ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានត​ភ្ជាប់​ពីតំបន់អភិវឌ្ឍន៍កោះ​ពេជ្រ​ និង​កោះនរា ចាប់ផ្តើម​សាង​សង់​​ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលីជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពាន បេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ​ពិធីតាមបែបសាសនា​ខាងលើ​នេះធ្វើឡើងនារសៀលថ្ងៃទី២៥…

រាជធានីភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលីជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពាន បេតុងខ្សែកាបពីតំបន់កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ ស្ថិតនៅសង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

​ពិធីតាមបែបសាសនា​ខាងលើ​នេះធ្វើឡើងនារសៀលថ្ងៃទី២៥ តុលា ដោយមានការ អញ្ជើញចូលរួមពី​​លោក​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ។ ពិធីក្រុងពាលីនេះធ្វើឡើងក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះជាផ្លូវការនៅថ្ងៃទី២៦ តុលាដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន​ សែន​។ ​

លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានអោយដឹងថា​ គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ​ មាន​ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម​ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម សសរស្ពានមានគម្លាត២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+​២៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង​៩២ម៉ែត្រ​​ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង​៣,២៥ម៉ែត្រ​ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ​សងខាង​ ។

លោក​បន្តថា​ ស្ពាន​នេះតម្រូវអោយបេីកបរ​ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង​ជម្រាលទទឹងស្ពាន ២%​ សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ​ គិតពីផ្ទៃតួស្ពានទៅលើអាកាស​ សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន​២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ​​ គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២មានជម្រៅ​៧៣,៤០ម៉ែត្រ​​ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣​ ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម ​។

លោក​ សាំ​ពិសិដ្ឋ​ បានអោយ​ដឹង​ទៀត​ថា​ កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត​ កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត​ គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម​ សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ​ ។ លោក​បន្តថា​ គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក រយៈពេលសាងសង់ ៣៥ខែ​ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​ ។ ​

លោក​ សាំ​ ពិសិដ្ឋ​ បាន​អោយ​ដឹង​ទៀត​ថា​ ចំណែកគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ​១​ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ​ ទទឹងស្ពាន ២១ម៉ែត្រ​​ បណ្តោយស្ពានបេតុង៤៥ម៉ែត្រ​​ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ​ និង​រយៈពេលសាងសង់មានចំនួន​១២ខែផងដែរ។ ​ សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខក្នុងមុខនាទីដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៏ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរនៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។

ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះក៏សមស្របទៅនឹងការអភិវឌ្ឍន៏យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញរួមទាំងកំណើនសេដ្ឋ​កិច្ច ,កំណើនប្រជាពលរដ្ឋក៏ដូចកំណើន​យានយន្តក្នុងទីក្រុងនាសម័យសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនា​បតី​តេជោហ៊ុន សែន ជាប្រមុខ។

ក្រោមអនុសាសន៏របស់សម្តេចតេជោ និងការដឹកនាំអនុវត្តផ្ទាល់របស់​លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើអោយសមិទ្ធិផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ព័ន្ធ, សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត​ ទោះជាវិបត្តិជំងឺកូវីដ.១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ ក៏មិនបានបន្ទុចបង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍន៏ទីក្រុងនោះបានឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ