ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ជញ្ជាត់ព្រលឹង​តាម​ទំនៀមទម្លាប់​ជនជាតិ​ខ្មែរ

8 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​» របស់​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ រៀបរាប់​ថា កាលណា​មាន​មនុស្ស​ឈឺ​ល្ហិតល្ហៃ អស់កម្លាំង​ល្វឹងល្វើយ ចេះ​តែ​ដេក​ស្តូកស្តឹង

យោង​តាម​សៀវភៅ «​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​» របស់​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ រៀបរាប់​ថា កាលណា​មាន​មនុស្ស​ឈឺ​ល្ហិតល្ហៃ អស់កម្លាំង​ល្វឹងល្វើយ ចេះ​តែ​ដេក​ស្តូកស្តឹង មិន​ចង់​និយាយ​ស្តី មេ​គ្រួសារ​ភិតភ័យ រត់​រក​គ្រូ (​គឺ​គ្រូហ្ម​មើលជំងឺ​ដែល​នៅ​តាម​ជនបទ​តែងតែ​មាននៅ​ក្នុងភូមិ នីមួយ​ៗ​។ គ្រូ​នេះ​ព្យាបាល​ជំងឺ​ដោយ​វិធី​បី​យ៉ាង​ជា​មូលដ្ឋាន គឺ​មន្តអាគម ថ្នាំសង្កូវ​ផ្សំ​ពី​សំបកឈើ និង​ពិធីលៀងអារក្ស​សែនព្រេន​ខ្មោច​ល្បាក់សា​) ទាយ​ដើម្បី​បានដឹង​អំពី​មូលហេតុ​នៃ​ជំងឺ ។ គ្រូ​ទស្សន៍​ទាយ​តាម​ថ្ងៃ​-​ខែ​-​ឆ្នាំ​អ្នកជំងឺ ដោយ​ផ្អែក​ទៅ​លើ​ក្បួនតម្រា​តាំងពី​បុរាណ ពិនិត្យ​មើល​សព្វគ្រប់​អំពី​គ្រោះ​ទិ​ន្នំ ។ បើ​លេខ​ក្នុង​ក្បួន​ឆ្លើយ​ថា ជំងឺ​នេះ​បណ្តាល​មក​ពី​ខ្មោច​យក​ព្រលឹង ឬ​ព្រលឹង​ដើរ​ចោល​រូប​នោះ ក្បួន​តម្រូវ​ឱ្យធ្វើ​ពិធី​ជញ្ជាត់ព្រលឹង ឬ​ហៅ​ព្រលឹង (​តាម​ជំនឿ​របស់​ខ្មែរ​យើង ព្រលឹង​នៅ​ក្នុង​ខ្លួន​មនុស្ស ម្នាក់​ៗ​មាន​១៩)  ប៉ុន្តែ​តាម​ទំនៀមទម្លាប់​ខ្មែរ​យើង គេ​ធ្វើ​ពិធី​ជញ្ជាត់ព្រលឹង​នេះ​ដោយ​ភ្ជាប់​ពី​ខាងក្រោយ​ពិធីលៀងអារក្ស​ជា​ដរាប គឺថា​ពុំដែល​មាន​ពិធី​ជញ្ជាត់ព្រលឹង ឬ​ហៅ​ព្រលឹង​ដាច់​តែឯង​នោះ​ឡើយ ។

កាលណា​លៀងអារក្ស​បាន​ចប់​សព្វគ្រប់​ហើយ ដូនស្នំ​ដែល​ជា​អ្នក​ចាត់ចែង​កម្មវិធី​បាន​ប្រាប់​អ្នកភ្លេង និង​អ្នកចូលរួម​ដទៃ​ទៀត ឱ្យ​ប្រុងប្រៀប​រៀបចំ​ធ្វើ​ពិធី​ជញ្ជាត់ព្រលឹង​។ ពេល​នោះ​ប៉ីពក​បន្លឺ​បទ «​ភ្នំ​ខ្ទោ​» (​តាម​រយៈ​បទ​ចម្រៀង​ដែល​ចាត់​ទុកដូចជា​វចី​សារ គេ​តែង​ឮ​បទ «​ភ្នំ​ខ្ទោ​» ក្នុង​ចម្រៀង​លៀងអារក្ស ។ បទ «​ព្រៃ​ឯកើត​» ក៏​ជា​បទ​ចម្រៀង​លៀងអារក្ស​ផង ហើយ​ក៏​ជា​បទ​ចម្រៀង​ប្រជាប្រិយ ចង្វាក់​សា​រ៉ា​វ៉ា​ន់ ឧទាហរណ៍ៈ «​ឱ​! ណា​ព្រៃ​អឺ​ឯកើត គេ​ថា​អឺយ​ព្រៃ​គេ សន្តាន​អឺយ​រិះ​រេរក​ព្រៃ​អឺយ​ឱ្យ​ផង​…» ។ ចំណែក​ទៅ​ឯ​ម្ខាង​ព្រំដែន​គេ​ក៏​ធ្លាប់​បានឮ​បទ «​សុរិន្ទខ្នងភ្នំ​» ជា​បទ​ចម្រៀង​លៀងអារក្ស​ដែរ បទ​«​នគររាជ​» ជា​បទ​ភ្លេង​ប្រពៃណី ភ្លេង​ការ ឬ​បទ​ចម្រៀង ចាប៉ី ហៅ​ម្យ៉ាងទៀត​ថា បទ​«​នគររាជ​ស្តេចផ្ទំ​»​ឬ​នគររាជ​សា​រ៉ោ​មេ ។ ឈ្មោះ​បទ​ទាំងនេះ​សុទ្ធ​សឹង​ជា​ឈ្មោះ​ដែនដី​ដែល​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ប្រទេស​ជិតខាង​។​) ឮ​សូរ​គ្រលួច​គួរ​ឱ្យ​ព្រឺក្បាល ។ សំឡេង​ទ្រខ្មែរ​ក៏​អម​ទៅ​ជាមួយ​ផង​ដែរ ហាក់ដូច​ជូន​ដំណើរ​អ្នកចម្រៀង​ដែល​បើក​បទ​ថា «​ស្រណោះ​ភ្នំ​ខ្ទោ ភ្នំ​ខ្ពស់​ជ្រងោ មាន​ល្អាង​ទឹក​ជប់ ទឹក​អើយ​ទឹក​ជប់ ទឹក​នៅ​ក្រោម​ម្លប់ ដែល​គ្រូ​ស្រង់​លេង​…» គេ​ច្រៀង​បទ​ភ្នំ​ខ្ទោ​នេះ ដោយ​មាន​ជំនឿ​ថា ព្រលឹង​ដែល​ចេញពី​រូប​ទៅ តែង​ទៅ​ត្រាច់​កម្សាន្ត​នៅ​ភ្នំ​នោះ​ឯង ព្រោះ​ភ្នំ​នោះ​មាន​ល្អាង​ថ្ម​កន្លុកកន្លៀត​ច្រើន មានទឹក​ជប់​ត្រជាក់ត្រជំ​នៅ​ក្រោម​ម្លប់ឈើ ធំ​ៗ​ត្រឈឹងត្រឈៃ គួរ​រីករាយ​ណាស់ ។ ដូច្នេះ​ហើយ កាលណា​គេ​ហៅ​ព្រលឹង អ្នក​ច្រៀង​តែង​នឹក​ដល់​ឈ្មោះ​ភ្នំ​ខ្ទោ ធ្វើ​ឱ្យ​ទឹកដី​ខ្មែរ​ត្រង់នោះ និង​នៅ​ទី​ផ្សេង រស់នៅ​ជា​និច្ច​នៅ​ក្នុង​អារម្មណ៍​ខ្មែរ ក្នុង​ព្រលឹង​ខ្មែរ ។ អ្នក​ច្រៀង (​អ្នក​ច្រៀង​បើក​បទ​ជា​អាទិ៍​ថាៈ ដៃ​កាន់​អំពៅខ្មៅ បោយ​ហើយ​ស្រែកហៅ​ព្រលឹង​ឈ្មោះ «…» ទាំង​ប្រាំបួនដណ្តប់ មូល​មក​សព្វគ្រប់ សណ្ឋិត​ក្នុង​រូបអង្គ ។ ) ប៉ីពក ទ្រខ្មែរ​ចេះ​តែ​បន្លឺ​សូរ​ពីរោះ​រងំ​លន្លង់លន្លោច ជូន​ស្នំ​ដឹកនាំ​នារី​ព្រហ្មចារី កាន់​ឈ្នាង​ឱ្យ​ជញ្ជាត់​ជុំវិញ​ផ្ទះ​អ្នកជំងឺ ។ រាល់​តែ​ពេល​អូស​ឈ្នាងជញ្ជាត់ គេ​តែង​យក​មក​គោះ​ដាក់​កញ្ជើ ដែល​មាន​នារី​ព្រហ្មចារី​ម្នាក់​កណ្តៀត
ដើរ​តាម​ពីក្រោយ ។ នារី​ព្រហ្មចារី​ម្នាក់​ទៀត​កាន់​អំពៅខ្មៅ​ពីរ​ត្រួយ​ដើរ​មុខ​គេ ហើយ​បោយ​ហៅ​ថា ៈ «​ព្រលឹង​អើយ​ព្រលឹង (​ថា​ឈ្មោះ​អ្នកជំងឺ​) ទាំង​ប្រាំបួនដណ្តប់​ចូល​មក​សព្វគ្រប់​ក្នុង​រូប​កាយ កុំ​នៅ​ក្នុង​ព្រៃ​ភ្នំ​ស៊ី​បាយ​ថ្ម សម្ល​ក្រួស ។ ឯ​ដូនស្នំ ក៏​ថា​ឃ្លា ដដែល​ៗ​នេះ​ទៀត ធ្វើ​យ៉ាងណា​ឱ្យ​សំឡេង​ហៅ​ព្រលឹង​នេះ​ជាប់​ឃ្លា​គ្នា​មិន​ដាច់​រយៈ​លាយឡំ​នឹង​សំឡេង​ច្រៀង សំឡេង​ភ្លេង​ពីរោះ​ព្រឺព្រួច​ផង ស្រណោះ​ស្រងេះស្រងោច​ផង ។ លុះ​ជញ្ជាត់ព្រលឹង​ប្រប​ក់​ប្រ​បោយ​ព្រលឹង ហៅ​ព្រលឹង​របៀប ដដែល​ៗ​នេះ បាន​មួយ​ជុំ​ផ្ទះ​ហើយ​គេ​មាន​ធ្វើ​កិច្ច​មួយទៀត គឺ​នារី​ព្រហ្មចារី​ដែល​កាន់​ត្រួយ​អំពៅខ្មៅ​ជា​និមិត្តរូប​នៃ​ព្រលឹង​ទាំង​១៩ បាន​ប្រគល់​ព្រលឹង​នេះ​ទៅ​ឱ្យ​បុរស​ម្នាក់​ដើរតួរ​ជា​អ្នក​ថ្មើរព្រៃ ។ គេ​បាន​ចាត់​ឱ្យ​បុរស​ម្នាក់ ជា​តំណាង​គ្រួសារ​អ្នកជំងឺ​អង្គុយ​ចាំ​នៅ​ជណ្តើរ​ផ្ទះ ។ អ្នក​ដើរ​ព្រៃ​ក៏​សួរ​ថាៈ «​អឺ លោក​ម្ចាស់ផ្ទះ ជា ឬ​តម ? (​តម​គឺ​បិទ ឬ​ផ្អាក​ទាក់ទង​ជាមួយ​អ្នក​ក្រៅ មិន​ស្វាគមន៍​ជាមួយ​អ្នក​ក្រៅ គេ​ច្រើន​យក​ធាង​ម្នាស់​ចង​នៅ​ច្រក​ទ្វាររបង​មុខ​ផ្ទះ ធ្វើ​ជា​សញ្ញា​តម គឺជា​ប្រពៃណី​អ្នកស្រុក ខេត្តតាកែវ​។  ជា​គឺ​ស្ម័គ្រ​ស្វាគមន៍​ទាក់ទង​ជាមួយ​អ្នក​ក្រៅ អនុញ្ញាត​ឱ្យ​អ្នក​ក្រៅ​ចូល​មក​ទាក់ទង​ស្នើការ ផ្សេង​ៗ) ។ អ្នកតំណាង​ឆ្លើយ​ថាៈ «​តម​!»  លុះ​សួរ​លើក​ទី​ពីរ អ្នកតំណាង​ឆ្លើយ​ថាៈ «​ជា​!» ។

អ្នក​នាំ​ព្រលឹង​សួរ​ទៀត​ថា ៖ «​តើ​ផ្ទះ​នេះ​ពិតជា​ផ្ទះ​ឈ្មោះ​(​ឈ្មោះ​អ្នកជំងឺ​) មែន​ទេ ? តំណាង​នោះ​ឆ្លើយ​ថា  «​ពិតមែន​ហើយ​! តើ​អ្នក​មានការ​អ្វី​បានជា​មក​សួរ​ដូច្នេះ​»​? «​ឱ​! លោក​ម្ចាស់​អើយ ខ្ញុំ​ជា​អ្នក​ថ្មើរព្រៃ បាន​ដើរទៅ​ជួបនឹង​ព្រលឹង​របស់​ឈ្មោះ​(​ឈ្មោះ​អ្នកជំងឺ​)​ដើរ​យំសោក​វង្វេង​ក្នុង​ព្រៃ ចង់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ តែ​រក​ផ្លូវ​ពុំ​ឃើញ គាប់​ជួន​បាន​ជួបនឹង​ខ្ញុំ ក៏​បាន​នាំ​យក​មក​ក្នុង​ពេល​នេះ​តែ​ម្តង​ទៅ​» ។ អ្នកតំណាង​ពោល ថា ៖ «​អូ​! លោក​អ្នកមាន​ចិត្ត​សប្បុរស​​អើយ ខ្ញុំ​ត្រេកអរ​ណាស់ និង​សូម​ថ្លែងអំណរគុណ​ដល់​លោក​ដែល​បាន​ជួយ​នាំ​ព្រលឹង ឈ្មោះ​(​ឈ្មោះ​អ្នកជំងឺ​)​ទាំង​១៩​មក​ប្រគល់​ឱ្យ​សាមីខ្លួន​វិញ​» ។ ពេល​នោះ​តំណាង​ក៏​យក​អំពៅខ្មៅ​ទាំង​ពីរ​ត្រួយ​ដើរ​ឆ្ពោះទៅ​កាន់​អ្នកជំងឺ​ហើយ​ពោល​ថាៈ ព្រលឹង​ឈ្មោះ «…» បាន​វិល​មក​វិញ​ហើយ សូម​ព្រលឹង​ចូល​ទៅ​សណ្ឋិត​ក្នុង​ខ្លួន​ឈ្មោះ​«…» នេះ​វិញ មក​នៅផ្ទះ​ធំ ទ្រនំ​ខ្ពស់​រក្សា​ប្តី ឬ​ប្រពន្ធ (​បើ​មនុស្ស​ស្រី​ថា រក្សា​ប្តី បើ​មនុស្ស​ប្រុស​ថា រក្សា​ប្រពន្ធ បើ​ក្មេង​ថា រក្សា​ម៉ែ​រក្សា​ឪ​។​) រក្សា​ម៉ែ រក្សា​ឪ រក្សា​បងប្អូន កុំ​នៅ​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម ស៊ី​បាយ​ថ្ម សម្ល​ក្រួស ខ្លាច​សត្វ​សាហាវ ។ រួច​ហើយ​ក៏​គ្រវាស​អំពៅខ្មៅ​បី​ដង​ឆ្ពោះទៅ​រក​អ្នកជំងឺ ។ បន្ទាប់​មក​ទៀត​អ្នកតំណាង យក​ចិញ្ចៀនមាស​មួយ​វង់​ចង​នឹង​ខ្សែ​អំបោះ ទុក​ចុង​ខ្សែ​សងខាង​សម្រាប់​កាន់​គ្រវាស​ជ្រលក់​ទៅ​ក្នុង​ទឹក​ផ្តិល ហើយ​គ្រវាស​យោល​ទៅ​រក​អ្នកជំងឺ ។ គ្រវាស​ម្តង​រាប់​ថា​មួយ គ្រវាស​ពីរ​ដង​រាប់​ថា​ពីរ គេ​គ្រវាស​ចិញ្ចៀន​ដោយ​ជ្រលក់​ក្នុង​ទឹក​ផ្តិល​យ៉ាងនេះ ទាល់តែ​គ្រប់​១៩​ដង ទើប​គេ​ពោល​ម្តងទៀត​ថាៈ ព្រលឹង​អើយ​ព្រលឹង​ឈ្មោះ​«…»​ទាំង​ប្រាំបួនដណ្តប់​មូល​មក​សព្វគ្រប់​ចូល​សណ្ឋិត​ក្នុង​អង្គ​ប្រាណ កុំ​នៅ​ព្រៃ​ភ្នំ​ក្រំ​ថ្ម ស៊ី​បាយ​ថ្ម សម្ល​ក្រួស ខ្លាច​សត្វ​សាហាវ​មក​នៅផ្ទះ​ធំ​ទ្រនំ​ខ្ពស់​រក្សា​ប្តី ប្រពន្ធ រក្សា​កូន រក្សា​បងប្អូន រក្សា​ម៉ែឪ សូម​ឱ្យ​ជា​សះស្បើយ​ល្ហើយ ពី​ថ្ងៃនេះ​ទៅ​ឃ្លានបាយ​ស្រេកទឹក រលឹក​ចំណី មាន​កម្លាំង​មាន​កំហែង​ដូច​ដើម​វិញ​ទៅ​ហោង​»​។ លុះ​ពោល​ដល់​ឃ្លា​បញ្ចប់​នេះ​គេ​យក​ខ្សែ​ដែល​ចង​ចិញ្ចៀន​ចងដៃ​អ្នកជំងឺ​ជា​និមិត្តរូប​យក​ព្រលឹង​មក​ចូល​ក្នុង​រូបអង្គ​វិញ ។ ចំណែកឯ​អំពៅខ្មៅ​ពីរ​ត្រួយ​នោះ គេ​ដោត ឬ​សៀត​នៅ​ក្បាល​ដំណេក​អ្នកជំងឺ ។

សព្វ​ថ្ងៃនេះ​ក៏​មាន​អ្នក​នៅ​ជនបទ​ស្រុកស្រែ​ចម្ការ ខ្លះ​ៗ​នៅ​តែ​អនុវត្ត​ពិធី​ហៅ​ព្រលឹង ឬ​ជញ្ជាត់ព្រលឹង​នៅឡើយ ៕