ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សំរាមបាន​​​វិល​ទៅ​រក​ភាព​​ប្រក្រតី​​​ឡើ​ង​វិញ​ហើយ ក្រោយ​កម្មករ​​ចូលធ្វើការវិញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ កោះសន្តិភាព​ដឹង​​នា​​រសៀល​ថ្ងៃ​ទី២៣ ​ខែតុលា…

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ កោះសន្តិភាព​ដឹង​​នា​​រសៀល​ថ្ងៃ​ទី២៣ ​ខែតុលា ឆ្នាំ ២០២០​នេះ​ថា បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ បាន​វិល​ទៅ​រក​ស្ថានភាព​ប្រក្រតី​ឡើ​ង​វិញ​ហើយ បន្ទាប់​ពី​មានការ​ខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់ និង​វិធានការ​ប្រើប្រាស់​កំលាំង និង​មធ្យោបាយ​សរុប​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​កម្មករ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី បានចូល​ធ្វើការ​វិញ​ ព្រមទាំង​មានការ​ខិតខំ​ក្នុង​រយៈពេល​កន្លង​មកនេះ ។

លោក ម៉េ​ត មាស ភក្តី បានអោយ​ដឹង​ទៀត​ថា​ក្នុង​រយៈពេល​កន្លង​មកនេះ​ដោយ មាន ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ស្ថាប័ន​ពាក់​ព​ន្ធ័​ផង​នោះ កម្មករ​ក្រុមហ៊ុនស៊ី​ន​ទ្រី បាន​ព្រម​ចូល​ធ្វើការវិញ​ទាំងអស់​គ្នា​វិញ ចាប់ពីរសៀល ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ ២០២០ នេះ ដោយ​ទទួលយក​នូវ​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា ។

​លោក​បន្ត​ថា បន្ទាប់​ពី​ព្រម​ព្រៀង​គ្នា​ជា​លើក​ទី​២ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ ២០២០ កម្មករនិយោជិត​រប​ស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ទាំង​អស់នោះ បាន​យល់ព្រម​ចូល​ធ្វើការ​វិញ តាម តួនាទី​របស់ ពួក​គេ រៀង​ៗ​ខ្លួន ព្រមទាំង​មានការ​ជួយ​យ៉ាង​សកម្ម​ពី​ក្រុមការងារ​ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​មធ្យោបាយ​ផង​នោះ រហូត​មក​ដល់​ពេល​នេះ បញ្ហា​សំរាម​មាន​សភាព​ធម្មតា​ឡើ​ង​វិញ​ហើ​យ មាន​ន័យ​ថា ពេល​នេះ​ការងារ​ដូច​ថ្ងៃ​ធម្មតា គឺ​សំរាម​ចាស់​ត្រូវ​បាន​ប្រមូល និង​ដឹក​ជញ្ជូន​យក​ទៅ​ទីលាន​ចាក់សំរាម​អស់​ហើ​យ ដែល​នៅ​សល់​តែ​សំរាម​ដែល​ប្រជាពលរដ្ឋ​ផលិត​រាល់ថ្ងៃ​នោះ​ទេ ដែល​កម្មករ​ក្រុមហ៊ុន សិន​ទ្រី​កំពុង​ប្រមូល​រាល់​ថ្ងៃនេះ ។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ក្រុមការងារ​ប្រមូល​សំរាម ដែល​រៀបចំ​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ ពេល​នេះ បាន​សម្រាក​ហើ​យ ដោយ​ប្រគល់​ការងារ​នេះ​អោយទៅ​កម្មករ​របស់​ក្រុមហ៊ុន សិន​ទ្រី ជា​អ្នក​ទទួលខុសត្រូវ​វិញ ។

ចំណែក​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ផលិត​សំរាម ចំនួន​២៨៦៥​តោន​ក្នុង​មួយ​ថ្ងៃ ដែល​កិច្ច​ការងារ​ប្រមូល​សំរាម នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៩​មក ដោយ​បាន​ចែក​ម៉ូតូ​កង់​បី​សំរាប់​ដឹក​សំរាម​នៅ​តាម​បណ្ដា​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំង ១០៥ ជាមួយនឹង​ការ​ទិញ​គ្រឿងចក្រ​ចំនួន​៧០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​សំរាម​ទៅ​ចាក់​ទីលាន​ផង​ដែរ ។

លោក​ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ទុកដាក់​វេច​ខ្ចប់ ទុកដាក់​សំរាម​ឲ្យ​បាន​ល្អ និង​សុំ​អោយ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​អោយ​បាន​គ្រប់​ៗ​គ្នា​ផង​ដែរ​។

គួរ​រំលឹក​ថា ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២០ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែតុលា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី បាន​ធ្វើ​កូដកម្ម​នៅ​យានដ្ឋាន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ដែល​មា​នទី​តាំងនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ដោយ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើ​ឱ្យ​មាន​សំរាម​កកស្ទះ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ចាប់ពី​ល្ងាច ថ្ងៃ ទី ១៤​ខែ តុលា​នោះ​មក​កម្មករ​ទាំងនោះ បាន​ខិតខំ​ធ្វើការ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​រហូត​មក​ដល់​ពេល​នេះ ទើ​ប​មាន​ភាពល្អ​ប្រ​សើ​រ​ឡើ​ង​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ