ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ តុលា​នេះ មាន​កម្ពស់​១៣,១២​ម៉ែត្រ

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​ជំនាញ​ធនធានទឹក​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ តុលា​នេះ ស្ថានភាព​ទឹកស្ទឹង​សង្កែ មាន​កម្ពស់​១៣,១២​ម៉ែត្រ ពោល​គឺ​នៅ​មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​នោះ​ទេ ។…

ខេត្តបាត់ដំបង ៖ មន្ត្រី​ជំនាញ​ធនធានទឹក​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ តុលា​នេះ ស្ថានភាព​ទឹកស្ទឹង​សង្កែ មាន​កម្ពស់​១៣,១២​ម៉ែត្រ ពោល​គឺ​នៅ​មិន​ទាន់​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​នោះ​ទេ ។

លោក ឡុ​ង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ថ្លែងប្រាប់​វិទ្យុជាតិ​កម្ពុជា ឲ្យ​ដឹង​ថា ស្ថានភាព ទឹកស្ទឹង​សង្កែ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​នេះ ទឹក​មាន​កម្ពស់​១៣,១២​ម៉ែត្រ ហើយ​កម្រិត​ទឹក ដែល​ត្រូវ​ប្រកាស​អាសន្ន​នោះ គឺ​នៅ កម្ពស់​១៣,៨៥​ម៉ែត្រ ។

លោក​បាន​បន្ត​ថា កម្ពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើង​នេះ ដោយសារ​កាលពី​ថ្ងៃ​ម្សិលមិញ មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ែក​ខាងលើ នៃ​ស្រុក​សំឡូត មាន​ចំនួន​០៣​ឃុំ បាន​ធ្វើ​ឲ្យ​ទឹក​ក្នុង​អាង ដែល​ពេញ​ស្រាប់ ហក់​ឡើង​បន្តិច តែ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ។

លោក ឡុ​ង ផលគុណ បញ្ជាក់​ថា ចំពោះ​បញ្ហា​អាកាសធាតុ ដូច​ជា​អត់​មាន​បញ្ហា​អី​ជា​ដុំ​កំភួន​ទៀត​ទេ មិន​ទាន់​ចប់​ទេ ប៉ុន្តែ​ដល់​ថ្ងៃ​ទី​២៦ យើង​អាច​មាន​ភ្លៀង​តិចតួច​មួយទៀត​ដែល​ក្នុង​កម្រិត​មួយ​ដែល​ថា អត់​មាន​ឥទ្ធិពល​អី​ដល់​យើង​ទេ និយាយ​ជា​រួម មិន​មាន​ឥទ្ធិពល​អី ដែល​ធ្វើ​ឲ្យ​យើង​ទទួល​ហានិភ័យ​ពី​ទឹកភ្លៀង​ទៀត​ទេ ។

យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​មន្ទីរ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​មាត់​ដងស្ទឹង​សង្កែ ខេត្ត​បាត់​ដំ​ពង ជា​ពិសេស​កុមារ​តូច​ៗ និង​មនុស្ស​ចាស់ជរា ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

សូម​ជម្រាបថា រដ្ឋបាល​ខេត្តបាត់ដំបង បាន​ជូនដំណឹង នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា ២០២០ អោយ​ដឹង​ថា ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​ភ្លៀង​បាន​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ ហើយ​ទឹក​ហូរ​ចូល ក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​សង្កែ អាច​មានការ​កើនឡើង​នៅ​យប់​នេះ ឬ​ថ្ងៃ​ទី​២៣ តុលា​នេះ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ