ដើម​ឈើទាល​កម្ពស់​៤០​ម៉ែត្រ ទ្រេត​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ប្រាសាទ


ខេត្តសៀមរាប ៖​ឆ្លើយ​តប​ចំពោះ​ដើមឈើ​ដែល​កំពុង​មាន​ហានិភ័យ​ខ្ពស់​មក​លើ​ប្រាង្គ​ប្រាសាទ​បន្ទាយស្រី ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អនុវត្ត​ការងារ​កាត់​ដកហូត​ដើមឈើ​ទាល​មួយ​ដើម ដែល​មានមុខ​កាត់​១០០​សង្ទី​ម៉ែត្រ និង​កម្ពស់​ប្រហែល​៤០​ម៉ែត្រ ដុះ​ជាប់​នឹង​កំពែង​ខាងត្បូង​ក្នុង​ប្រាសាទបន្ទាយស្រី មាន​លក្ខណៈ​ទ្រេត​ខ្លាំង​ទៅ​លើ​កំពែង និង​ថ្ម​ចម្លាក់ សណ្ឋាន​ដី​ជ្រាយ និង​មាន​ប្រព័ន្ធ​ឫស​ខ្សោយ ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​ដោយសារ​ទីតាំង​ដើមឈើ​នោះ​កៀក​នឹង​ប្រាសាទ និង​មាន​កម្ពស់​​ខ្ពស់​ផង មិន​អំណោយផល​ដល់​រថយន្ត​ស្ទូច​ដើម្បី​ចូល​ទៅ​កាត់ ដែល​តម្រូវ​ឲ្យ​ក្រុមការងារ​ត្រូវ​ប្រើប្រាស់​រន្ទា​ដែក​ជំនួស​វិញ ជា​ហេតុ​ត្រូវ​ប្រើ​ពេលវេលា​យូរ​បន្តិច​ក្នុង​ការ​ដំឡើង ប៉ុន្តែ​ផ្តល់​សុវត្ថិភាព​ខ្ពស់​ចំពោះ​ប្រាសាទ​ផង និង​មនុស្ស​ផង ។

ក្រៅពី​ដើមឈើ​ទាល​មួយ​ដើម​នេះ ក្រុមការងារ​ក៏​បាន​សិក្សា​ពី​ហានិភ័យ​ដើមឈើ​ផ្សេង​ទៀត ស្ថិត​ក្នុង និង​ក្រៅ​បរិវេណ​ប្រាសាទបន្ទាយស្រី ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រាសាទ និង​មនុស្ស និង​បាន​រៀបចំ​ជា​ផែនទី​ហានិភ័យ​ដើមឈើ​រួច​ហើយ ដែល​ក្នុង​នោះ​មាន​ដើមឈើ​សរុប​ចំនួន​៥០​ដើម ដោយ​ចែក​ចេញ​ជា​៣​កម្រិត​ហានិភ័យ​គឺ​៖ ហានិភ័យ​ខ្លាំង​មាន​ចំនួន​១០​ដើម​(​ត្រូវ​កាត់​ដក​ហូត​ចេញ​) ហានិភ័យ​មធ្យម​ចំនួន​៣០​ដើម​(​កាត់​ក្រី​មែក​ខ្លះ​) និង​ហានិភ័យ​ខ្សោយ​ចំនួន​១០​ដើម​(កាត់​ក្រី​មែក​ខ្លះ​)​។

ជា​វិធានការ​ដើម្បី​បង្ការ​ហានិភ័យ​ដើមឈើ​ទាំង​អស់នេះ​មក​លើ​ប្រាសាទបន្ទាយស្រី អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដាក់​ជូន​សុំ​យោបល់​ពី​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​(ICC-Angkor) ដើម្បី​ពិនិត្យ និង​ផ្តល់​អនុសាសន៍​បន្ត​ទៀត ដើម្បី​ការងារ​នេះ​អនុវត្ត​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ