ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ទទួល​ស្គាល់​​កីឡាករ​ខ្វះ​វិន័យ និង​ក្រម​សីល​ធម៌

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​ណែនាំ និង​បណ្ដុះបណ្ដាល​យ៉ាងណា​ក៏​ដោយ ក៏​កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ប្រដាល់សេរី ឬ ហៅ​ថា​ប្រដាល់​គុន​ខ្មែរ នៅ​តែ​មាន​បញ្ហា​វិន័យ និង​ក្រម​សីលធម៌​កើតឡើង​ដដែល ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​ណែនាំ និង​បណ្ដុះបណ្ដាល​យ៉ាងណា​ក៏​ដោយ ក៏​កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ប្រដាល់សេរី ឬ ហៅ​ថា​ប្រដាល់​គុន​ខ្មែរ នៅ​តែ​មាន​បញ្ហា​វិន័យ និង​ក្រម​សីលធម៌​កើតឡើង​ដដែល ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ថ្នាក់ដឹកនាំ​កីឡាប្រដាល់​គុន​ខ្មែរ​ក៏​បាន​ទទួលស្គាល់​ផង​ដែរ​។

យោង​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​បាន​ជំរុញ​ឲ្យ កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ​ខិតខំ​ប្រតិបត្តិ​នូវ​វិន័យ ក្រមសីលធម៌ និង​មាន​ឆន្ទៈ​ខ្ពស់​ទាំង​ក្នុង ការ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​ទាំង​ក្នុង​ក្រប​ខណ្ឌ ជាតិ និង​អន្តរជាតិ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​មានការ​ព្រួយបារម្ភ​ដោយសារ​តែ​នៅ​ក្នុង​វិស័យ​ប្រដាល់ គឺ​មាន​កីឡាករ​ដែល​ជ្រក​នៅ​ក្នុង​វិស័យ​មួយ​នេះ នៅ​តែ​មាន​បញ្ហា​ខ្វះ​វិន័យ និង​ឆេវឆាវ ដែល​អាច​និយាយ​បាន​ថា មិន​ទាន់​មាន​ក្រម​សីលធម៌​ក្នុង​ពេល​ឡើង​ប្រកួត​។

លោក​ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធាន សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ទទួលស្គាល់​ថា បើ​ទោះជា​ចាប់ផ្ដើម​មាន​សភាព​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​នៅ​តែ​មាន​កីឡាករ​ប្រដាល់​អាជីព​មួយ​ចំនួន​គ្មាន​ទម្លាប់​ល្អ​ក្នុង​នាម​ជា​កីឡាករ​ដោយ​ខ្លះ​ចុះ​ពី​ប្រកួត​ទៅ​ផឹក ឬ​ដើរ​លេង​បណ្ដាល​ឱ្យ​ការ​ដេក​ពួន​មិន​គ្រប់គ្រាន់ និង​បណ្ដាល​ឱ្យ​ខ្សោយកម្លាំង​ជាដើម ។

លោក​ថា កីឡាករ​ល្អ​ម្នាក់ គឺ​សំខាន់​ណាស់ សម្រាប់​ការ​ថែរក្សា​សុខភាព មាន​របប​អាហារ និង​ត្រូវ​មាន​ពេលវេលា​ហ្វឹកហាត់​ច្បាស់​លាស់ ប្រសិនបើ​គ្មាន​វិន័យ​គឺ​ស្មើនឹង​មិន​មាន​ឆន្ទៈ​ធ្វើ​ជា​កីឡាករ​តាម​ក្បួនខ្នាត ។ លោក​ថា​កីឡាករ​ត្រូវ​មាន​វិន័យ​ជា​មុន ដោយ​ត្រូវ​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ហាត់​ប៉ុន្មាន​ម៉ោង ត្រូវ​ទម្លាប់ខ្លួន​ក្នុង​ការ​រស់នៅ​ដូច​ម្ដេច និង​សំខាន់​ជាងគេ គឺ​ត្រូវ​ដឹង​ថា​ខ្លួនឯង​ត្រូវ​សម្រាក​ប៉ុន្មាន​ម៉ោង ដោយ​មិនមែន​មាន​លុយ​ដើរ​លេង ហើយ​ទាល់តែ​កៀក​ថ្ងៃ​ប្រកួត ទើប​ប្រឹងប្រែង​ហ្វឹកហាត់​នោះ​ទេ​។

ក្នុង​នោះ​សម្រាប់​ក្រមសីលធម៌​វិញ ក៏​លោក​ទទួលស្គាល់​ថា អ្នក​ប្រដាល់​មួយ​ចំនួន​នៅ​មិន​ទាន់​ល្អ​ផង​ដែរ ដោយ​អ្នកខ្លះ​បាន​យក​ការ​ប្រដាល់ ធ្វើ​ជា​សង្វៀន​សងសឹក​គ្នា ខ្លះ​ឌឺដង​គ្នា និង​ខ្លះ​បាន​ទាំង​បង្ហាញ​ភាព​ឆេវឆាវ ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​ក្នុង​នាម​ជា​កីឡាករ​នោះ​ផង ។ លោក​ថា នេះ​គឺជា​រឿង​ប៉ះពាល់ ហើយ​មិនមែន​តែ​កីឡាករ​មិន​ទាន់​ល្បី​នោះ​ទេ ដែល​មាន​បញ្ហា​បែប​នេះ អ្នក​ល្បី​មួយ​ចំនួន ក៏​នៅ​ខ្វះ​ក្រមសីលធម៌​ក្នុង​នាម​ជា​កីឡាករ​ផង​ដែរ ។

លោក​បាន​ផ្តល់​អនុសាសន៍ ឱ្យ​កីឡាករ​ទាំងអស់​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដោយ​ការ​លើក​ឡើង​នេះ គឺ​លោក​បញ្ជាក់​ដដែល​ជា​ដដែល និង​បាន​លើក​ឡើង​ដោយ​សង្កត់ធ្ងន់​ម្ដងទៀត​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​គ្រូបង្វឹក និង កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ កាលពី​ល្ងាច​ថ្ងៃ​ទី ២១ កញ្ញា ២០២០ កន្លង​ទៅ នៅ​ស្នាក់​ការ​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក ឧត្ដមសេនីយ៍ឯក តែម ម៉ឺន បាន​មាន​ប្រសាសន៍​ថា ការ​ប្រតិបត្តិ​វិន័យ ក្រមសីលធម៌ និង​មាន ឆន្ទៈ​ខ្ពស់ ជា​ប្រការ​ដ៏​សំខាន់​បំផុត​របស់​កីឡាករ ជម្រើស​ជាតិ​គុន​ខ្មែរ ដែល​ត្រូវ​តែ​ខិតខំ​ប្រតិបត្តិ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ ជ័យជម្នះ សក្ដិ​សមជា​កីឡាករ​តំណាង​ប្រទេស​ជាតិ ។

លោក​សង្កត់ធ្ងន់​ថា ជា​ក្រុមកីឡា​ករជម្រើសជាតិ​គុន​ខ្មែរ ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​​លើក​ទី​៣១ នៅ ប្រទេស​វៀតណាម នា​ខែវិច្ឆិកា ខាង​មុខ​នេះ ។

ជាមួយនឹង​ការ​ផ្តល់​អនុសាសន៍ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​បាន​ចែក​សម្ភារ​ដល់​កីឡាករ​ជម្រើសជាតិ​ទាំង​៨​នាក់​ម្នាក់​ៗ​ទ​ទូល​បាន​នូវ​ខោ​ប្រដាល់​គុន​ខ្មែរ ២ និង​កាបូប​១ ។ យ៉ាងណា​ក៏​ដោយ​លោក​ទទួលស្គាល់​ថា កីឡាករ​ដែល​មាន​បញ្ហា​បែប​នេះ គឺ​មាន​មិន​ច្រើន​ទៀត​ទេ ។ កីឡាករ​ដែល​បានឮ​ប្រសាសន៍ សុទ្ធតែ​បាន​ប្តេជ្ញា​ចិត្ត គោរព និង​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​របស់ ប្រធាន​សហព័ន្ធ ១០០ ភាគរយ ។ ក្នុង​នោះ កីឡាករ​ដែល​មាន​កង្វះខាត​លើ​ផ្នែក​វិន័យ និង ក្រមសីលធម៌ ក៏​ត្រូវ​បាន​គេ​បញ្ឈរជើង​មិន​ឱ្យ​ប្រកួត​នោះ​ផង ទើប​បញ្ហា​ដែល​បាន​លើក​ឡើង​នេះ កាន់តែ​ត្រូវ​បាន​កាត់​បន្ថយ ។

សូម​បញ្ជាក់​ថា កាលពី​ពី​រស​ប្តា​ហ៍​មុន​លោក​ឧត្ដមសេនីយ៍ឯក​តែម ម៉ឺន បាន​ណែនាំ​ដល់​កីឡាករ​ប្រដាល់​គុន​ខ្មែរ ដែល​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ឆ្នាំ​២០២០ គឺ​កីឡាករ ឡៅ ចិ​ន្ត្រា និង​កីឡាករ យ៉េន ឌី​ណា ដើម្បី​ពង្រឹង​វិន័យ ក្រមសីលធម៌​ប្រកួត​ឲ្យ​សក្ដិ​សមជា​កីឡាករ​ថ្នាក់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ