អារ៉ាប់រួម ៖ កំពូលកីឡាករគុនចម្រុះជនជាតិរុស្ស៊ី Khabib Nurmagomedov បានប្រកាសចូលនិវត្តន៍ជាផ្លូវការជាមួយកំណត់ត្រាដ៏ល្អឥតខ្ចោះក្នុងអាជីពរបស់ខ្លួន ក្រោយឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ UFC 254 ដែលធ្វើឡើងលើកោះអាប៊ុយដាប៊ី (Abu Dhabi) កាលពីម្សិលមិញ។
Khabib ដែលមានឈានដល់វ័យ ៣២ឆ្នាំ បានយកឈ្នះលើ Justin Gaethje ដោយបានផ្តួលកីឡាករអាមេរិករូបនេះនៅទឹកទី២ ដើម្បីបង្កើតកំណត់ត្រាឈ្នះជាលើកទី២៩ និងមិនស្គាល់បរាជ័យក្នុងអាជីពរបស់ខ្លួន។
Khabib បានបញ្ជាក់ពីមូលហេតុដែលខ្លួនសម្រេចចិត្តចូលនិវត្តន៍យ៉ាងដូច្នេះថា «វាជាប្រកួតចុងក្រោយរបស់ខ្ញុំ។ គ្មានផ្លូវទេដែលខ្ញុំអាចបន្តការប្រកួត ដោយគ្មានវត្តមានឪពុករបស់ខ្ញុំ។ វាជាលើកទី១ហើយ បន្ទាប់ពីមរណៈភាពរបស់ឪពុកខ្ញុំ»។
រូបគេបានបន្តទៀតថា «UFC បានទាក់ទងមកខ្ញុំអំពីការប្រកួតជាមួយ Justin។ ខ្ញុំបាននិយាយជាមួយម្តាយខ្ញុំអស់រយៈពេល ៣ថ្ងៃមុនសម្រេចចិត្តទទួលការប្រកួតនេះ។ព្រោះគាត់មិនចង់ឱ្យខ្ញុំឡើងវ៉ៃ ដោយគ្មានវត្តមានលោកឪពុកនោះទេ។ ប៉ុន្តែខ្ញុំបានសន្យាជាមួយគាត់ថាវានឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំ»។
សូមរំលឹកថា ឪពុករបស់ Khabib លោក Abdulmanap Nurmagomedov បានទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ នៅក្នុងអាយុ ៥៧ឆ្នាំបន្ទាប់ពីមិនអាចតស៊ូយកឈ្នះនឹងវីរុស Covid-19 បាន៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ