ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខេត្តកំពង់ធំ​ងាក​មក​ប្រកប​របរ ដាល់អំបុក​លក់​ដើម្បី​បង្កើន​ជីវភាព

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ពាក់ព័ន្ធ​នឹង​មុខរបរ​ដាល់អំបុក​លក់ កញ្ញា ដា​លី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​(​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ បាន​រៀបរាប់​ឲ្យ​ដឹង​ថា…

ខេត្តកំពង់ធំ ៖ ពាក់ព័ន្ធ​នឹង​មុខរបរ​ដាល់អំបុក​លក់ កញ្ញា ដា​លី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​(​ខ​) ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ បាន​រៀបរាប់​ឲ្យ​ដឹង​ថា នាង​មាន​បងប្អូន​ចំនួន​៤​នាក់ ប្រុស​ម្នាក់ ស្រី​បី នាង​ជា​កូន​ទី​ពីរ​ក្នុង​គ្រួសារ ក្រៅពី​រូប​នាង បងប្អូន​ៗ​របស់​នាង​ពួក​គេ​រៀប​ការ​អស់ហើយ​។ នាង​ប្រាប់​ថា​ក្រុម​គ្រួសារ​របស់​នាង ក្រៅពី​ធ្វើស្រែ និង​ចិញ្ចឹម​ជ្រូក​នោះ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ជីវភាព​គ្រួសារ​រស់នៅ​ប្រចាំ​ថ្ងៃ នាង​បាន​ប្រកប​មុខរបរ​ដាល់អំបុក​លក់​បន្ថែម​ទៀត​នៅ​មុខ​ផ្ទះ​របស់​នាង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦។

កញ្ញា ដា លី​ន ប្រាប់​ថា ចំពោះ​ស្រូវ​ដែល​នាង​យក​មក​លីង​ដាល់អំបុក​លក់​រាល់​ថ្ងៃនេះ គឺ​មាន​ម៉ូយ​គេ​ដឹក​យក​មក​ដាក់​ឲ្យ​រាល់ថ្ងៃ​ដល់​ៗ​កន្លែង ទៅ​តាម​តម្រូវការ​ដែល​អ្នកទិញ​កុម្ម​ង់​ឲ្យ​គេ​ដាក់​ឲ្យ ហើយ​ក្នុង​តម្លៃ​ស្រូវ​១​គីឡូ​ថ្លៃ​១៤០០​រៀល យក​មក​លីង​ដាល់អំបុក​រួច​រែង ហើយ​យក​មក​អុំ​បន្ថែម​ឲ្យ​ស្អាត ដាក់​លើ​តុ​លក់ នាង​បន្ថែម​ថា ចំពោះ​តម្លៃ​លក់​នោះ មិន​បាន​ថ្លៃ​ស្មើគ្នា​នោះ​ទេ សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ លក់​បាន​១​កំប៉ុង​តម្លៃ​១០០០​រៀល បើ​លក់​ឲ្យ​អ្នក​ជិះ​តាម​រថយន្ត​ដែល​តែងតែ​មក​ឈប់​ទិញ​បាន​ថ្លៃ​បន្តិច​គឺ​៣​កំប៉ុង​តម្លៃ​៥០០០​រៀល​។ ឆ្លើយ​នឹង​សំណួរ​ដែល​អ្នក​សារព័ត៌មាន​យើង​សួរ​ថា តើ​កញ្ញា​អាច​រក​ចំណូល​បាន​គិត​ជា​មធ្យម​ប៉ុន្មាន​ម៉ឺន​ដែរ​ក្នុង​១​ថ្ងៃ​ៗ​នោះ?

នាង​ហាក់ដូចជា​ប្រែ​ទឹកមុខ​បែរជា​ស្រពោន​បន្តិច រួច​និយាយ​ថា ថ្វី​ត្បិត​តែ​ឥឡូវនេះ មុខរបរ​ដាល់អំបុក​លក់​របស់​នាង មិនសូវ​ជា​ប្រើ​កម្លាំង​មនុស្ស​ច្រើន​នាក់​ដូច​ពី​មុន​ក្តី តាម​រយៈ​នៃ​ការ​កែ​ច្នៃ​មក​ប្រើ​ម៉ាស៊ីន​ជំនួស​កម្លាំង​មនុស្ស​ក៏​ដោយ ពី​មុន​មុខរបរ​ដល់​អំបុក​ប្រើ​មនុស្ស​៣ ទៅ​៤​នាក់ ឥឡូវ​ប្រើ​មនុស្ស​តែ​ម្នាក់​ក៏​ដោយ ក៏​រក​ចំណូល​មិនសូវ​បាន​ដូច​ពី​ពេល​មុន​នោះ​ដែរ​។ នាង​បន្ត​ថា កាលពី​ឆ្នាំ​២០១៩ នាង​ដាល់អំបុក​លក់​អស់​ស្រូវ​ចំនួន​ពីរ​កូន​បេ ស្មើនឹង​ទម្ងន់​៤០​គីឡូ​ក្នុង​មួយ​ថ្ងៃ​ៗ អាច​ចំណេញ​បាន​ប្រាក់​ចាប់ពី​១០​ម៉ឺន​ទៅ​ជាង​១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ៗ ដល់​មក​ដល់​ឆ្នាំ​២០២០​នេះ ចាប់តាំងពី​មាន​ជំងឺ​កូ​វីត​មក ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ ចំណែក​នាង​លក់​អំបុក​ក៏​ពុំ​សូវ​ដាច់​ដូច​ពី​មុន​នោះ​ដែរ ដោយ​ក្នុង​១​ថ្ងៃ​នាង​ដាល់អំបុក​អស់​ស្រូវ​យ៉ាងច្រើន​តែ​១​កូន​បេ ស្មើ​ង​នឹង ២០​គីឡូ អាច​រក​ចំណូល​បាន​តែ​ពី​៤​ទៅ​៥​ម៉ឺន​រៀល​តែ​ប៉​ណ្ណោះ ដោយ​មិន​ទាន់​កាត់ថ្លៃ​ប្រេង​ចាក់​ម៉ាស៊ីន​ផង​។

ចំណែក​លោក បៀ បន អាយុ​៥៥ និង​ប្រពន្ធ​ឈ្មោះ ឈាវ វឿ​ន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​(​ខ​) ដែល​ប្រកប​របរ​ដាល់អំបុក​លក់​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា លោក​មានកូន​ចំនួន​៧​នាក់ ប្រុស​៦​នាក់ ស្រី​ម្នាក់ ប្រាប់​ថា ក្រៅពី​ធ្វើស្រែ​លោក​នឹង​ប្រពន្ធ​ក៏​ដាល់អំបុក​លក់​នឹង​គេ​ដែរ តែ​មិនសូវ​ជា​លក់​ដាក់​ប៉ុន្មាន​នោះ​ទេ ក្នុង​មួយ​ថ្ងៃ​ដាល់អំបុក​អស់​ស្រូវ​មិន​បាន​១​កូន​បេ​ផង បាន​ចំណេញ​ប្រហែល​៣​ទៅ​៤​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ បើ​ចំ​ថ្ងៃ​បុណ្យ​ទាន​ទៅ មនុស្ស​មនា​ដើរ​លេង​ច្រើន គេ​នាំ​គ្នា​ទិញ​អំបុក​ទទួលទាន លោក​លក់ដាច់​អាច​បាន​ចំណេញ​ពី​១០​រៀល​ឡើង​ទៅ​ក្នុង​១​ថ្ងៃ​។

ពាក់ព័ន្ធ​នឹង​មុខរបរ​ដាល់អំបុក​លក់​ខាងលើ លោក អ៊ុ​ន បុត្ត អភិបាលស្រុក​កំពង់ស្វាយ បាន​ឲ្យ​កោះសន្តិភាព ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​ថា មុខរបរ​ដាល់អំបុក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ​របស់​លោក បាន​បង្កើន​ចំណូល​មួយ​ចំណែក​ទៀត​ដើម្បី​បំពេញបន្ថែម​នៅ​ក្នុង​ជីវភាព​គ្រួសារ​របស់​ពួក​គាត់ បើ​ទោះបី​ប្រទេស​ជាតិ​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីត​ក្តី ក៏​ពលរដ្ឋ​ដែល​បាន​ប្រកប​របរ​ដាល់អំបុក​លក់​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គាត់​ធ្ងន់ធ្ងរ​នោះ​ដែរ ហើយ​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ក៏​មាន​គម្រោង​សហការ​ជាមួយនឹង​អាជ្ញាធរ​កោះ​ប្រជុំ​ជាមួយនឹង​ពលរដ្ឋ​ដែល​ប្រកប​របរ​ដាល់អំបុក​លក់​នេះ ឲ្យ​ពួក​លោក​ចងក្រង​ជា​សហគមន៍​ដើម្បី​បង្កើន​គុណភាព​អំបុក នឹង​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ដាក់​លក់​។

លោក ហៀវ វ​ណ្ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ធំ ប្រាប់​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ដាល់អំបុក​លក់​នៅ​ក្នុង​ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ មាន​ចំនួន​ជាង​៨០​គ្រួសារ​តែ​ប៉ុណ្ណោះ ហើយ​ពួក​លោក​ភាគច្រើន​ដាល់អំបុក​សម្រាប់​លក់រាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​មក​ឈប់​សំណ​ត​ទិញ ចំណែកឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​រស់នៅ​ក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន​វិញ​នោះ មាន​ចំនួន​ជាង​១០០​គ្រួសារ ដែល​ប្រកប​របរ​ដាល់អំបុក​លក់​សម្រាប់​បោះ​ឲ្យ​ម៉ូយ​ៗ​ដែល​មក​ទទួល​ទិញ​ពី​ពួក​គាត់​យក​ទៅ​លក់​ចែកចាយ​បន្ត​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ពលរដ្ឋ​ដែល​ប្រកប​របរ​ដាល់អំបុក​លក់​ទាំងអស់​មាន​ប្រហែល​២០០​គ្រួសារ ហើយ​ខាង​មន្ទីរ​របស់​លោក មាន​គម្រោង​ឲ្យ​ពួក​គាត់​បង្កើត​ជា​ក្រុម​សហគមន៍​ឲ្យ​បាន​លឿន​នៅ​ចុងខែ​តុលា ឆ្នាំ​២០២០​នេះ ក្នុង​គោលបំណង​ឲ្យ​ពួក​គាត់​បង្កើន​ពី​គុណភាព​អនាម័យ នឹង​ការ​វេច​ខ្ចប់​អំបុក​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​យក​អំបុក​ពី​ខេត្តកំពង់ធំ​របស់​យើង​ទៅ​តាំងពិព័រណ៍​ប្រឡង​ប្រ​ណាំ​នៅ​ក្នុង​ព្រះរាជ​ពិធី​អំ​ទូក​អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត​ទៅ​ក្នុង​ពេល​ឆាប់​ៗ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕ ដោយ ៖ ថុ​ក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ