឹងមានហា និភ័យខ្ពស់ នៅក្នុងការឆ្លងរីករាលជំងឺកូវីដ១៩ ដូចជាពិសាសនា បុណ្យកឋិនទាន និងបុណ្យសាសនា ផ្សេងៗទៀត ដែលមានមនុស្សចូលរួមច្រើន កម្មវិធីខួបកំណើត និងការជួបជុំនានា ដែលគេសង្កេតឃើញថាពលរដ្ឋហាក់បានភ្លេចជំងឺកូវីដ១៩៕