នៅក្នុងសុត្តន្តបិដកភាគ៤១ ព្រះមានព្រះភាគត្រាស់ថា ជនទាំងឡាយណាដែលមិនមែនជាអរិយបុគ្គលតែងនិយាយទាំងកំហឹង ជាអ្នកប្រកាន់ខ្ជាប់ ជាអ្នកលើកតម្កើងខ្លួន ពោលទាក់ទងដល់ហេតុដែលមិនមែនជាអរិយគុណ ជាអ្នកស្វែងរកកំហុសគ្នាទៅវិញទៅមក តែងត្រេកអរចំពោះពាក្យផ្ចាញ់ផ្ចាលសម្តីគ្នានិងគ្នា ឯអរិយជនវិញលោកមិនដែលចាំចាប់ទោសកំហុសបុគ្គលណាទេ ហើយក៏មិនដែលប្រព្រឹត្តការនិយាយដូច្នោះឡើយ ។
អរិយជនបើប្រាថ្នានឹងនិយាយ ក៏ជាអ្នកឈ្លាស ស្គាល់កាល និយាយតែពាក្យសម្តីដែលប្រកបដោយធម៌ ជាសម្តីដែលអរិយជនធ្លាប់ប្រព្រឹត្តមកហើយ ជាអ្នកមានប្រាជ្ញា មិនក្រោធ មិនលើកខ្លួន មានចិត្តឥតមានមានះគ្រប់សង្កត់ ជាអ្នកមិនលើកកម្ពស់ ជាអ្នកមិនរួសរាន់ពេក ។
អរិយបុគ្គលលោកជាអ្នកមិនមានឫស្យានឹងសេចក្តីប្រកាន់ខ្លួន ដឹងពិតហើយទើបនិយាយ ហើយសម្តីដែលគេនិយាយត្រូវ ក៏អនុមោទនា កាលបើគេនិយាយខុស ក៏មិនដេញដោល មិនប្រុងប្រណាំងប្រជែង មិនអាងហេតុចាប់ខុសគេ មិននិយាយប៉ប៉ាចប៉ប៉ោច មិននិយាយសង្កត់សង្កិនគេ មិននិយាយបាតដៃជាខ្នងដៃឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ