ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ រតនា បង្កើន​វាសនា​ឈរជើង​លើ​សង្វៀន ​ONE​ ជាមួយ​ការ​ហ្វឹកហាត់​មិន​ធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណៈកម្មការ​ប្រចាំ​សង្វៀន ONE Championship ប្រកាស​ឱ្យ​ចាន់ រតនា ដែល​ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​របស់​ប្រទេស​កម្ពុជា ត្រៀមខ្លួន​ឡើង​ប្រកួត ក្រោយ​ពេល​កូ​វី​ដ​-១៩​ស្ងប់ស្ងាត់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណៈកម្មការ​ប្រចាំ​សង្វៀន ONE Championship ប្រកាស​ឱ្យ​ចាន់ រតនា ដែល​ជា​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​របស់​ប្រទេស​កម្ពុជា ត្រៀមខ្លួន​ឡើង​ប្រកួត ក្រោយ​ពេល​កូ​វី​ដ​-១៩​ស្ងប់ស្ងាត់ គេ​ចាប់អារម្មណ៍​ថា កីឡាករ​រូប​នេះ កាន់តែ​បង្កើន​ការ​យកចិត្តទុកដាក់​ហ្វឹក​ហាត់​ជាង​មុន​ជាមួយ​គ្រូបង្វឹក​ក្បាច់គុន​ទាំង​ខ្មែរ និង​បរទេស រហូត​ដល់​ទៅ​៤​នាក់​ឯណោះ​។

ដ្បិតថា ការ​ប្រកួត​ច្បាស់ការ​នៅ​មិន​ទាន់​កំណត់​ជា​ផ្លូវការ តែ​ចាន់ រតនា ត្រូវ​បាន​គេ​កំណត់​ឱ្យ​ឡើង​​ប្រកួត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី ចាន់ រតនា បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​លើ​សង្វៀន​រហូត​ជាប់​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ ក្នុង​ចំណោម​កីឡាករ​កម្ពុជា ដោយ​មួយ​ប្រកួត​លោក​ទទួល​បាន​រហូត​ដល់​៣០០០​ដុល្លារ​គឺ​ខ្ពស់​ជាង​តម្លៃ​ខ្លួន​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​រហូត​ដល់​ទៅ​៣​ដង​។

តម្លៃ​ខ្លួន​បាន​ឈាន​ឡើងជា​លំដាប់ បន្ទាប់​ពី​លោក​វាយ​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​បរទេស​រហូត​ដល់​៣​ដង​ជាប់​គ្នា​នា​ពេល​ចុង​ក្រោយ ។ ដូច្នេះ​ហើយ​ទើប​លើ​សង្វៀន One Championship លោកមា​នទី​ផ្សារ​នាំមុខ​គេ ដោយ​រកតែ​កម្លាំង​ទទួល​ប្រកួត​លែង​ចង់បាន​។

ចាន់ រតនា ដែល​សាង​បាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ONE​អះអាង​ថា ហេតុផល​ដែល​លោក​ជោគជ័យ​នៅ​លើ​សង្វៀន​មួយ​នេះ​គឺ​ដោយសារ​តែ​លោក​មិន​បាន​ផ្តេកផ្តួល​ឬ​អស់សង្ឃឹម​ទៅ​នឹង​ការ​រង់ចាំ​នោះ​ទេ គឺ​រូប​លោក​នៅ​តែ​បន្ត​ព្យាយាម​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិន​ថមថយ​ឡើយ​គឺ​ប្រឹង​ជា​ប្រចាំ​បើ​ទោះបីជា​ពេល​នេះ​ក្លិប​ប្រដាល់​របស់​លោក​(​ក្លិប សិល្បៈ​គុន​ខ្មែរ​)​ដែល​ធ្លាប់តែ​មាន​ជនបរទេស​និង​ក្មេង​ៗ​ជំនាន់​ក្រោយមក​ហ្វឹកហាត់​ជា​ហូរហែ​ស្ទើរតែ​ត្រូវ​បិទទ្វារ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ។

លោក​និយាយ​ថា ទោះបីជា​គ្មាន​ការ​ប្រកួត ក៏​លោក​នៅ​តែ​រង់ចាំ​ការ​ប្រកួត​ដ៏​ធំ​នេះ​ជា​និច្ច បើ​ទោះ​ជា​កម្មវិធី​ប្រដាល់​ONE​នៅ​តែ​លើក និង​ពន្យារពេល​ប្រកួត​ក៏​ដោយ ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​រយៈពេល​ជំងឺ​កូ​វី​ដ​-១៩ នេះ​គឺ​លោក​មិន​ភ្លេច​ហ្វឹកហាត់​ត្រៀម​នោះ​ទេ​ដើម្បី​រង់ចាំ​ការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ​ជាមួយ​កីឡាករ​ល្បី​របស់​ជប៉ុន Yoya Wakamatsu ដែល​ខាង​ស្ថាប័ន​ប្រដាល់ ONE Championship បាន​ផ្គូផ្គង​ឱ្យ ។ លោក​ថា នេះ​ជា​ការ​ប្រកួត​លំដាប់​អន្តរជាតិ​មួយ ដែល​នាំ​ឲ្យ​លោក​មាន ភាព​ល្បីល្បាញ​ខ្លាំង និង​បាន​តម្លៃ​ខ្លួន​ច្រើន​ណាស់​បើសិនជា​លោក​ប្រកួត​ឈ្នះ។

លោក​ថា រាល់ថ្ងៃ​លោក​ស្រវាស្រទេញ​គ្រប់​ក្បាច់​គ្រប់​ស្នៀត​ទាំង​អស់ ដោយ​មិនមែន​យល់​ថា ការ​ប្រកួត​ត្រូវ​ពន្យារ​ក៏​ខ្ជីខ្ជា​នោះ​ទេ ពោល​គឺ​លោក​ត្រូវ​បាន​បង្វឹក​បន្ថែម​ពី​គ្រូ​ឯកទេស​ក្បាច់គុន​ផ្សេង​គ្នា​មិន​ក្រោម​៤​នាក់​ទេ ដោយ​ដាក់​កាលវិភាគ​ហ្វឹកហាត់​យ៉ាង​ទៀងទាត់​ទៀត​ផង ។ ក្បាច់គុន​ដែល​លោក​បាន​និង​កំពុង​ហ្វឹកហាត់​បន្ថែម​ជាមួយ​គ្រូ​ជំនួយ​ចំនួន​៤​រូប​នោះ​គឺ ៖

ទី​១-​ក្បាច់គុន​BJJ(Brazilian jiu-jitsu)៖ ក្បាច់គុន​នេះ​ស្រ​ដៀង​នឹង​ចំបាប់​ខ្មែរ និង​យូ​ដូ
របស់​ជប៉ុន​ដែរ ។ អ្នកចូលរួម​ប្រកួត​ក្នុង​កម្មវិធី ONE Champions ក្តី UFC ក្តី ភាគច្រើន​គឺ​គេ​ហ្វឹកហាត់​ក្បាច់ BJJ នេះឯង​។

ទី​២-​ប្រដាល់សកល​៖ ក្បាច់គុន​មួយ​នេះ​ប្រើ​កម្លាំង​ដៃ​សុទ្ធ​ក្នុង​ការ​វាយ​គូប្រកួត មិន​ថា​តែ​យើង​នោះ​ទេ សូ​ម្បី​កីឡាករ​ល្បី​ៗ​នៅ​ស្រុក​គេ​ក៏​ហ្វឹកហាត់​បែប​នេះ​ដូច​គ្នា​។

ទី​៣-​កាយសម្ព័ន្ធ​៖ ការ​ហ្វឹកហាត់​កាយសម្ព័ន្ធ​នេះ​ដើម្បី​ឲ្យ​មាន​រាង​ស្អាត ពិសេស​គឺ​សាច់ដុំ និង​កម្លាំង​តែ​ម្តង និង

ទី​៤-​ក្បាច់គុន MMA (Mix Martial Arts)៖ ក្រៅពី​ហាត់​ក្បាច់គុន​បន្ថែម​ទាំង​៣​ខាងលើ​លោក
(​ចាន់ រតនា​) ក៏​ត្រូវ​សរុប​ក្បាច់ និង​ហ្វឹកហាត់​ក្បាច់​ទាំងនោះ​ចូល​គ្នា ដើម្បី​ត្រៀមខ្លួន​ឡើង​ប្រកួត​ជាមួយ​ដៃគូ ព្រោះថា​កីឡាករ​ផ្សេង​ៗ​ដែល​ល្បីឈ្មោះ​ក៏​ហ្វឹកហាត់​ដូច​គ្នា​នេះ​ដែរ​។

គួរ​បញ្ជាក់​ថា កីឡាករ ចាន់ រតនា មាន​ជំនាញ​ទាំង​ប្រដាល់​គុន​ខ្មែរ ល្បុក្កតោ កា​រ៉ា​តេ​យុទ្ធ​គុន​ខម យូ​ដូ តេ​ក្វា​ន់​ដូ និង​វ៉ូ​វី​ណា​ម និង​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​ដែល​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ក្នុង​ការ​ប្រកួត​លើ​សង្វៀន ONE ដោយ​ចាប់ផ្តើម​ប្រកួត​តាំងពី​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ​រហូត​ដល់​៣​ពាន់​ដុល្លារ​ក្នុង​ការ​ប្រកួត​ឈ្នះ​៣​លើក​ជាប់​ៗ​គ្នា​គឺ​ឈ្នះ Abrou Fernandes, Rudy Agustian និង​ឈ្នះ Gustavo Balart កាលពី​ខែសីហា ឆ្នាំ​២០១៩ ។

ការ​ទទួល​បាន​ជោគជ័យ​ផ្ទួន​ៗ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ចាន់ រតនា ទទួល​បាន​កុងត្រា​ថ្មី​ជាមួយ​ONE ដោយ​​រូបគេ​នឹង​ត្រូវ​ប្រកួត​៦​លើក​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ ហើយ​ការ​ប្រកួត​លើក​ទី​១ ប្រចាំឆ្នាំ​នេះ គឺ​ការ​ជួប​អ្នក​ប្រយុទ្ធ​របស់​ជប៉ុន Yoya Wakamatsu នេះ​តែ​ម្តង ខណៈ​ជំនួប​នេះ​គ្រោង​រៀបចំ​តាំងពី​ខែមេសា ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ រហូត​មក​ដល់​ពេល​នេះ ។

យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​នេះ ទំនងជា​ចេញ​រូបរាង​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ ទើប​កីឡា​ករ ចាន់ រតនា ត្រៀមខ្លួន​យ៉ាង​ម៉ត់ចត់​បែប​នេះ ។ ការ​ត្រៀមខ្លួន​របស់​លោក ក៏​ធ្វើ​ឱ្យ​លោក​ឈាន​ឡើង​ក្រេ​ឌី​ត​នៅ​ក្នុង​ក្រសែភ្នែក​ស្ថាប័ន ONE Championshipផង​ដែរ ។ ដកស្រង់​សម្ដី ចាន់ រតនា បាន​បញ្ជាក់​ថា​៖«Yoya Wakamatsu មាន​សមត្ថភាព​ខ្លាំង​ប៉ុន្តែ​ខ្ញុំ​បាន​សិក្សា​ពី​បច្ចេក​ទេស​​វាយ​របស់​គេ​តាម​រយៈ​វី​ដេ​អូ​ដើម្បី​យកឈ្នះ​បាន ។

ហេតុនេះ​នៅ ពេល​កម្មវិធី ONE បើក​ភ្លាម ទោះជា​នៅ​ក្នុង​ខែ​ណាមួយ​នៃ​ចុងឆ្នាំ​២០២០​នេះ គឺ​ខ្ញុំ​នៅ​តែ​ធានា​បាន​នូវ​សុខភាព និង​កម្លាំងកាយ​រឹង​មាំ​បច្ចេកទេស​ល្អ ដើម្បី​ឡើង​ទៅ​យកឈ្នះ​ជប៉ុន រូប​នេះ​ឲ្យ​បាន​»​។ ជាមួយនឹង​សមត្ថភាព​នេះ​ហើយ ទើប​លោក​ត្រូវ​ហ្វឹកហាត់​រហូត​ដល់​៤​គ្រូ តាំង​ពី​ឥឡូវ ដើម្បី​ទទួល​បាន​តិក​និក​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ