ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ និង​ធ្វើតេស្ត​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់ (BORAX)

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) កំពត​-​កែប ដឹកនាំ​ដោយ​លោក ពា សារី…

ខេត្តកំពត ៖ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) កំពត​-​កែប ដឹកនាំ​ដោយ​លោក ពា សារី អនុប្រធាន​សាខា ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ផ្សារ​សាមគ្គី​ក្រុង​កំពត ដើម្បី​ត្រួតពិនិត្យ និង​ធ្វើតេស្ត​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់ (BORAX) នៅ​មុខទំនិញ​ច្រើន​មុខជា​គ្រឿង​ឧបភោគបរិភោគ ដែល​ជា​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​ដាក់​តាំង​លក់​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​កំពត ហើយ​មុខទំនិញ​ទាំងនោះ​មាន​ដូច​ជា​៖ បបែល​ងៀត​ធំ និង​តូច បង្គា​ក្រៀម យី​ហ៊ឺ​(​មឹក​ក្រៀម​) មី​ខ្លាឃ្មុំ និង​ភេសជ្ជៈ​កំប៉ុង​(​ពិនិត្យ​ហួស​កាលបរិច្ឆេទ​និង​ខូចគុណភាព​) ជាដើម​។

ក្នុង​ការ​ចុះ​ធ្វើតេស្ត​រកសារ​ធាតុគីមី រាល់​មុខទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០២០​កន្លង​មក​ថ្មី​ៗ​នេះ មន្ត្រី​សាខា កប​ប បាន​រក​ឃើញ​ទំនិញ​គ្រឿង​ឧបភោគ​ពីរ​មុខ​ដែល​ពិនិត្យ និង​ធ្វើតេស្ត​ទៅ​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​(​បូ​រ៉ា​ក់​)​គឺ​គ្រឿង​ងៀត​សមុទ្រ​មាន​បបែល​ងៀត​ធុន​ធំ​ចំនួន​៨,៦ គីឡូក្រាម បបែល​ងៀត​ធុន​តូច​ចំនួន​១៩,២០​គីឡូក្រាម ទំនិញ​ដែល​មាន​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​នេះ​ត្រូវ​បាន​ក្រុមការងារ​ដែល​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​សំ​ណុ​បែ​បទ​(​កំណត់ហេតុ​) ដកហូត​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​សាខា កប​ប ខេត្ត ដើម្បី​ត្រៀម​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ពេល​ខាង​មុខ​។

ក្រៅពី​នោះ​ដូច​ជា​ត្រីងៀត​សមុទ្រ ត្រីងៀត​ទឹកសាប បង្គា​ក្រៀម​តូច ធំ យី​ហ៊ឺ​(​មឹក​ក្រៀម​) សរសៃ​គុយទាវ តូច ធំ មី​ខ្លាឃ្មុំ គ្រឿង​ភេសជ្ជៈ​កំប៉ុង​ជា​ច្រើន​មុខ​ទៀត ទាំង​ប៉ុន្មាន​មុខទំនិញ​ខាងលើ​នេះ​មិន​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​នោះ​ទេ​។ លោក ពា សារី អនុប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​មាន​ប្រសាសន៍​សំណូមពរ​ដល់​បងប្អូន​ក្រុម​អាជីវក​រថា៖

សូម​បងប្អូន​ឈប់​ទទួលយក​ទំនិញ​ជា​គ្រឿង​ងៀត​មក​ដាក់​តាំង​លក់​បន្ត​ទៅ​ទៀត បើ​មានការ​សង្ស័យ​ត្រូវ​មក​ទំនាក់ទំនង​ឬ​យក​ទំនិញ​ទាំងនោះ​ឲ្យ​ខាង កប​ប យើង​ធ្វើតេស្ត​មើល​សិន ដោយ​គ្មាន​គិត​តម្លៃ​ឈ្នួល​ទេ ហើយ​បើ​ពិនិត្យ​ទៅ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​សូមកុំ​យក​មក​លក់​អី ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​។ ដូច្នេះ​សូម​បងប្អូន​អាជីវករ​ទាំងអស់​យើង​ត្រូវ​ការពារ កុំ​ឲ្យ​មាន​ទំនិញ​ដែល​ផ្ទុក​សារធាតុ​គីមី ដែល​ច្បាប់​បាន​ហាមឃាត់​មក​លក់​ជូន​ប្រជាពលរដ្ឋ​យើង​តទៅ​ទៀត​៕ ដោយ ៖ ប្រាក់ សា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ