ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​កិច្ចការ​ដ៏​ពិសេស​មួយ​លោក ករុណា ពេជ្រ រំលេច​ឡើង​ថ្ងៃ​ដ៏​សំខាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ករុណា ពេជ្រ បើ​ទោះជា​ស្ងប់​បង្ហាញ​វត្តមាន​ចម្រៀង តែ​តារា​ប្រុស​ធ្លាប់​ល្បីឈ្មោះ​រូប​នេះ នៅ​តែ​បង្ហាញ​សកម្មភាព​ជាមួយ​ការងារ​សង្គម​ដែរ​។ លោក​ត្រូវ​បាន​គេ​លើក​សរសើរ​ថា ចិត្ត​អំណត់…

រាជធានី​ភ្នំពេញ ៖ លោក ករុណា ពេជ្រ បើ​ទោះជា​ស្ងប់​បង្ហាញ​វត្តមាន​ចម្រៀង តែ​តារា​ប្រុស​ធ្លាប់​ល្បីឈ្មោះ​រូប​នេះ នៅ​តែ​បង្ហាញ​សកម្មភាព​ជាមួយ​ការងារ​សង្គម​ដែរ​។ លោក​ត្រូវ​បាន​គេ​លើក​សរសើរ​ថា ចិត្ត​អំណត់ ព្រោះ​ជា​កូនប្រុស​ទេ តែ​ខំ​រក​លុយ​ព្យាបាល​ជំងឺ​ឪពុក​ឱ្យ​លោក​កក់ក្តៅ​សឹង​ថា កូនស្រី​ខ្លះ​មិន​ដូច​គាត់​ផង​។ ម្ល៉ោះហើយ ថ្ងៃ​សំខាន់​ករុណា ពេជ្រ​សម្រេច​បង្ហាញ​អ្វី​ល្អ​ៗ​ជួយ​ដល់​សេចក្តី​មេត្តា​។

តារាចម្រៀង ករុណា ពេជ្រ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពេល​បាន​កៀរគរ​អំណោយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​យក​ទៅ​ចែក​ជូន​បងប្អូន​ដែល​រង​គ្រោះ​ដោយសារ​តែ​ទឹកជំនន់​នៅ​ខេត្តកំពង់ស្ពឺ មិន​ទាន់​បាត់​ហត់​ផង ស្រាប់តែ​ប្រកាស​ថា នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ លោក​នឹង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​កុមារ​កំព្រា​បន្ថែម​ទៀត​ទុកជា​កាដូ​សម្រាប់​ខ្លួនឯង​នៅ​ថ្ងៃ​ខួបកំណើត​។

តារាចម្រៀង​រូប​នេះ​បាន​ប្រកាស​ថា ឆ្នាំ​នេះ មិន​បាន​រៀបចំ​កម្មវិធី​ធំដុំ​អ្វី​ទេ ពោល​គឺ​លោក​បាន​ចំណាយ​ថវិកា​សម្រាប់​ជប់លៀង យក​ទៅ​បង្វែរ​មក​ជា​កម្ម​វិធីចែក​អំណោយ​ដល់​កុមារ​កំព្រា​វិញ​ម្តង ព្រោះតែ​លោក​បាន​មើលឃើញ​ថា ការ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក គឺជា​សេចក្តីសុខ​ផ្លូវចិត្ត​ដែល​លោក​ត្រូវ​តែ​ធ្វើ​។

លោក​បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្តាញ​សង្គម​ថា «​រួម​គ្នា ដើម្បី​កំពង់ស្ពឺ ចាស់​ហើយ ចង់​ធ្វើបុណ្យ​… សម្រេចចិត្ត​ក្នុង​ថ្ងៃ​ទី​២០.១០.២០២០ នេះ​តែ​ម្តង​… ឆាប់​ៗ​នេះ​ខ្ញុំ​នឹង​នាំ​សម្ភារៈ ស្បៀងអាហារ អង្ករ និង​ថវិកា​មួយ​ចំនួន ដើម្បី​ចុះ​ផ្ទាល់​ផ្តល់​ជូន​ប្អូន​ៗ​ដែល​ជា​កុមារ​កំព្រា ដែល​កំពុង​រស់នៅ​មណ្ឌលកុមារ​កំព្រា នួន អក ព្រៃ​ជុំ នៅ​ខាងក្រោយ​វត្ត​ព្រៃ​ជុំ ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​… បងប្អូន​អាច​ចូលរួម​ជា​សម្ភារៈ និង​ថវិកា​ជាមួយ​ខ្ញុំបាទ​…»​។

លោក ករុណា ពេជ្រ បាន​ប្រាប់​ថា នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​កុមារ​កំព្រា ម្យ៉ាង​ក៏​ចង់​ធ្វើបុណ្យ​សន្សំ​កុសល​ឱ្យ​បាន​ច្រើន ព្រោះ​មនុស្ស​ម្នាក់​ៗ​មិន​ទៀងទាត់​ពេលវេលា​នោះ​ទេ អ៊ីចឹង​ទាន់​មាន​ពេលវេលា​ឱកាស ត្រូវ​តែ​ចែករំលែក​ឱ្យ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ